ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការរកប្រាក់របស់ម្តាយពេលកូវីដលំបាក បង្ខំឱ្យកុមារអាយុ ១៤ ឆ្នាំចេញលក់ខ្ចៅស្ងោរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងវ័យត្រូវសិក្សា ឈាង ឌីណា អាយុ ១៤ ឆ្នាំ បានចេញលក់ខ្ចៅស្ងោរ និងទឹកកកឈូសតាមម៉ូតូសណ្ដោងរ៉ឺម៉ក…

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងវ័យត្រូវសិក្សា ឈាង ឌីណា អាយុ ១៤ ឆ្នាំ បានចេញលក់ខ្ចៅស្ងោរ និងទឹកកកឈូសតាមម៉ូតូសណ្ដោងរ៉ឺម៉ក ១ គ្រឿង ចល័តនៅជាយក្រុងភ្នំពេញ ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារដែលមានស្ថានភាពយ៉ាប់យឺន រស់ក្រោមដំបូលផ្ទះជួលគេ ។ 

ឌីណា បានសម្រេចចិត្តឈប់រៀនកាលពីប៉ុន្មានខែមុននេះត្រឹមថ្នាក់ទី ៧ នៅពេលស្ថានភាពកូវីដ ១៩ យាយ៉ីជីវភាពគ្រួសារខ្លំាងពេក ។ គេបានរើសមុខរបរដូចទៅនឹងឪពុកម្តាយខ្លួនដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ ។ «ទំាងថ្លៃហូបចុក ជួលផ្ទះគេគ្រួសារខ្ញុំត្រូវចំណាយប្រមាណ ១០០ ដុល្លារ ។ ឪពុកម្តាយខ្ញុំដើម្បីរកប្រាក់ទំាងនេះ ខំពីព្រលឹមដល់ព្រលប់ទំាងលំបាក ដូច្នេះដើម្បីសម្រាលការលំបាកគាត់ខ្ញុំចេញរកលុយបន្ថែម» ឌីណា រៀបរាប់ឲ្យដឹង ។

គ្រួសារ ឈាង ឌីណា មកពីឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ មកជួលផ្ទះគេស្នាក់នៅក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញដើម្បីដើរលក់ខ្ចីស្ងោរនេះ ។ ទីប្រជុំជនដូចជាផ្សារ រោងចក្រ ការិយាល័យធ្វើក្រុមហ៊ុន គឺជាចំណុចដែលរូបគេ និងឪពុកម្តាយត្រូវឈប់សំចតដើម្បីលក់ដូរនៅរៀងរាល់ថ្ងៃនេះ ។ ឌីណា បានបញ្ជាក់ថា ក្នុង ១ ថ្ងៃប្រសិនលក់ដាច់អស់អាចរកប្រាក់ចំណេញបានត្រឹមតែ ៣ ទៅ ៤ ម៉ឺនរៀលតែប៉ុណ្ណោះ ។

នៅលើម៉ូតូដែលមានឆ្នាំងកំដៅខ្ចៅស្ងោរ និងឧបករណ៍ឈូសទឹកកកដោយដៃមួយ ឌីណា ដែលចាត់ទុកស្ថិតនៅក្នុងវ័យជាកុមារនៅឡើយ បានពាក់ម៉ាសការពារកូវីដ ១៩ បើកម៉ូតូរបស់ខ្លួនយឺតៗ ពីតំបន់មួយទៅតំបន់មួយ ជាមួយសំឡេងអំពាវនាវដែលគេបានថតទុក «ទឹកកកឈូសផ្អែមត្រជាក់ ខ្មៅស្ងោរក្តៅៗ» ។ ជាទូទៅកុមាររូបនេះ ដើរលក់នៅក្នុងបុរី សង្កាត់កន្ទោក និងសង្កាត់កំបូល ខណ្ឌកំបូល និងមុខរោងចក្រម្ដុំផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ