ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ស្រែក​ទ្រហោយំ ពេល​អាជ្ញាធរ​យក​គ្រឿងចក្រ​កាយ​ផ្តាច់​ផ្លូវ​ចូល​ផ្សារ​បង្ខំ​ឱ្យទៅ​លក់​កន្លែង​ថ្មី

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ អាជីវករ​លក់ដូរ បន្លែ ត្រី សាច់ និង​គ្រឿង​ធ្វើ​ម្ហូបអាហារ​កំប៉ិកកំប៉ុក​នៅ​ក្នុង​ផ្សារ​គុត្ត​សត ប្រមាណ​៤០​ទៅ​៥០​នាក់ បាន​នាំ​គ្នា​ស្រែក​ទ្រហោយំ​បង្ហូរទឹកភ្នែក​ស្ទើរ​គ្រប់​ៗ​គ្នា ដោយ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ ខណៈ​រដ្ឋបាល​ស្រុក​អូរ​ជ្រៅ បញ្ជា​ឱ្យ​

ខេត្តបន្ទាយមានជ័យ ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ អាជីវករ​លក់ដូរ បន្លែ ត្រី សាច់ និង​គ្រឿង​ធ្វើ​ម្ហូបអាហារ​កំប៉ិកកំប៉ុក​នៅ​ក្នុង​ផ្សារ​គុត្ត​សត ប្រមាណ​៤០​ទៅ​៥០​នាក់ បាន​នាំ​គ្នា​ស្រែក​ទ្រហោយំ​បង្ហូរទឹកភ្នែក​ស្ទើរ​គ្រប់​ៗ​គ្នា ដោយ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ ខណៈ​រដ្ឋបាល​ស្រុក​អូរ​ជ្រៅ បញ្ជា​ឱ្យ​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ ជីក​កកាយ​ផ្តាច់​ផ្លូវ​ចូល​ទៅ​ក្នុង​ផ្សារ ស្ថិត​ក្នុងភូមិ​យាង ឃុំ​គុត្ត​សត ស្រុក​អូរ​ជ្រៅ ក្នុង​គោលបំណង​បណ្តេញ​ពួក​គាត់​ឱ្យទៅ​ជួល ឬ​ទិញ​តូប លក់ដូរ​នៅ​ក្នុង​ផ្សារ ដែល​គេ​ទើប​បង្កើត​ថ្មី ។

បើ​តាម​ក្រុម​អាជីវករ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ធ្លាប់​កក់​ប្រាក់​ថ្លៃ​តូប ចូល​លក់ដូរ​ទីនោះ​ម្តង​ហើយ តែ​លក់​មិន​ដាច់ ព្រោះ​បញ្ហា​វិ​បត្ត​ជំងឺ​កូ​វី​ដ​១៩ ពួក​គាត់​ក៏​នាំ​គ្នា​ទៅ​លក់ដូរ​នៅ​កន្លែង​ដើម​វិញ ព្រោះ​ម្ចាស់​ដី​ផ្សារ​មួយ​នេះ មិន​ទាមទារ​ឱ្យ​បង់ថ្លៃ​តូប លក់ដូរ​ច្រើន​នោះ​ទេ ដើម្បី​ជួយ​សម្រួល​ឱ្យ​ពួក​គាត់​ក្នុង​ការ​លក់​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព ស្រាប់តែ​ខាង​ស្រុក​អូរ​ជ្រៅ មិន​មានការ​យោគយល់​ក៏​រក​វិធី​បណ្តេញ​ពួក​គាត់​ចេញ​តែ​ម្តង ។

ក្រុម​អាជីវករ​បន្ត​ថា ខណ​:​ពេល​ដែល​អាជ្ញាធរ​ស្រុក​អូរ​ជ្រៅ កំពុង​បញ្ជា​ឱ្យ​គ្រឿងចក្រ​ជីក​កកាយ​ផ្តាច់​ផ្លូវ​ចូល​ទៅ​ក្នុង​ផ្សារ​គុត្ត​សត មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​មក​ពី​តាម​ភូមិ​បន្ត​ចូល​លក់ដូរ​នៅ​ទីនោះ​ទៀត​ឡើយ ។

ស្រី្ត​ម្នាក់ ឈ្មោះ ចែ​ណា​ន និង​អាជីវករ​ជា​ច្រើន​នាក់​ទៀត នៅ​ក្នុង​ផ្សារ​នេះ ស្ថិត​ក្នុងភូមិ​យាង ឃុំ​គុត្ត​សត ស្រុក​អូរ​ជ្រៅ ក៏​បាន​នាំ​គ្នា​ស្រែក​ទ្រហោ​រយំ និង​អង្វរករ​ឱ្យ​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខាងលើ​មេត្តា​ជួយ​សម្រួល ព្រោះ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ មិន​ទាន់​ធូរស្បើយ​នៅឡើយ​ទេ ណាមួយ​ការ​លក់ដូរ​បន្លែ ត្រី សាច់ សព្វ​ថ្ងៃនេះ គឺ​លក់​មួយ​ពេល​រស់​មួយ​ថ្ងៃ​ប៉ុណ្ណោះ ។

ក្រុម​អាជីវករ​រៀបរាប់​ទាំង​ទឹកភ្នែក មុខក្រៀម​ក្រំ ស្តាប់​ទៅ​គួរ​ឱ្យ​ខ្លោចចិត្ត បាន​បន្ត​ទៀត​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន មាន​ក្រុម​ឈ្មួញ​​សហការ​ជាមួយនឹង​អាជ្ញាធរ​ស្រុក​អូរ​ជ្រៅ បាន​បង្កើត​ផ្សារ​ថ្មី​មួយ​នៅ​ក្បែរ​ភូមិ​ខាងលើ រួច​បញ្ចុះបញ្ចូល​ឱ្យ​អាជីវករ​ចូល​ទៅ​លក់ដូរ ដោយ​តម្រូវ​ឱ្យ​ពួក​គាត់​ទិញ ឬ​ជួល​មួយ​តូប ក្នុង​តម្លៃ​១៥០០​ទៅ​២០០០​ដុល្លារ ។ ហើយ​មុន​ពេល​ចូល​ទៅ​លក់ គឺ​ត្រូវ​កក់​ប្រាក់​ចំនួន​២០០​ដុល្លារ លុះ​ពួក​គាត់​នាំ​គ្នា​កក់​ប្រាក់​ចូល​លក់ដូរ​មិន​ដាច់ ក៏​នាំ​គ្នា​ត្រឡប់​មក​លក់ដូរ​នៅ​កន្លែង​ដើម​វិញ ដោយសារ​អ្នកខ្លះ​លក់​បន្លែ​ត្រកួន​១​កញ្ច្រែង ខ្លះ​លក់​ត្រួយ​អំពិល​១​ថាស ក៏​មាន​អ្នកលក់​ខ្យង ក្តាម និង​បន្លែ​ព្រលិត រំ​ចង់ តិចតួច សម្រាប់​យក​ថវិកា​ទៅ​ដោះ​ទាល់​ជីវភាព​នា​ពេល​ជួប​បញ្ហា​វិបត្តិ​កូ​វី​ដ​១៩ ដែល​មិន​អាច​ចេញ​ទៅ​ធ្វើការ​ចិញ្ចឹមជីវិត​ឆ្ងាយ​ពី​ផ្ទះ​បាន​ឡើយ ។

ប្រភព​ដដែល​បន្ត​ថា ស្រាប់តែ​រហូត​មក​ដល់​ពេល​នេះ រដ្ឋបាល​ស្រុក​អូរ​ជ្រៅ ដឹកនាំ​ដោយ​លោក ទូច សីហា អភិបាលរង​ស្រុក បាន​បញ្ជា​ឱ្យ​គ្រឿងចក្រ​ជីក​កកាយ​ផ្តាច់​ផ្លូវ​ចូល​ផ្សារ ក្នុង​គោលបំណង​បណ្តេញ​ពួក​គាត់​ឱ្យទៅ​ទិញ​តូប​លក់ដូរ​នៅ​ក្នុង​ផ្សារ​ដែល​គេ​បង្កើត​ថ្មី​ម្តងទៀត ។
ក្រុម​អាជីវករ​បាន​រៀបរាប់​ទាំង​បង្ហូរទឹកភ្នែក​រហាម និង​លើកដៃ​សំពះ​សូម​អង្វរ​ថា ៖ ពួក​គាត់​ក្រីក្រ​លំបាក​វេទនា​ខ្លាំង​ណាស់ រក​ព្រឹក​ខ្វះ​ល្ងាច គ្មាន​ប្រាក់​ទៅ​ជួល​តូប​លក់ដូរ​នោះ​ទេ ដូច្នេះ​សូម​ឱ្យ​លោក​ចៅហ្វាយ​ខេត្តបន្ទាយមានជ័យ ក៏​ដូច​ជាស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជួយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពួក​គាត់​ផង​ដែរ ។

ភា្ន​ក់​ងារ​យើង​ក៏​បាន​ទាក់ទង​ទៅ​លោក យឹ​ម សំណាង អភិបាលស្រុក​អូ​ជ្រៅ កាលពី​រសៀល​ថ្ងៃ​ដដែល នេះ ហើយ​លោក​ក៏​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​យើង​ឱ្យ​ដឹង​ថា ៖ ខាង​លោក​បាន​ប្រគល់​តួនាទី​នេះ​ឱ្យទៅ​លោក​អភិបាលរង​ស្រុក​ជា​អ្នក​ចាត់ចែង ដោយសារ​តែ​ព្រោះ​លោក​កំពុង​ជាប់រវល់​ការងារ បើ​ចង់​ដឹង​ច្បាស់​ឱ្យ​ទាក់ទង​សួរនាំ​បន្ត​ទៀត​ទៅ ។

ក្រោយមក​ភ្នាក់ងារ​យើង​ក៏​បាន​ទាក់ទង​ទៅ​លោក ទូច សីហា អភិបាលរង​ស្រុក​អូរ​ជ្រៅ ដោយ​លោក​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា ៖ ខាង​លោក​គ្រាន់តែ​អនុវត្ត​ការងារ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​តែ​ប៉ុណ្ណោះ បើ​ចង់​ដឹង​ច្បាស់​ឱ្យ​ទាក់ទង​សួរនាំ​ទៅ​ខាង​លោក​អភិបាលស្រុក​អូរ​ជ្រៅ​វិញ​ទៅ ព្រោះ​ខាង​រដ្ឋបាល​ស្រុក​ធ្វើ​បែប​នេះ ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​លក់ដូរ​អនាធិបតេយ្យ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ