ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខេត្តតាកែវ កំពុង​ស្រាវជ្រាវ​រក​ជនល្មើស ករណី​ហិ.ង្សា​រលើ​អ្នក​សារព័ត៌មាន នៅ​កន្លែង​លួច​ជល់​មាន់

2 ឆ្នាំ មុន

ខេត្តតាកែវ ៖ ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន ករណី​អំពើ​ហិង្សា​រវាង​ក្រុម​អ្នក​ជល់​មាន់ ជាមួយ…

ខេត្តតាកែវ ៖ ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន ករណី​អំពើ​ហិង្សា​រវាង​ក្រុម​អ្នក​ជល់​មាន់ ជាមួយ ក្រុម​អ្នក​សារព័ត៌មាន នៅ​ភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។

ករណី​អំពើ​ហិង្សា កើតឡើង​កាលពី​វេលា​ម៉ោង​១៤ និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ បង្ក​ឡើង​ដោយ​ជនសង្ស័យ​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ ជា​ក្រុម​ដែល​ទៅ​លួចលាក់​ជល់​មាន់ នៅ​ចំណុច​ព្រៃ​ខាងលិច​ភូមិ​ត្បែង ឆ្ងាយ​ពី​ទីប្រជុំជន ដែល​នៅ​ជាប់​ព្រំប្រទល់​ជាមួយ​ភូមិ​ជន្លង់ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ករណី​ខាងលើ បណ្តាល​ឲ្យ​រង​របួស​ជន​រង​គ្រោះជា​អ្នកកាសែត​ចំនួន ០២​នាក់​រួម​មាន ទី​១​ឈ្មោះ សិត ឡូត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​នៅ​ភូមិ​ខ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ​ជា​ចាងហ្វាង​គេហទំព័រ តេ​ជោ សន្តិភាព រង​របួសស្រាល បាត់បង់​ទ្រព្យសម្បត្តិ រួម​មាន ៖ ទូរ​សព្ទ​០៤​គ្រឿង ចិញ្ចៀនមាស ០១​វង់ ទម្ងន់​០៥​ជី ប្រាក់​ដុល្លារ ៧៥៨​ដុល្លារ ប្រាក់​រៀល​ចំនួន ២៥​ម៉ឺន​រៀល និង​ទី​២​ឈ្មោះ សោម រ៉​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​នៅ​ភូមិ​ត្រពាំង​ថ្លឹង​ទី​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រង​របួសស្រាល មុខរបរ​អ្នក​សារព័ត៌មាន រស្មី​ស្ទឹង​ត្រង់ បាត់បង់​ទ្រព្យសម្បត្តិ​រួម​មាន ៖ ទូរ​សព្ទ​ដៃ ០២​គ្រឿង និង​ខ្សែ​ក​ប្រាក់ ០១​ខ្សែ ។

សូម​រំលឹក​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​អំពី​ករណី​លួចលាក់​ប្រមូលផ្តុំ​ជល់​មាន់ នៅ​ទីតាំង​ខាងលើ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​បញ្ជា​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី រួម​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក ដឹកនាំ​ដោយ​លោក​អភិបាលស្រុក​បាទី ចុះ​ធ្វើការ​បង្ក្រាប​ភ្លាម​ៗ លុះ​នៅ​វេលា​ម៉ោង​១៧ និង​៣០​នាទី ទើប​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ខាងលើ ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង និង​បន្ត​ស្រាវជ្រាវ កំណត់​មុខសញ្ញា​ជនល្មើស ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

ក្នុង​រយៈពេល​ដែល​កម្លាំង​សមត្ថកិច្ច កំពុង​មមាញឹក ក្នុង​យុទ្ធនាការ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ មិន​ត្រឹមតែ​ក្នុង​មូលដ្ឋាន​ស្រុក​បាទី​នោះ​ទេ ពោល​គឺ​ទូ​ទាំង​ខេត្តតាកែវ ក្រុម​អ្នក​ដែល​ញៀន​នឹង​ល្បែងស៊ីសង​ជល់​មាន់ បាន​ប្រមូលគ្នា លួចលាក់ ណាត់​ភ្នាល់​គ្នា​បញ្ជល់មាន់ នៅ​តាម​ទីកន្លែង​ដាច់​ស្រយាល ឆ្ងាយ​ពី​ទីប្រជុំជន ដែល​មាន​ភូមិសាស្ត្រ ងាយស្រួល​រត់គេច ពេល​ដែល​សមត្ថកិច្ច​កិច្ច​ចុះ​បង្ក្រាប​ម្តង​ៗ ។

ជាក់ស្តែង​នៅ​ទីតាំង​ខាងលើ​ជាដើម គឺ​នៅ​កណ្តាល​ព្រៃ ផ្លូវ​ចូល​ក៏​ស្ងាត់ មាន​ចម្ងាយ​ឆ្ងាយ​ពី​ទីប្រជុំជន​ភូមិ​ត្បែង ដែល​ជា​តំបន់​នៅ​ជិត​ព្រំប្រទល់​រវាង​ស្រុក​បាទី ខេត្តតាកែវ ជាមួយ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​នៅ​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប ក្រុម​អ្នក​ជល់​មាន់​ទាំងនោះ​ដឹងខ្លួន​មុន គេចខ្លួន​អស់ពី​កន្លែង​ជល់ ហើយ​ការ​លួចលាក់​ណាត់គ្នា ជល់​មាន់​នេះ​ទៀត​សោត គឺ​តែង​ចល័ត ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មិន​មាន​ទីតាំង ឬ​សង្វៀន​ច្បាស់លាស់ គ្មាន​អ្នកគ្រប់គ្រង​ពិតប្រាកដ ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​កំណត់​មុខសញ្ញា និង​ពិបាក​ពេល​ចុះ​បង្ក្រាប មួយវិញទៀត កម្លាំង​ជំនាញ​សង្កេត​ឃើញ​ថា នៅ​រាល់ពេល​មានការ​ណាត់គ្នា​ជល់ ក្រុម​នេះ គឺ​មាន​អ្នក​ចាំ​មើល​នៅ​តាម​ផ្លូវ​ចូល​ទៅ​កន្លែង​ជល់​តែ​ម្តង ដើម្បី​ផ្តល់​ដំណឹង​ទៅ​អ្នក​កំពុង​ភ្នាល់​គ្នា ខាងក្នុង​ឲ្យ​រត់គេច​ខ្លួន បាន​ទាន់​ពេលវេលា ។

ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​គេហទំព័រ​សារព័ត៌មាន អន​ឡាញ​នានា ក៏​ដូច​ជា​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​តែងតែ​សហការ​ផ្តល់​ព័ត៌មាន មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ (​តាម​រយៈ ឆាត​, ការ​ខ​មិន​) នៅ​លើ​ទំព័រ​ផេ​ក​ហ្វេ​ស​ប៊ុ​ក និង​តាម​រយៈ​លេខ​ទូរស័ព្ទ ប្រចាំ​បញ្ជា​២៤​ម៉ោង លើ​២៤​ម៉ោង (០៩៧ ៧៧៨ ០០០៥) របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដែល​ជា​ហេតុ ធ្វើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​មាន​ចំណាត់ការ​ស្រាវជ្រាវ​បង្ការ បង្ក្រាប ព្រមទាំង​ដោះស្រាយ​សំណូមពរ​ផ្សេង​ៗ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា និង​រង់ចាំ​ទទួល​ការ​បំភ្លឺ ជូន​ជា​និច្ច ចំពោះ​បញ្ហា​អវិជ្ជមាន​ទាំងនេះ ជូន​បណ្តាសារ​ព័ត៌មាន បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ និង​ទទួលយក​នូវ​ការ​រិះគន់ ក្នុង​ន័យ​ស្ថាបនា ដើម្បី​ចូលរួម​បម្រើ​ផលប្រយោជន៍ ជូន​ប្រជាពលរដ្ឋ និង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ