ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ជើង​ចាស់​៥​ជំនាន់​លោកយាយ ដួង តារា ប្រាថ្នា​ចង់បាន​ផ្ទះ​តូច​មួយ​សម្រាប់​ជីវិត​ចុង​ក្រោយ

2 ឆ្នាំ មុន
  • ភ្នំពេញ

សិល្ប​ការិនី​ភាពយន្ត​ប្រាំ​ជំនាន់ និង​ជា​ភរិយា​ទី​១ របស់​លោក​ណុ​ប​ណែម គឺ​លោក​យាយ ដួងតារា កំពុង​រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ​គ្មាន​ទីពឹង ខណៈ​លោក​យាយ​​សុំ​តែ​ជម្រក​តូច​មួយ​រស់នៅ​ក្នុង​ជីវិត​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ​

រាជធានី​ភ្នំពេញ ៖ សិល្ប​ការិនី​ភាពយន្ត​ប្រាំ​ជំនាន់ និង​ជា​ភរិយា​ទី​១ របស់​លោក​ណុ​ប​ណែម គឺ​លោកយាយ ដួងតារា កំពុង​រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ​គ្មាន​ទីពឹង ខណៈ​លោកយាយ​សុំ​តែ​ជម្រក​តូច​មួយ​រស់នៅ​ក្នុង​ជីវិត​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ​។

យោង​តាម​ការ​ជូនដំណឹង​របស់​ក្រុមព្រះ​សុរិយា បានអោយ​ដឹង​ថា លោកយាយ ដួង តារា ឆ្នាំ​នេះ​មាន​អាយុ​៨២​ឆ្នាំ​ហើយ កំពុង​រស់​នៅ​ក្នុង​ជីវភាព​ខ្វះខាត​លំបាក​ជា​ខ្លាំង នៅ​ខណៈ​ដែល​មិត្ត​សិល្បករ​ដូច​គ្នា និង​មហាជន​មួយ​ចំនួន​បាត់​ដំណឹង​លោកយាយ​ឈឹង ក្រោយ​ពេល​ដែល​លោកយាយ​ធ្លាប់ខ្លួន​ឈឺ​មិន​អាច​បំរើ​សិល្បៈ​បាន ហើយ​ជីវិត​លោកយាយ​កាន់តែ​ដុនដាប​ទៅ​ៗ ក្រោយ​ពី​កូនស្រី​បង្កើត​ជាទី​ពឹង​តែ​មួយ​គត់​របស់​លោកយាយ​ក៏​លាចាក​លោក​ទៅ​ដោយសារ​ជំងឺមហារីក​។

តាម​ការ​ជូនដំណឹង​របស់​ក្រុមព្រះ​សុរិយា បានអោយ​ដឹង​បន្ត​ថា ជីវិត​លោកយាយ​កាន់តែ​លំបាក​ៗ​ទៅ លោកយាយ​ធ្លាប់ខ្លួន​រស់នៅ​ជាមួយ​អ្នក​សប្បុរស​ម្នាក់​ដែល​រាប់អាន​គ្នា​តាំងពី​ក្នុង​របប​ខ្មែរក្រហម ហើយ​បន្ទុកគ្រួសារ​បាន​ធ្លាក់​ទៅ​លើ​ចៅស្រី​តែ​មួយ​គត់​របស់​លោកយាយ ដែល​កំពុង​ជាប់​សិក្សា​នៅឡើយ​។

តាម​ការ​ជូនដំណឹង​របស់​ក្រុមព្រះ​សុរិយា បានអោយ​ដឹង​ទៀត​ថា ដោយ​បានដឹង​ពី​ទុក្ខ​លំបាក​របស់​លោកយាយ​យ៉ាង​ដូច្នេះ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ លោក​ជំទាវ សុខ ស៊ី​ថន អនុប្រធាន​កិត្តិយស​នៃ​ក្រុមព្រះ​សុរិយា លោក យាង វ​ណ្ឌី ប្រធាន​ក្រុមព្រះ​សុរិយា វី​រៈ វ៉ា​រ៉ា​នី អនុប្រធាន​ក្រុមព្រះ​សុរិយា និង​លោក ជា វ​ណ្ណា តំណាង​ក្រុមហ៊ុន ព្រមទាំង​ក្រុមការងារ បាន​មូលមតិ​គ្នា​នាំ​យក​អំណោយ​មួយ​ចំនួន​ដូច​ជា អង្ករ​១​ប៉ាវ ៥០​គីឡូក្រាម​, ទឹក​សុទ្ធ​, ទឹក​សណ្តែក​, ទឹក​ផ្លែ​ឈើ​, មី​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, សាប៊ូ​លាងចាន​, សាប៊ូ​បោក​ខោអាវ ព្រមទាំង​ថវិកា​ចំនួន​៦០​ម៉ឺន​រៀល​ទៅ​ជូន​លោកយាយ​ដោយ​ផ្ទាល់​នៅ​ភូមិ​បាក់​ចិ​ញ្ជៀ​ន ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ក្នុង​ជំនួប​នេះ លោកយាយ​បាន​សម្តែង​អារម្មណ៍​រំភើប​រីករាយ​លាយ​ជាមួយ​អារម្មណ៍​ក្តុកក្តួល​អួលអាក់ ទឹកភ្នែក​ហៀ​ហូរ​។ លោកយាយ​ចង់ទៅ​សម្តែង​ភាពយន្ត​បន្ត តែ​ដោយសារ​ជំងឺ​មិន​អាច​ធ្វើ​អោយ​លោកយាយ​ទៅ​បាន​។ បំណង​ក្នុង​ជីវិត​ចុង​ក្រោយ​លោកយាយ គឺ​ចង់​សុំ​តែ​កូន​ផ្ទះ​តូច​មួយ​ប៉ុណ្ណោះ​ដើម្បី​រស់នៅ ដោយ​លោកយាយ​មិន​ចង់បាន​អ្វី​ច្រើន​ទេ​។ ក្រុមព្រះ​សុរិយា ក៏​សូម​អំពាវនាវ​យ៉ាង​ទទូច​សុំ​សប្បុរសជន​ខ្មែរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ទាំងអស់​មេត្តា​ជួយ​លោកយាយ​តាម​កម្លាំង​សទ្ធា​តិច​ក្តី​ច្រើន​ក្តី តាម​រយៈ​ចៅស្រី​បង្កើត​របស់​លោកយាយ​ឈ្មោះ យ៉ា រ៉េ​ត 0967111406 ឬ​តាម​គណនី ABA លេខ 000710640 PICH MAKARED​។

គួរ​បញ្ជាក់​ថា លោកយាយ ដួងតារា ដែល​គេ​ស្គាល់​នាម​ថា លោកស្រី ណុ​ប​ណែម បាន​ចូល​បំរើ​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​តាំងពី​ដើម​ទស​វត្ស​៦០ ក្នុង​ខ្សែភាពយន្ត​ដំបូង​រឿង «​រលក​វាសនា​»​។ នៅ​ពេល​នោះ លោកយាយ​ក៏​បាន​រួមមេត្រី​ភាព​ស្នេហា​ជាមួយ​តារាភាពយន្ត​ណុ​ប ណែម ដោយ​កូនប្រុស​ស្រី​ពីរ​នាក់​រួម​គ្នា​។ លោកយាយ​បាន​សម្តែង​ភាពយន្ត​ជា​ច្រើន​ដូច​ជា រឿង «​សព្វ​សិទ្ធិ​» រឿង «​លោហិត​វាសនា​» រឿង «​ប្រហារ​ដួងចិត្ត​» រឿង «​តិក​ឆេ​ង​» រឿង «​ស៊ី​យិ​ន​គុយ​» និង​រឿង «​កន្សែង​ស្លា​ដក​» ជាដើម​។

គួរ​បញ្ជាក់​ទៀត​ថា ក្រោយ​របប​ខ្មែរក្រហម លោកយាយ​វិល​មក​បំរើ​វិស័យ​សិល្បៈ​ភាពយន្ត​វិញ ហើយ​ក៏​មានឈ្មោះ​ល្បីល្បាញ​ម្តងទៀត​។ ជា​អកុសលកម្ម កូន​ៗ​ដែល​ជា​តំណក់ឈាម​របស់​តារាភាពយន្ត​ណុ​ប ណែម ទាំង​ពីរ​រូប​នោះ បាន​បាត់​ស្រមោល​ពី​ផែនដី​នេះ​ទៅ​ហើយ ដោយ​កូនប្រុស​ច្បង​ឈ្មោះ ណុ​ប​ណែម វី​រៈ បាន​បាត់​ដំណឹង​សូន្យឈឹង​ជាង​១០​ឆ្នាំ​មក​ហើយ ក្រោយ​ពី​ទៅ​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ថៃ ដែល​លោកយាយ​គិត​ថា រូបគេ​ប្រាកដជា​ស្លា​.​ប់​ជា​មិន​ខាន ហើយ​កូនស្រី​ទី​២ ឈ្មោះ ណុ​ប​ណែម ចរិយា ក៏​លាចាក​លោក​ទៅ​កាលពី​ឆ្នាំ​២០២០ ដោយសារ​ជំងឺមហារីក​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ