ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​ធ្វើ​ឱ្យបុរស​ម្នាក់​បាត់​ចំណូល​ទៀងទាត់ និងប្តូរមកដើរ​សំលៀងកាំ.បិ.ត ដើម្បី​ចិញ្ចឹមជីវិតវិញ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ជាមួយ​ថ្មសំលៀង​មួយ​ដុំ ទឹក​បី​បួនដប ដាក់​ក្នុង​កញ្ច្រែង​ជ័រ​មួយ បុរស​វ័យ ៣៨ ឆ្នាំ​ម្នាក់ ត្រូវ​ជិះ​កង់​ដឹក​សម្ភារ សម្រាប់​សំលៀងកាំ.បិ.ត.​នេះ ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ…

រាជធានី​ភ្នំពេញ​៖ ជាមួយ​ថ្មសំលៀង​មួយ​ដុំ ទឹក​បី​បួនដប ដាក់​ក្នុង​កញ្ច្រែង​ជ័រ​មួយ បុរស​វ័យ ៣៨ ឆ្នាំ​ម្នាក់ ត្រូវ​ជិះ​កង់​ដឹក​សម្ភារ សម្រាប់​សំលៀងកាំ.បិ.ត.​នេះ ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​រក​អ្នក​ត្រូវការ​សំលៀងកាំ.បិ.ត. ។ លោក មាស វណ្ណៈ ដែល​មានស្រុក​កំណើត​នៅ​ខេត្តតាកែវ បាន​សម្រេច​ចាប់​យកមុខ​របរ ដើរ​សំលៀងកាំបិត​នេះ​ជាង ១ ឆ្នាំ​ហើយ ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ មក ។ នៅ​មុន​នេះ លោក​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​មួយ​ខាង​ដឹក​អ៊ី​វ៉ា​ន់ ដែល​អាច​រក​ចំណូល​បាន​ក្នុង​មួយ​ខែ ១៥០ ដុល្លារ ប៉ុន្តែ​ពេល​កូ​វី​ដ ១៩ ផ្ទុះ​ឡើង​ក្រុមហ៊ុន​នោះ​បាន​បិទទ្វារ ។

លោក វណ្ណៈ បានឱ្យ​ដឹង​ថា​៖ «​រាល់ថ្ងៃ​ខ្ញុំ​ត្រូវ​ជិះ​កង់​ដើរ​រក​អ្នក​ត្រូវការ​សំលៀងកាំបិត ពូថៅ ពី​តាម​ផ្សារ និង​ផ្ទះ​របស់​គេ ។ បើ​មាន​គេ​សំលៀង ក្នុង​១​ថ្ងៃ អាច​រក​លុយ​បាន​ត្រឹមតែ ១ ម៉ឺន​ទៅ ២ ម៉ឺន​រៀល គ្រាន់​ទិញ​បាយ​ហូប និង​ថ្លៃ​ផ្ទះ​ជួល ក្រៅពី​នោះ​ត្រូវ​សន្សំ​ផ្ញើ​ទៅ​ឱ្យ​ប្រពន្ធ​កូន នៅ​ឯ​ស្រុក​»​ ។

បុរស​វ័យ ៣៨ ឆ្នាំ​រូប​នេះ​ថា​ខ្លួន បាន​ចាក​ចេញពី​ស្រុក​មក​ប្រកប​របរ​ចិញ្ចឹមជីវិត នៅ​ភ្នំពេញ​នេះ ច្រើន​ឆ្នាំ​ហើយ ។ លោក​បាន ជួល​ផ្ទះ​របស់​គេ​ស្នាក់​នៅ​ម្តុំ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ដែល​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ប្រពន្ធ និង​កូនប្រុស អាយុ ១២ ឆ្នាំ​ម្នាក់ ។ លោក​ថា​ជា​រៀងរាល់ថ្ងៃ លោក​តែងតែ​ជិះ​កង់ ដឹក​កញ្ច្រែង​ជ័រ​ផ្ទុក​សម្ភារ​ឧបករណ៍​សម្រាប់​សំលៀងកាំបិត ចេញពីផ្ទះ​ជួល ដើរ​សំលៀងកាំបិត ឱ្យ​គេ​នៅ​ម្តុំ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ និង ទៅ​តាម​កន្លែង​មួយ​ចំនួន​ទៀត នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ ប៉ុន្តែ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ លោក​បាន​សុំ​លោកគ្រូ​នាយក​សាលា​បឋម​សិក្សា អ្នកឧកញ៉ា​មហា​ភក្តី ហ៊ុន នាង ទួល​ទំពូង​២ ដែល​ស្ថិត​នៅ​លើ​បណ្តោយ​ផ្លូវ ២៧១ បាន​ដាក់​ឆ័​ត្រ ធ្វើ​ជា​កន្លែង​អង្គុយ​សំលៀងកាំបិត​ជា​ប្រចាំ ប៉ុន្តែ​លោក​ត្រូវ​ដែល​ប្រមូល​កាំបិត និង​សម្ភារ​ផ្សេង​ៗ​ទៀត ដែល​ត្រូវ​សំលៀង​ពី​ម៉ូយ​តាម​ផ្ទះ​និង​តាម​ផ្សារ ។

លោក មាស វណ្ណៈ​ថា ក្នុង​មួយ​ថ្ងៃ​ៗ​អាច​រក​លុយ បាន​ត្រឹមតែ​ពី ១​ម៉ឺន ទៅ ២​ម៉ឺន រៀល​គ្រាន់​ទិញ​បាយ​ហូប និង​ថ្លៃ​ផ្ទះ​ជួល និង​សល់​តិចតួច​ផ្ញើ​ទៅ​គ្រួសារ​ចាយ​នៅ​ឯ​ស្រុក​កំណើត​ប៉ុណ្ណោះ​។ «​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៧ ព្រឹក​មក ខ្ញុំ​ត្រូវ​ជិះ​កង់​ដើរ​ប្រមូល​កាំបិត​របស់​គេ​ពី​ផ្សារ និង តាម​ផ្ទះ​របស់​គេ បាន​ចាប់ពី ១០ កាំបិត ១៥ កាំបិត ទៅ ២០ កាំបិត មិន​ទៀងទេ អាស្រ័យ​ទៅ​តាម​ថ្ងៃ ថ្ងៃ​ខ្លះ​បាន​តិច ថ្ងៃ​ខ្លះ​បាន​ច្រើន ហើយ​យក​មក​អង្គុយ​សំលៀង​នៅ​ទី​នេះ ដោយ​កាំបិត​មួយ​តម្លៃ ១ ពាន់​រៀល និង​សំលៀង​រួច​ទើប​ដឹក​យក​ទៅ​ឱ្យ​គេ​វិញ និង​រហូត​ដល់​ម៉ោង ៥ ឬ​ម៉ោង ៦​ល្ងាច ទើប​ឈប់​»​ ។

លោក មាស វណ្ណៈ បាន​រៀបរាប់​ថា ដោយសារ​លោក​មិនសូវ​ចេះអក្សរ គ្មាន​ជំរើស​អ្វី​ក្រៅពី​ការងារ ដែល​ប្រើ​កម្លាំង​នោះ​ទេ ទោះបីជា​លោក​ធ្វើការ​ឱ្យ​គេ​កាល​ពេល​មិន​ទាន់​ផ្ទុះ​កូ​វី​ដ ១៩ ក៏​ប្រើ​កម្លាំង​ដែរ គឺ​ត្រូវ​ដឹក​អ៊ី​វ៉ា​ន់​ពេញ​ៗ​មួយ​ថ្ងៃ ។ លោក​ថា​ជីវិត​គ្មាន​អ្វី​ក្រៅពី​ការ​តស៊ូ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ