ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់ដូរនៅកែប អាចរកចំណូលបានពីអ្នកទេសចរ

2 ឆ្នាំ មុន
  • កែប

ខេត្តកែប ៖ កែបជាតំបន់ទេសចរណ៍មានសក្តានុពល និងបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឲ្យទៅទស្សនាជាហូរហែទោះក្នុងពេលកូវីដ ១៩ រាត ត្បាតក្តី ពិសេសមួយរយៈចុងក្រោយដែលស្ថានការណ៍បានប្រសើរឡើងនោះ ដែលធ្វើឲ្យអ្នកលក់ដូរនៅទីនោះសប្បាយរីករាយអាចទទួលចំណូលចិញ្ចឹមគ្រួសារ ។…

ខេត្តកែប ៖ កែបជាតំបន់ទេសចរណ៍មានសក្តានុពល និងបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឲ្យទៅទស្សនាជាហូរហែទោះក្នុងពេលកូវីដ ១៩ រាត ត្បាតក្តី ពិសេសមួយរយៈចុងក្រោយដែលស្ថានការណ៍បានប្រសើរឡើងនោះ ដែលធ្វើឲ្យអ្នកលក់ដូរនៅទីនោះសប្បាយរីករាយអាចទទួលចំណូលចិញ្ចឹមគ្រួសារ ។ អាជីវករលក់គ្រឿងសមុទ្រក្នុងផ្សារក្តាមម្នាក់បានឲ្យដឹងថា ចំនួនភ្ញៀវទៅកម្សាន្តខេត្តកែបមានចំនួនច្រើននៅក្នុងឱកាសបុណ្យជាតិ និងថ្ងៃចុងសប្តាហ៍ ដែលក្នុងផ្សារមានភាពអ៊ូរអរ រថយន្ត ម៉ូតូ ត្រៀបត្រាពេញផ្លូវ ហើយលោកស្រីអាចលក់ដូរបានច្រើនដូចគ្នា ដោយមួយថ្ងៃអាចលក់បានយ៉ាងតិច ១ ទៅ ២ លានរៀលឯណោះ មិនដូចថ្ងៃធម្មតាទេ ។ 

ចំណែកលោក សាន ណាង អាយុ ៣៨ ឆ្នាំ ជាអ្នកលក់វត្ថុអនុស្សាវរីយ៍ជាង ១០ ឆ្នាំមកហើយ នៅឆ្នេរកែបបានរៀបរាប់ដោយក្តីរីករាយថា តាំងពីបុណ្យភ្ជុំបិណ្ឌមកលោកអាចរកចំណូលបានគ្រាន់បើ ហើយឥឡូវភ្ញៀវបុកទៅលេងច្រើន នៅថ្ងៃសុក្រ សៅរ៍ អាទិត្យដែលលោកអាចលក់ដាច់គួរសម ក្នុងមួយថ្ងៃអាចរកបានពី ៨០ ម៉ឺន ទៅ ១ លានរៀល ។ ដោយឡែកសម្រាប់ថ្ងៃធម្មតាវិញ ថ្ងៃខ្លះលក់មិនបាន ៣០ ម៉ឺន ឬជួនអង្គុយតាំងពីព្រឺកទល់ល្ងាចមិនរួចម្ហូបផងក៏មាន ។ 

ចំណែកអ្នកស្រី ខន ម៉ាច មានស្រុកកំណើតនៅខេត្តព្រៃវែង ជាអ្នកលក់ស្ករសំឡី និងទឺកអំពៅនៅឆ្នេរកែប ជាង ៤ ឆ្នាំក៏មិនខុសពីលោក ណាង ដែរ ចំពោះថ្ងៃធម្មតាខ្ញុំអាចរកចំណូលបានត្រឹម ៥-៦ ម៉ឺនប៉ុណ្ណោះ តែថ្ងៃចុងសប្តាហ៍ និងឱកាសបុណ្យជាតិផ្សេងៗ ជាក់ស្តែងដូចពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះពេញមូយសប្តាហ៍ មានអ្នកដំណើរមកលេងច្រើន ដែលធ្វើឲ្យអ្នកស្រីអាចលក់ដាច់ជាងសព្វដង ដោយមួយថ្ងៃរកចំណូលបានជាង ២០ ម៉ឺនជាងដែរ ។ អ្នកស្រី ខន ម៉ាច បញ្ជាក់ទាំងញញឹម ។ 

លោក ចាន់ ឆោម អាយុជាង ២៦ ឆ្នាំ និងភរិយា មានលក់កំពឹសបំពងម្សៅក្តៅៗ ស្រួយស្រឹប លើរទេះតាមបណ្តោយផ្លូវឆ្នេរកែប ក៏បានលើកឡើងដែរថា ខ្ញុំលក់នៅទីនេះជាង ១០ ឆ្នាំមកហើយ ធម្មតាកាលណាមានភ្ញៀវមកលេងច្រើន ទាំងលោកនិងអាជីវករផ្សេងទៀតអាចរកចំណូលបានច្រើនតាមនិងដូចគ្នា ដោយក្នុងមួយថ្ងៃៗខ្ញុំអាចលក់បានជាង ៣០ ម៉ឺន ចំណេញតិចតួច គ្រាន់ទប់ទល់ជីវភាពប្រចាំថ្ងៃដែរ ។

ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ ៖ ចុងសប្ដាហ៍៣ថ្ងៃនេះ ភ្ញៀវទេសចរចេញដើរកម្សាន្តមានជិត ១៤ ម៉ឺននាក់ ។ រយៈពេល ៣ ថ្ងៃ ចុងសប្តាហ៍មុន គឺថ្ងៃទី ១៥-១៧ ខែតុលា ឆ្នាំ ២០២១ មានភ្ញៀវទេសចរ ១៣៨,០៩៩ នាក់ ចេញដើរលេងក្នុងស្រុក នៅក្នុងនោះមានចំនួន  ៧,១៣៦ នាក់ បានទៅកម្សាន្ត ខេត្តកែប ។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា បើទោះបីថ្ងៃឈប់សម្រាករយៈពេលយូរនៃពិធិបុណ្យភ្ជុំបិណ្ឌបានកន្លងផុត ចរន្តភ្ញៀវទេសចរផ្ទៃក្នុងទៅកាន់គោលដៅទេសចរណ៍នានានៅតែមានសកម្មភាពគួរកត់សម្គាល់ ។

លោកថា មន្ទីរទេសចរណ៍រាជធានី-ខេត្ត នៅតែបន្តខិតខំផ្សព្វផ្សាយ និងចុះវាយតម្លៃមូលដ្ឋានអាជីវកម្មស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់សេវានានាដែលក្រសួងទេសចរណ៍បានដាក់ចេញកន្លងមក ខណៈដែលការចូលរួម និងយល់ដឹងរបស់ភ្ញៀវទេសចរក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ កាន់ តែមានភាពល្អប្រសើរ ពិសេសតាមរយៈការបង្ហាញកាតចាក់វ៉ាក់សាំងនៅពេលចូលរមណីយដ្ឋានជាដើម ។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក៏បានកំពុងរៀបចំ និងដាក់ចេញនាពេលឆាប់ៗនេះនូវវិធានសុវត្ថិភាពទេសចរណ៍ និង SOP សម្រាប់សេវាសំខាន់ៗផ្សេងទៀតផងដែរ ៕ ដោយ ៖ សាទ ស្រីណែត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ