ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្តាហ៍ក្រោយកម្ពុជា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាកូរ៉េខាងត្បូងក្រោយជាមួយចិនបានចូលជាធរមាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កម្ពុជាគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយទៀតជាមួយកូរ៉េខាងត្បូង ។  ថ្នាក់ដឹកនាំប្រទេសទំាងពីរគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅថ្ងៃអង្គារទី ២៦ ខែតុលា ខាងមុខនេះ ដោយធ្វើតាមប្រព័ន្ធវីដេអូអនឡាញ…

រាជធានីភ្នំពេញ ៖ បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កម្ពុជាគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយទៀតជាមួយកូរ៉េខាងត្បូង ។  ថ្នាក់ដឹកនាំប្រទេសទំាងពីរគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅថ្ងៃអង្គារទី ២៦ ខែតុលា ខាងមុខនេះ ដោយធ្វើតាមប្រព័ន្ធវីដេអូអនឡាញ ។

មន្រ្តីអះអាងបន្ទាប់ពីចុះហត្ថលេខាភាគីទាំងសងខាងត្រូវបំពេញនីតិវីធីផ្ទៃក្នុងរៀងៗខ្លួន ។ សម្រាប់កម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះត្រូវឆ្លងកាត់ការពិនិត្យអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា មុនប្រទានថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា ។ បន្ទាប់ពីនេះ កម្ពុជាត្រូវជូនដំណឹងទៅភាគីកូរ៉េខាងត្បូង ដើម្បីទទួលការឆ្លើយតបនិងដាក់ចេញកិច្ចព្រមព្រៀងជាធរមាន នៅចន្លោះពេលពី ៣០ ទៅ ៩០ ថ្ងៃ ពោលគឺនៅឆ្នាំ ២០២២ ខាងមុខ ។ កម្ពុជារំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងមានការផ្លាស់ប្តូរវិនិយោគទៅវិញទៅមកការស្រូបទាញវិនិយោគពីភាគីកូរ៉េខាងត្បូង ការផ្លាស់ប្តូរបច្ចេកវិទ្យាតាមរយៈការធ្វើវិនិយោគ និងការទទួលបានចំណែកទីផ្សារកាន់តែធំ នៅពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ទើបចូលជាធរមានកាលដើមខែតុលានេះ ។ កម្ពុជាបានចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋប្រជាមានិតចិន (CCFTA) រួចហើយ មូលហេតុអ្វីបានជាកម្ពុជាមិនអាចនាំចេញកសិផលមួយចំនួនទៀតទៅកាន់ប្រទេសចិនបាន ។ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានឆ្លើយសំណួរនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី អនុញ្ញាតឱ្យមានការធ្វើសេរីភាវូបនីយកម្មទីផ្សារផលិតផលកសិកម្មដោយពុំជាប់របាំងពន្ធគយ (Tariff measures) បានជាច្រើនបន្ទាត់ពន្ធ ប៉ុន្តែមិនមានន័យថា ប្រទេសទាំង ២ អាចនាំចេញ នាំចូលទំនិញជាផលិតផលកសិកម្ម ដោយមិនជាប់ជារបាំងមិនមែនពន្ធគយផ្សេងៗទៀតទេ (Non-tariff measures-NTMs) ដែលរួមមានផងដែរនូវរបាំងអនាម័យនិងភូតគាមអនាម័យ ។

លោកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងអនុញ្ញាតឱ្យកម្ពុជាអាចនាំផលិតផលកសិកម្មជាច្រើនមុខចូលទីផ្សារប្រទេសចិនដោយមិនជាប់ពន្ធគយ ក៏ប៉ុន្តែទំនិញជាផលិតផលកសិកម្មទាំងនោះ ត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវខាងស្តង់ដារអនាម័យនិងភូតគាមអនាម័យ និងសុវត្ថិភាពចំណីអាហារ ដែលកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តរបស់ប្រទេសចិន ។ ដូចគ្នានេះដែរ ការនាំទំនិញជាផលិតផលកសិកម្មពីប្រទេសចិនចូលកម្ពុជា ក៏ជាកម្មវត្ថុស្ថិតក្រោមរបបគ្រប់គ្រង អនាម័យនិងភូតគាមអនាម័យស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអនាម័យនិងភូតគាមអនាម័យដែលមានជាធរមាន ។

លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ថាទាំងកម្ពុជា និងប្រទេសចិន មានសិទ្ធិរៀងៗខ្លួនដែលបានផ្តល់ដោយ WTO SPS Agreement ក្នុងការបង្ការទប់ស្កាត់ហានិភ័យចំពោះសុខភាពឬជីវិតមនុស្ស សត្វ និងរុក្ខជាតិក្នុងដែនដីរបស់ខ្លួន ដោយធានាថាផលិតផលកសិកម្ម ដែលនាំចូលក្នុងប្រទេសរបស់ខ្លួន ត្រូវតែស្របតាមស្តង់ដារអនាម័យនិងភូតគាមអនាម័យ និងស្តងដារសុវត្ថិភាពចំណីអាហារដែលកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាតិរៀងៗខ្លួន ។

«ដើម្បីទាញយកនូវផលប្រយោជន៍ឱ្យបានជាអតិបរិមាពីកាលានុវត្តិភាពនេះ បងប្អូនប្រជាកសិករ ផ្នែកឯកជន ជាអ្នកកែច្នៃ វេចខ្ចប់នាំចេញ និងផ្នែកពាក់ព័ន្ធដទៃទៀតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ត្រូវខិតខំផលិត និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគលើការកសាងហេដ្ឋរចនាសម្ព័ន្ធឱ្យបានគ្រប់គ្រាន់ ដើម្បីផលិតនិងកែច្នៃ វេចខ្ចប់ នាំចេញឱ្យស្របតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារគុណភាព សុវត្ថិភាព អនាម័យនិងភូតគាមអនាម័យនៃប្រទេសចិន ដែលជាទីផ្សារដែលមានសក្តានុពលបំផុតសម្រាប់ទំនិញកសិកម្មកម្ពុជា ព្រោះមានអ្នកទិញជាង ១,៤ ពាន់លាននាក់» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ