ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប៖ ថ្ងៃដំបូងនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ​ប្រព្រឹត្តទៅល្អ ពុំមាន​បញ្ហាប្រឈមណាមួយ ធ្វើឱ្យរាំងស្ទះឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានប្រកាសថា ថ្ងៃទី​១២ ខែតុលា​នេះ គឺជា​ថ្ងៃ​ដំបូង ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​បើក​ឲ្យ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត…

ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានប្រកាសថា ថ្ងៃទី​១២ ខែតុលា​នេះ គឺជា​ថ្ងៃ​ដំបូង ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​បើក​ឲ្យ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​។ ក្នុងនោះ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត នៅតាម​សាលាឃុំ​-​សង្កាត់​ទូទាំងប្រទេស បាន​បើក​ដំណើរការ​ព្រម​គ្នា នៅវេលា​ម៉ោង ៧​ព្រឹក និង​បាន​ប្រព្រឹត្តទៅ​ល្អ ពុំមាន​បញ្ហា​ប្រឈម​ណាមួយ ធ្វើឱ្យ​រាំងស្ទះ​ឡើយ​។

​គ​.​ជ​.​ប ប្រកាសថា តាម​ប្រតិទិន​ការងារ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ​-​សង្កាត់ មាន​រយៈពេល ៥០​ថ្ងៃ ដោយ​ចែកចេញជា​បី​ដំណាក់កាល​៖

-​សម្រាប់ ១៥​ថ្ងៃ​ដំបូង ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ត្រូវ​បើក​ដំណើរការ​នៅតាម​សាលាឃុំ​-​សង្កាត់​។​

-​រយៈពេល ២៥​ថ្ងៃ​បន្ទាប់ គឺ​ចាប់ពី​ថ្ងៃទី​២៧ ខែតុលា ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ត្រូវ​ចល័ត​នៅតាម​ភូមិ​មួយចំនួន នៅក្នុង​ឃុំ សង្កាត់​នីមួយៗ​។​

-​នៅ​រយៈពេល ១០​ថ្ងៃ​ចុងក្រោយ នៅ​ថ្ងៃទី​២១ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ត្រូវ​បើក​បម្រើការ នៅតាម​សាលាឃុំ​-​សង្កាត់​វិញ​។​

​គ​.​ជ​.​ប ក៏បាន​បង្កើត​ថា ដោយឡែក រៀងរាល់ ១៥​ថ្ងៃ​ម្ដង ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ត្រូវ​បិទ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល​មួយថ្ងៃ ដើម្បី​ប្រជុំ​ជាមួយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​វាយតម្លៃ​ការងារ​។ តាម​ប្រតិទិន​ការងារ ការបិទ​ការិយាល័យ ត្រូវធ្វើ​នៅ​ថ្ងៃទី​២៦ ខែតុលា ថ្ងៃទី​១០ ខែវិច្ឆិកា និង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​សូមបញ្ជាក់ថា រយៈពេល​នៃ​ការ​ចល័ត​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ទៅតាម​ភូមិ​ក្នុង​ឃុំ​-​សង្កាត់ ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង​ក្រុម​ចុះឈ្មោះ​បោះឆ្នោត អាច​កែសម្រួល​ទៅតាម​ស្ថានភាព​ភូមិសាស្ត្រ និង​សភាពការណ៍​ជាក់ស្តែង ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ឃុំ​-​សង្កាត់​ទាំងអស់ មានលទ្ធភាព​បានមក​ចុះឈ្មោះ​បោះឆ្នោត​គ្រប់ៗ​គ្នា និង​ប្រកបដោយ​សុវត្ថិភាព​។​

​យោងតាម​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន ឆ្នាំ​២០២១ គ​.​ជ​.​ប មាន​ផែនការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​ចំនួន ១ ៦៣៥ ៩៩០​នាក់ និង​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ចំនួន ៨៣ ០៤៣​នាក់ រីឯ​ការិយាល័យ​បោះឆ្នោត​វិញ មាន​ចំនួន ២៣ ៦១១​ការិយាល័យ​។​

​គ​.​ជ​.​ប ប្រកាសថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ត្រូវ​ប្រព្រឹត្តទៅ ចាប់​ថ្ងៃទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ គិត​ទាំង​ថ្ងៃ​សៅរ៍ ទាំង​ថ្ងៃអាទិត្យ​។ ដូច្នេះ សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត នៅតាម​សាលាឃុំ​-​សង្កាត់ ឱ្យបាន​គ្រប់ៗ​គ្នា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ