ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្ត​អ្នកវិនិយោគិន​សញ្ជាតិកូសូវ៉ូម្នាក់​ចំពោះព្រះរាជាណាចក្រ​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ លោក COKOVIC DENIS (​កូ​កូ​វិក ដេ​នី​ស​) វិនិយោគិន​សញ្ជាតិ​កូ​សូ​វ៉ូ បាន​ប្រកាស​ពី​គម្រោង​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​

​រាជធានីភ្នំពេញ ៖ លោក COKOVIC DENIS (​កូ​កូ​វិក ដេ​នី​ស​) វិនិយោគិន​សញ្ជាតិ​កូ​សូ​វ៉ូ បាន​ប្រកាស​ពី​គម្រោង​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​ស​ញ្ញាតិ​កម្ពុជា និង​គម្រោង​វិនិយោគ​លើ​វិស័យ​ជា​ច្រើន​នៅ​កម្ពុជា បន្ទាប់​ពី​ខ្លួន​ទទួល​បាន​យុត្តិធម៌​តាម​ប្រព័ន្ធ​ផ្លូវច្បាប់ ក្រោយ​ពី​តុលាការ​កំពូល​បាន​ប្រកាស​សាលដីការ​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​ថ្មី​ៗ​នេះ ដោយ​បិទ​បញ្ចប់​ទាំងស្រុង​លើ​សំណុំរឿង​ក្តីក្តាំ​រវាង​លោក​និង​គូទំនាស់ ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​៤​ឆ្នាំ ហើយ​ដែល​សបញ្ជាក់​ច្បាស់​ថា លោក​មិន​មានទោស និង​ជា​បុគ្គល​ដែល​មាន​ភាព​ស្អាតស្អំ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ លោក COKOVIC DENIS បាន​សម្តែង​ការ​ដឹងគុណ​ចំពោះ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ដូច​ថ្លែងអំណរគុណ​ចំពោះ​ស្ថាប័ន​តុលាការ​គ្រប់​កម្រិត​នៅ​កម្ពុជា ជា​ពិសេស​តុលាការ​កំពូល​ដែល​បាន​ផ្តល់​នូវ​យុត្តិធម៌​ជូន​លោក​។

លោក COKOVIC DENIS បាន​ឆ្លើយ​យ៉ាង​ក្បោះក្បាយ​តប​ទៅ​នឹង​សំណួរ​ជា​ច្រើន​របស់​អ្នក​សារព័ត៌មាន ដោយ​បង្ហាញ​ទស្សនៈ​ជា​វិជ្ជមាន​លើ​ចំណុច​ល្អ​ៗ​ជា​ច្រើន​របស់​ប្រទេស​កម្ពុជា ជា​ពិសេស​លើ​កត្តា​សន្តិភាព ប្រព័ន្ធ​យុត្តិធម៌ នីតិរដ្ឋ​មាន​កម្រិត​ខ្ពស់ អភិបាលកិច្ច​ល្អ និង សិទ្ធិ​មនុស្ស​ត្រូវ​បានការ​ពារ​ជា​អតិបរមា ដែល​ជាក់ស្តែង​គឺ​លោក​ផ្ទាល់​បាន​ឆ្លងកាត់​លើ​បញ្ហា​ប្តឹងផ្តល់ និង​រហូត​លោក​បាន​រង​គ្រោះ​ហើយ​ជាប់​ក្នុង​ពន្ធនាគារ​កម្ពុជា​ទៀត​នោះ គឺ​លោក​ពិតជា​មាន​ជំនឿ​ខ្ពស់​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ហើយ​បើ​ប្រៀបផ្ទឹម​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​មួយ​ចំនួន គឺ​មិន​មាន​កម្រិត​ស្មើនឹង​យុត្តិធម៌​របស់​កម្ពុជា​ដែល​មាន​កម្រិត​ខ្ពស់​នេះ​បាន​ឡើយ​។ លោក​ថា ពេល​ដែល​ជួប​បញ្ហា គឺ​លោក​ទទួល​បាន​បទ​ពិសោធន៍​ជាក់ស្តែង ដោយ​ដៃគូ​គ្រប់​កម្រិត​បាន​ជួយ​ជ្រោមជ្រែង លើកទឹកចិត្ត និង​យកចិត្តទុកដាក់​ជួយ​ផ្តល់​យុត្តិធម៌​ជូន​លោក ដែល​ធ្វើ​ឱ្យ​លោក​មាន​ភាព​កក់ក្តៅ ដែល​មាន​ស្ថាប័ន​ដឹកនាំ​របស់​រដ្ឋ បាន​បែងចែក​ច្បាស់​រវាង​ខុស និង​ត្រូវ ។

លោក COKOVIC DENIS បន្ត​ថា បន្ទាប់​ពី​បញ្ហា​ត្រូវ​បាន​ដោះស្រាយ​ចប់​សព្វគ្រប់ គឺ​ដល់​ពេល​ដែល​ត្រូវ​បន្ត​គម្រោង​វិនិយោគ​របស់​ខ្លួន​ហើយ ដោយ​លោក​មាន​គម្រោង​ជា​ច្រើន​នៅ​កម្ពុជា ហើយ​គម្រោង​នីមួយ​ៗ ត្រូវ​ចាយ​ពេល​ពី ៥ ទៅ​៦ ឆ្នាំ ប៉ុន្តែ​នៅ​ពេល​ដែល​រៀបចំ ផែនការមេ រួចរាល់​ពេល​ណា លោក​នឹង​ប្រកាស​លម្អិត ប៉ុន្តែ​ពេល​នេះ លោក​អាច​បង្ហើប​បាន​ថា គម្រោង​នេះ​នឹង​វិនិយោគ​ទូ​ទាំង ២៥ រាជធានី​-​ខេត្ត ដែល​នឹង​ផ្តល់​ការងារ​ជូន​មនុស្ស ២០​ម៉ឺន​នាក់ ដែល​មិន​ត្រឹមតែ​នឹង​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​នៅ​ក្នុងស្រុក ប៉ុណ្ណោះ​ទេ តែ​លោក​ថា នឹង​ទាកទាញ​កំលាំង​ជំនាញ​របស់​កម្ពុជា​រាប់​សែន​នាក់ ដែល​កំពុង​បំពេញការងារ​នៅ​ក្រៅប្រទេស​ឱ្យ​វិល​ត្រឡប់​មក​ធ្វើការ​នៅ​កម្ពុជា​វិញទៀត​ផង​។

លោក COKOVIC DENIS បាន​បង្ហាញ​ពី​បំណង​គៀងគរ​ដៃគូ​វិនិយោគ​ពី​ប្រទេស​ជា​ច្រើន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា ដោយ​លោក​បាន​បញ្ជាក់​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ​ថា​៖

«​កម្ពុជា​និង​រដ្ឋាភិបាល​បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន កំពុង​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​រីក​ចម្រើន​និង​ការពារ​វិនិយោគិន​បរទេស​ទាំងអស់​ដែល​ចាប់អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា​។ សម្រាប់​វិនិយោគិន​ដូច​ខ្ញុំ​ផ្ទាល់ ខ្ញុំ​បានឃើញ​ឱកាស​ជា​ច្រើន ព្រោះ​កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​មាន​ធនធានធម្មជាតិ​ជា​ច្រើន មាន​កម្លាំង​ពលកម្ម​ក្មេង​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក កម្មករ​វ័យក្មេង​មួយ​ចំនួន​ធំ​មាន​ជំនាញ​គ្រប់​វិស័យ​ ។​

ខ្ញុំ​សូម​អ​ញ្ជើ​ញ​អ្នក​វិនិយោគ​មក​វិនិយោគ​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ​ទាំងអស់ ព្រោះ​ប្រទេស​កម្ពុជា​មាន​សក្តានុពល​ធំធេង ហើយ​គំនិត​របស់ខ្ញុំ​ចំពោះ​ការ​វិនិយោគ​មួយ​ដុល្លារ​អាច​រកបាន​មួយ​ពាន់​ដុល្លារ​។ ហើយ​អ្វី​ដែល​សំខាន់​បំផុត គឺ​កត្តា​សន្តិភាព និង​ស្ថេ​រ​ភាព​នយោបាយ​របស់​កម្ពុជា បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់ ដែល​ប្រទេស​ទាំងនោះ មាន​ភាព​ប្រែប្រួល​នយោបាយ​មិន​ច្បាស់លាស់ កំពុង​មាន​បាតុកម្ម ផ្ទុះ​ការ​តវ៉ា​ហិ.ង្សា​ជាដើម ដែល​ទាំងនេះ តើ​ឱ្យ​វិនិយោគិន​ដូច​ជា​ខ្ញុំ អាច​មាន​ទំនុកចិត្ត​យ៉ាងម៉េច​ទៅ​កើត ប៉ុន្តែ​បើ​និយាយ​ពី​កម្ពុជា​វិញ គឺ​ពោរពេញ ដោយ​សន្តិភាព គឺ​សន្តិភាព​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​មាន​ភាព​ប្រាកដ និង​មានការ​ទាក់ទាញ​ទំនុកចិត្ត​ពី​អ្នក​វិនិយោគិន​បរទេស ព្រោះ​សន្តិភាព​ផ្តល់​ឱកាស​ឱ្យ​យើង​ធ្វើការ​វិនិយោគ​លុយ សន្តិភាព​ធ្វើ​ឱ្យ​មានការ​អភិវឌ្ឍន៍​ប្រកបដោយ​ស្ថេ​រ​ភាព​និង​និរន្តរភាព ហើយ​សូម​អរគុណ​សន្តិភាព និង​ជឿជាក់​ថា សន្តិភាព​នឹង​នៅ​ស្ថិតស្ថេរ​ជា​អមតៈ​ក្នុង​ប្រទេស​កម្ពុជា​»។​

នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន Swift News សួរ​ថា លោក​វិនិយោគ​នៅ​កម្ពុជា​នៅ​ពេល​នេះ លោក​មិន​ខ្លាច​ផល​ប៉ះពាល់​ពី​វិបត្តិ​កូ​វី​ដ​-១៩ ទេ​ឬ ?

លោក COKOVIC DENIS បាន​ឆ្លើយ​យ៉ាង​ជឿជាក់​ថា លោក​មិន​មានការ​បារ​ម្ម​ណ៍​លើ​បញ្ហា​នេះ​ទេ ព្រោះថា រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​៩០%​ឯណោះ មួយវិញទៀត​បើ​ធៀប​នឹង​ចំនួន​នៃ​អ្នក​ឆ្លង​នៅ​តាម​បណ្តា​ប្រទេស នានា​ក្នុង​តំបន់​និង​ពិភពលោក ឃើញ​ថា កម្ពុជា​គ្រប់​​គ្រង​បាន​យ៉ាង​ល្អ ដែល​យើង​អាច​ចាត់​ទុក​ថា ប្រព័ន្ធ​សុខាភិបាល​កម្ពុជា គឺជា​ប្រព័ន្ធ​ល្អ​បំផុត​ជាងគេ​ទាំងអស់​នៅ​លើ​ពិភពលោក​។

សូម​រំលឹក​ថា លោក COKOVIC DENIS និង​ដៃគូ ២​នាក់​ទៀត​មានឈ្មោះ SIRILUCK CHOOCHAR និង SOMPONG SAKULTHAP បាន​ទទួល​យុត្តិធម៌​ឡើង​វិញ​ក្រោយ​ពី​មាន​បញ្ហា​រយៈពេល ៤​ឆ្នាំ​កន្លង​មក ដែល​មាន ២​សំណុំរឿង​គឺ សំណុំរឿង​ទី​១-កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ លោក COKOVIC DENIS, ឈ្មោះ SIRILUCK CHOOCHAR និង​ឈ្មោះ SOMPONG SAKULTHAP ត្រូវ​បាន​ដើមបណ្ដឹង​រដ្ឋប្បវេណី​ម្នាក់​ដាក់​ពាក្យបណ្ដឹង​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទល្មើស​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន និង​សមគំនិត ព្រមទាំង​បទល្មើស​ឆបោក​។ បន្ទាប់​មក​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ ៨៩២​ត ចុះ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៩ ឲ្យ​ជនជាប់ចោទ​ទាំង​បី​នាក់​រួច​ផុត​ពី​បទ​ចោទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន និង​សមគំនិត ប៉ុន្តែ​ជនជាប់ចោទ​ទាំង ៣​នាក់ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ឆបោក ដោយ​ផ្តន្ទាទោស​ម្នាក់​ៗ​រយៈពេល​២​ឆ្នាំ​។

ជនជាប់ចោទ​ទាំង ៣​នាក់ មិន​សុខចិត្ត​ក៏​ប្តឹង​ឧទ្ធរណ៍ បន្ទាប់​មក​សាលាឧទ្ធរណ៍​ក៏​បាន​សម្រេច​តាម​សាលដីកា​លេខ ៤១ ក្រ​.ប ចុះ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ដោយ​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ លើកលែងតែ​ចំណុច​ផ្តន្ទាទោស​រយៈពេល ២​ឆ្នាំ លើ​ឈ្មោះ COKOVIC DENIS មក​ដាក់​ផ្តន្ទា​គារ​រយៈពេល ១​ឆ្នាំ​១០​ខែ វិញ​។ ជនជាប់ចោទ​ទាំង ៣​នាក់​នូវ​តែ​មិន​សុខចិត្ត ក៏​បន្ត​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល ហើយ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ ២៣៣ IV ចុះ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ឲ្យ​ជនជាប់ចោទ​ទាំង ៣​នាក់​រួច​ផុត​ពី​បទ​ឆបោក​។

សំណុំរឿង​ទី​២-ដើមបណ្តឹង​រដ្ឋប្បវេណី ក៏​បាន​ប្តឹង​ឈ្មោះ COKOVIC DENIS, ឈ្មោះ SIRILUCK CHOOCHAR និង​ឈ្មោះ SOMPONG SAKULTHAP ពី​បទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន និង​សមគំនិត​» ថ្មី​មួយទៀត​។ ប៉ុន្តែ​យ៉ាងនេះ​ក្តី សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​លេខ ១៦១៤​ហ ចុះ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ឲ្យ​ជនជាប់ចោទ​ទាំង​បី​នាក់​ខាងលើ រួចខ្លួន​ពី​បទ​ចោទ​ខាងលើ​ផង​ដែរ​។

ចំណែកឯដើមបណ្តឹង​មិន​សុខចិត្ត​នឹង​សាលក្រម​នេះ ក៏​ប្តឹង​ឧទ្ធរណ៍ ហើយ​សាលាឧទ្ធរណ៍​ក៏​បាន​សម្រេច​តាម​សាលដីកា​ព្រហ្មទណ្ឌ​លេខ ១៥៩ ក្រ​.​រ ចុះ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ច្រានចោល​នូវ​បណ្តឹងឧទ្ធរណ៍​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី​។ ដើមបណ្តឹង​រដ្ឋប្បវេណី​នូវ​តែ​មិន​សុខចិត្ត​ពី​សាលដីកា​នេះ ក៏​ធ្វើ​បណ្តឹងសាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត ហើយ​តុលាការ​កំពូល​ក៏​បាន​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ និង​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ តាម​សាលដីកា​ព្រហ្មទណ្ឌ​លេខ ៣៣៧ VI ចុះ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​បដិសេធ​បណ្តឹង​សារទុក្ខ​របស់​ដើមបណ្តឹង និង​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជា​បានការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ