ធ្វើការនៅថៃ ១០ ឆ្នាំចាញ់តែបោកគេ ងាកមកផ្ញើវាសនាលើចេកចៀន និងនំប៉ោងវិញ!
រាជធានីភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់ មានឈ្មោះថាអ្នកស្រី ចក់ ស៊ីវ និងលោកនឹម អ៊ូញ បាននិយាយថា ពួកគាត់បានធ្វើចំណាកស្រុក ទៅលក់កម្លាំងពលកម្មនៅប្រទេសថៃ…
រាជធានីភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់ មានឈ្មោះថាអ្នកស្រី ចក់ ស៊ីវ និងលោកនឹម អ៊ូញ បាននិយាយថា ពួកគាត់បានធ្វើចំណាកស្រុក ទៅលក់កម្លាំងពលកម្មនៅប្រទេសថៃ…
រាជធានីភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់ មានឈ្មោះថាអ្នកស្រី ចក់ ស៊ីវ និងលោកនឹម អ៊ូញ បាននិយាយថា ពួកគាត់បានធ្វើចំណាកស្រុក ទៅលក់កម្លាំងពលកម្មនៅប្រទេសថៃ អស់រយៈពេលប្រមាណជា ១០ ឆ្នាំមកហើយ ប៉ុន្តែគ្មានសេសសល់ប្រាក់កាក់អ្វីនោះទេ ។ លោកថាជីវិតនៅប្រទេសថៃ ធ្វើការអស់តែកម្លាំង ខាតពេលវេលា និងសឹងតែរកជីវិតមកផ្ទះមិនបានផង ដោយសារពួកគាត់ជួបតែគេបោក កេងប្រវ័ញ្ចកម្លាំងពលកម្ម ពីកន្លែងមួយទៅកន្លែងមួយ ។
នាពេលបច្ចុប្បន្ន អ្នកស្រីចក់ ស៊ីវ ដែល បានរៀបរាប់ថា៖ «ពួកខ្ញុំបានចំណាយកម្លាំងឥតប្រយោជន៍ ត្រូវថៅកែថៃបោកប្រើអត់ឱ្យលុយ បានត្រឹមតែបាយហូបស្ទើរពុំចង់គ្រប់ផង ។ ចុងបញ្ចប់ក៏បាននាំគ្នាត្រឡប់មកស្រុកកំណើតវិញ និងបានចាប់យកមុខរបរលក់ចេកចៀននិងនំប៉ោងវិញ ដើម្បីរកប្រាក់ចិញ្ចឹមជីវិតជួបជុំគ្រួសារ» ។
ប្ដីប្រពន្ធអ្នកទាំងពីរបានឈប់ធ្វើជាពលករ ហើយវិលត្រឡប់មកពីប្រទេសថៃវិញ រួចបានចាប់យកមុខរបរនេះ បានរយៈពេលជាង ១ ឆ្នាំកន្លងមកហើយ ដោយពីមុនពួកគាត់បានដាក់លក់ នៅមុខវិទ្យាល័យកំបូល ។ ប៉ុន្តែពេលនេះបានផ្លាស់មកលក់នៅលើដីវាលមួយកន្លែងនៅជិតភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូលវិញ ហើយកាក់កបអាចរកប្រាក់បានគ្រាន់បើ មិនដូចជាពេលធ្វើជាពលករចំណាកស្រុកឡើយ ។
ពីរនាក់ប្តីប្រពន្ធនេះ មានកូនស្រី ២ នាក់នៅក្នុងបន្ទុក មានស្រុកកំណើតមកស្រុកទូកមាស ខេត្តកំពត ។ បច្ចុប្បន្នពួកគាត់ស្នាក់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ របរលក់ចេកចៀននិងនំប៉ោង របស់ពួកគាត់មិននៅនឹងមួយកន្លែងនោះទេ គឺត្រូវដើរលក់ ចល័តពីកន្លែងមួយទៅកន្លែង ដោយបានចេញលក់ពីព្រឹករហូតដល់ល្ងាចទើបត្រឡប់ទៅផ្ទះវិញ។
អ្នកស្រី ស៊ីវ បានបន្តថា៖ «ក្នុង១ថ្ងៃលក់ចេកចៀនអស់ ១០ ស្និត បូករួមនិងនំប៉ោងមួយចំនួនផងដែរ ។ ខ្ញុំអាចចំណេញប្រមាណ ៥ ម៉ឺនរៀលនៅរៀងរាល់ថ្ងៃ» ។
ស្ត្រីខាងលើបញ្ជាក់ថា ក្រៅពីលក់ចេកចៀននេះគ្រួសារគាត់ ពិសេសស្វាមីត្រូវឡើងទៅធ្វើស្រែទៀត នៅពេលដល់រដូវដាំដុះ គ្រាន់ទុកហូប និងមិនខ្វល់ខ្វាយពីរឿងស្រូវអង្កររកលុយ គឺទិញតែម្ហូបប៉ុណ្ណោះ ។
អតីតពលករចំណាយស្រុក ថាពេលពួកគាត់ទៅលក់កម្លាំងនៅប្រទេសថៃ ស្វាមីធ្វើជាកម្មករសំណង់ ចំណែកគាត់ធ្វើជាកម្មការិនីរោងចក្រ ។ «ប៉ុន្តែរយៈពេល១០ឆ្នាំគ្មានសល់លុយទេ ព្រោះពេលខ្លះត្រូវថៅកែ និងមេការបោកប្រើទទេៗ អត់ឱ្យលុយតែម្ដង ហើយកម្មករនៅស្រុកគេ យើងលំបាករកការជួយអន្តាគមន៍ណាស់ គេមិនឱ្យលុយមិនដឹងធ្វើមេចទេ ។ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែយ៉ាប់ទៅៗ ទើបសម្រេចចិត្តមកស្រុកវិញ»។
ទោះបីចំណូលពីការលក់ដូរមិនច្រើនប៉ុន្តែអ្នកស្រី ចក់ ស៊ីវ ថាគាត់មានសេចក្តីសុខ និងសប្បាយរីករាយ ដែលបានធ្វើការរកទទួលទាន នៅក្នុងប្រទេសខ្លួនជួបជុំគ្រួសារ មិនដូចនៅប្រទេសគេ ដែលលំបាកសព្វគ្រប់ ។ ស្ត្រីកូនពីររូបនេះអះអាងថា គាត់នឹងមិនធ្វើចំណាកស្រុកទៀតនោះឡើយ ៕
ចែករំលែកព័តមាននេះ