ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាឪពុក​​​​ក្មេក​ប្រចណ្ឌ​​ប្រពន្ធ​ ​និង​កូន​ប្រសា​ប្រុស​យូរ​ហើយ​ ផ្ទុះ​អំពើ​ហិង្សា​យ៉ាង​ឃោរឃៅ

15 ឆ្នាំ មុន

​ខេត្តព្រៃវែង ៖ ​ពិតជា​គួរ​ឱ្យហួស​ចិត្ត​​ជុំ​វិញ​​រឿង​រ៉ាវ​​ឪពុក​ក្មេក​​ប្រចណ្ឌប្រពន្ធ​​ជាមួយកូន​ប្រសាប្រុស​​ រហូត​ដល់​​​​​ទាញកាំបិត​​ផ្គាក់​កាប់​​​កូន​ប្រសា​មួយ​កាំបិត​​ដាច់​កំ​ភួនដៃខាង​ឆ្វេង សល់តែ​​ស្បែក​​ និង​ចំ​ដើម​ដោះ​​ខាង​ស្តាំ​ ។ ​​ប្រការ​ដែល​​អ្នក​ស្រុក​ហួស​ចិត្ត​​​បំផុត​​នោះ គឺ​​ឪពុកក្មេក និង​កូន​ប្រសា​សុទ្ធ​តែ​មាន​​វ័យចំណាស់​ មាន​ចៅ​ និង​​​​ចៅ​ទួត​​​អស់​​ទៅហើយ មិនគួរ​​មានបញ្ហា​​គ្រោត​​គ្រាត​​បែប​​នេះឡើយ​ ។

ហេតុការណ៍​​នេះបាន​កើត​ឡើង​កាលពី​ថ្ងៃទី​១៦ មីនា ​វេលាម៉ោងជាង​​​១១​​យប់​ នៅ​ភូមិ​​​សហ​ករណ៍​​ ឃុំ​ពាម​មន្ទារ​ ស្រុក​កំពង់​ត្របែក​ ។ ​​បុរស​ជា​​ឪពុក​​ក្មេក​​ឈ្មោះ​​ឆាយ ពុធ អាយុ​​​៦៨​ឆ្នាំ ​បានប្រចណ្ឌ​​កូនប្រសា​ឈ្មោះ​សូ សានី អាយុ​​៥៨​ឆ្នាំ ​​ជាមួយ​ប្រពន្ធ​​​​របស់ខ្លួន​​ត្រូវ​​​ជា​​ម្តាយ​ក្មេក​ឈ្មោះ​​​​ចេង ស៊ីម អាយុ​​​៦៣​ឆ្នាំ ។ ​បើ​តាម​ស្ត្រី​​ឈ្មោះ​​ស្រេង ​ស៊ីម អាយុ​​​​​៤២​ឆ្នាំ ​ជា​ប្រពន្ធ​ជនរងគ្រោះ​​បាន​រៀប​រាប់​​ថា ការ​ប្រចណ្ឌ​​នេះគឺកើត​​មាន​ជា​ច្រើនឆ្នាំ​​មកហើយ ​ពេល​ឪពុក​របស់គាត់​​​ផឹកស្រាស្រវឹង​​​មក​ដល់​ផ្ទះ​​​តែង​រក​រឿង​ និងចោទប្រកាន់​​ប្តី​គាត់​​ដែល​ជា​កូន​ប្រសា​ថា លួច​​សហាយស្មន់​​ជាមួយម្តាយ​​​ ។ ក៏​ប៉ុន្តែ​ប្តី​គាត់​មិនដែល​​និយាយ​តបត​​​ទេ ​ចេះតែ​ស្ងៀម​​មិនស្តី ម្យ៉ាង​ខ្មាស​អ្នក​ជិត​ខាង​ ព្រោះ​មាន​​កូន​​​រហូតដល់​​​មានចៅ ចៅទួតទៅ​​ហើយ ទៅ​ស្រើប​​ស្រាល​​ពីស្នេហា​អីទៀត ។ ​គាត់​​រៀប​រាប់​ទៀត​​ថា រឿង​រ៉ាវ​ដែល​នាំ​ឱ្យ​​ឈាន​ដល់​ការ​កាប់​​​ប្រហារ​គ្នា​​រវាង​ឪពុក​ក្មេក​​ និង​កូនប្រសានេះ ​ទី​១-​​ដោយ​​សារ​រឿង​​ប្រចណ្ឌ និង​ទី​២-​​​ដោយ​សារ​គំនុំ ព្រោះ កាល​ពី​​បី​ថ្ងៃ​​មុន ប្តីរបស់​គាត់​​​​បាន​ទៅ​ទារ​លុយ​​ពី​ប្អូន​​ថ្លៃ​ដែលជា​ប្អូ​ន​ស្រី​បង្កើត​របស់​គាត់ ឈ្មោះ​​ស្រេង ស្រីពៅ ​អាយុ​​២៣​ឆ្នាំ ដែល​បាន​​ជំពាក់​ចំនួន​​​៨០ម៉ឺន​រៀល ​ជា​ច្រើន​ខែ​មក​ហើយ ​​។

ស្ត្រីជា​​ប្រពន្ធ​​ជនរងគ្រោះ​បានរៀប​រាប់​​បន្ត​ថា ពេលនោះ​​ដោយ​ប្អូន​​ស្រីនិយាយ​ថា ​គ្មានលុយ ក៏មាន​​ជម្លោះ​​កើត​ឡើង​​ ។ ស្រាប់តែ​​នៅថ្ងៃទី​១៦ មីនា ​វេលាម៉ោង​​ប្រមាណ​​ជា​​៩​យប់ ប្អូនស្រី​​ស្រេង ស្រីពៅ ​ខឹង និង​គិតខ្លី ក៏​បាន​លេប​ថ្នាំ​​ប៉ង​សម្លាប់ខ្លួន ទាំង​រូប​នាង​មានផ្ទៃពោះ​​ចំនួន​៧ខែ​ទៀតផង ធ្វើ​ឱ្យ​នាង​​​​ប្រកាច់​​សន្លប់​​បែកពពុះ​មាត់​​ ហើយ​ត្រូវ​​ប្តីនាង​​ និង​ក្រុម​​គ្រួសារ​ជួយសង្គ្រោះ​​នៅផ្ទះ​​តែមិនដឹង​ថា មាន​សុខភាព​​យ៉ាង​​ណាទៀត​ទេ ។ លុះ​​នៅវេលា​ម៉ោង​ជាង​​​​១១​យប់​ថ្ងៃ​ដដែល​ ឪពុក​​​របស់គាត់​​​មក​ពី​​ផឹកស្រា​វិញ ឃើញកូនស្រី​​​លេប​ថ្នាំ​​សម្លាប់​​​ខ្លួន​ដោយសារ​​តែរឿង​បង​ថ្លៃ​​ទារ​លុយ ក៏មាន​កំហឹង​ផ្ទុះ​​ឡើង ហើយ​បាន​ទៅយក​កាំបិត​​​ផ្គាក់​មាន​មុខ​សស្ងាច​មក​​​កាប់​​​​ប្តីគាត់​​ជា​​កូន​ប្រសា​បំរុង​ផ្តាច់​ជីវិត ។ ពេលនោះប្តីគាត់​​បាន​លើ​ក​ដៃ​រង​​ក៏ត្រូវ​មួយ​កាំបិត​ដាច់ឆ្អឹង​​កំភួនដៃ និង​ដាច់​សាច់​លើ​ដើម​​ដោះ​ខាង​ស្តាំ ហូរ​ឈាមក្រហម​​ច្រាល ហើយ​​​ត្រូវ​កូនៗ និង​ចៅ​នាំគ្នា​​ឃាត់​ រួច​​ដឹក​យក​មកកាន់​មន្ទី​រ​ពេទ្យ​​បង្អែកស្រុក​កំពង់​ត្របែក ។ ​ប៉ុន្តែ​ដោយសារ​​របួសធ្ងន់ធ្ងរ ក៏បញ្ជូន​​​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​​ខេត្ត​ស្វាយរៀងទៀត​ ។

ក្រោយ​ពី​កាប់កូន​ប្រសា​ហើយ ​​​បុរសជា​​ឪពុក​​ក្មេក​ បានរត់គេចខ្លួន​​ទាំងយប់ ។ ចំណែក​សមត្ថ​​កិច្ច​​កំពុងស្រាវជ្រាវតាម​ចាប់ខ្លួន​​យក​​មក​ផ្តន្ទាទោស​​តាម​ច្បាប់ ។​ ឯ​ចំពោះស្ត្រី​​ជាប្អូនថ្លៃ​​មិន​​ដឹង​ថា បាន​រួច​ផុត​ពីគ្រោះថ្នាក់​ដល់​ជីវិត​​ឬ​យ៉ាង​ណា​ទេ រួមទាំង​កូន​ក្នុង​ផ្ទៃ​​៧ខែ​ផង ព្រោះ​​គាត់​កំពុង​តែ​​នៅ​កំដរ​​ប្តី​ឯ​មន្ទីរពេទ្យ​​ ៕​