ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​អាកាសធាតុ​នៅ​មណ្ឌលគិរី ត្រជាក់​ផង ភ្លៀង​ធ្លាក់​ជាប់​រហូត

2 ឆ្នាំ មុន
  • មណ្ឌលគិរី

អស់​រយៈពេល​ពេញ​មួ​យស​ប្តា​ហ៍​នៅ​ខេត្តមណ្ឌលគិរី បាន​ទទួល​រង​អាកាសធាតុ​ត្រជាក់ និង​មាន​ភ្លៀង​ធ្លាក់​ជាប់​ជា​ប្រចាំ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពិបាក​ចេញដំណើរ​ប្រកប​របរ​

ខេត្តមណ្ឌលគិរី ៖ អស់​រយៈពេល​ពេញ​មួ​យស​ប្តា​ហ៍​នៅ​ខេត្តមណ្ឌលគិរី បាន​ទទួល​រង​អាកាសធាតុ​ត្រជាក់ និង​មាន​ភ្លៀង​ធ្លាក់​ជាប់​ជា​ប្រចាំ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពិបាក​ចេញដំណើរ​ប្រកប​របរ​ចិញ្ចឹមជីវិត​។

យោង​តាម​សេចក្តី​ប្រកាស​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ព្យាករណ៍​ថា ប្រទេស​កម្ពុជា រួម​មាន​ខេត្តមណ្ឌលគិរី​ផង​នោះ នឹង​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ព្យុះ KOMPASU 2118 ក្នុង​កម្រិត​មធ្យម នៅ​ថ្ងៃ​ទី​១៣-១៥ ខែតុលា ។ ជាក់ស្ដែង​លក្ខណៈ​បែប​នេះ បាន​ធ្វើ​ឲ្យ​ខេត្តមណ្ឌលគិរី ជា​ពិសេស​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​អូរ​រាំង ដែល​ស្ថិត​នៅ​តំបន់​ខ្ពស់​ជាងគេ​នោះ មាន​ភ្លៀង​ធ្លាក់​មិន​ឈប់​ឈរ ប៉ុន្តែ​កម្រិត​ទឹកភ្លៀង​មិន​ខ្លាំង​ទេ ហើយ​ក៏​ពុំ​មាន​បាតុភូត​ផ្គរ​រន្ទះ ឬ​ខ្យល់​កន្ត្រាក់​នោះ​ដែរ ។

បន្ទាប់​ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បញ្ចប់ ខេត្តមណ្ឌលគិរី​ស្ទើរតែ​ពុំ​មាន​ពេល​បើក​ថ្ងៃ​ស្រឡះ​ល្អ​ទេ គឺ​មាន​ភ្លៀង​ធ្លាក់​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង ចំណែក​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១​នេះ ផ្ទៃមេឃ​អាច​បើក​ថ្ងៃមួយ​រយៈពេល​ខ្លី​នឹង​មាន​ពពក​ខ្មៅ​បាំងបិទ​ជា​ថ្មី ព្រមទាំង​មាន​ភ្លៀងរលឹម​ផង​ដែរ ។ សម្រាប់​ខេត្តមណ្ឌលគិរី មិនមែន​ទើបតែ​ទទួល​សម្ពាធ​អាកាសធាតុ​ម្ដងនេះ​ទេ គឺ​ប្រហែល​១​ខែ​ចុង​ក្រោយ មាន​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ និង​ទទួល​រង​សម្ពាធ​បរិយាកាស​អួរ​អ័ព្ទ​ជា​បន្តបន្ទាប់ ។

បើ​តាម​ការ​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បន្ទាប់​ពី​ឥទ្ធិពល​ពី​ជ្រលង​នៃ​ព្យុះ KOMPASU រសាត់​ផុត​ទៅ នឹង​មាន​ឥទ្ធិពល​មូសុង​និរតី​ខ្លាំង និង​ប្រព័ន្ធ​សម្ពាធ​ទាប ព្រមទាំង​ទ្រនុង​សម្ពាធ​ខ្ពស់​ចិន​រំកិល​ចុះ​ក្រោម​ដល់​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​បន្ថែម​ទៀត នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​សីតុណ្ហភាព​ធ្លាក់​ចុះ​ទាប​អូស​បន្លាយ​ដល់​ថ្ងៃ​ទី​១៩ ខែតុលា​ខាង​មុខ ។

តំបន់​ប្រជុំភ្នំ​នៃ​ខេត្តមណ្ឌលគិរី នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ជា​ច្រើន​ថ្ងៃ​បែប​នេះ ក៏​បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ខ្លះ​ដែរ ព្រោះ​មណ្ឌលគិរី មាន​សណ្ឋាន​ដីក្រហម​ស្អិត និង​មាន​ស្ថានភាព​រអិល​ពេល​ធ្វើ​ដំណើរ ដូច​នៅ​តំបន់​ជាយ​ខេត្ត ឬ​ក៏​តំបន់​ជនបទ ដែល​ពុំ​ទាន់​មាន​ផ្លូវ​កៅស៊ូ​ប្រើប្រាស់ ប្រាកដជា​ពិបាកធ្វើ​ដំណើរ​មក​ក្រុង​សែន​មនោ​រម្យ ដើម្បី​ទិញ​ស្បៀងអាហារ ឬ​សម្ភារៈ​ផ្សេង​ៗ ព្រោះ​ផ្លូវ​នឹង​រអិលខ្លាំង អាច​ជាប់ផុង​ធ្វើ​ដំណើរ​មិនកើត​ក៏​មាន​ដែរ ។

លោក ចាន់ រតនា នាយករង​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី និង​ជា​មន្ត្រី​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ថ្លែង​ថា ទោះបី​ខេត្តមណ្ឌលគិរី មាន​ភ្លៀង​ធ្លាក់​រៀង​រាល់រ​ថ្ងៃ ប៉ុន្តែ​មិន​ទាន់​មាន​គ្រោះ​មហន្តរាយ​ណាមួយ​កើតឡើង​នោះ​ទេ ខណៈ​ពេល​ដែល​មន្ត្រី​ជំនាញ​ក៏​បាន​និង​កំពុង​តាមដាន​អំពី​ស្ថានភាព​នេះ​គ្រប់​បណ្ដា​ក្រុង​-​ស្រុក​ទាំង​០៥​របស់​ខេត្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ