រាជធានីភ្នំពេញ ៖ បុរសម្នាក់បានធ្វើសកម្មភាពគាស់របងស័ង្កសី រួចចូលទៅលួចយកសម្ភារៈប្រើប្រាស់នៅក្នុងភោជនីយដ្ឋានមួយកន្លែង បន្ទាប់មកក៏បានដឹកតាមម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង ក្នុងបំណងយកទៅលក់ ប៉ុន្តែប៉ះចំថ្ងៃស៊យជួបនឹងកម្លាំងនគរបាលប៉ុស្តិ៍ជើងឯក ខណ្ឌដង្កោ ដែលកំពុងតែល្បាតក៏ត្រូវឃាត់ខ្លួនតែម្ដង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅក្នុងភោជនីយដ្ឋានយីហោ «សែនសប្បាយ៨៨៨៨» ឬហៅថា ហាងការ៉េប្រាំបី ស្ថិតនៅក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើនោះ មានឈ្មោះ តាំង លី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកតំណាងម្ចាស់ភោជនីយដ្ឋានខាងលើវិញមានឈ្មោះ អ៊ុន ចិត្តា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការហាង ស្នាក់នៅភូមិកើតហេតុខាងលើ។
នគរបាលខាងលើបានប្រាប់បន្ថែមទៀតថា ក្រោយពីចាប់ខ្លួនជនសង្ស័យរូបនោះ កងកម្លាំងក៏ដកហូតបានវត្ថុតាងមួយចំនួនរួមមាន ៖ ម៉ាស៊ីនបោកខោអាវ១គ្រឿង, តុឈើចំនួន០៤, កៅអីឈើចំនួន០៩, ធុងទឹកកកធំ១, ម៉ូតូម៉ាកស៊ីទីសេ១០០កូរ៉េ ពណ៌ទឹកសមុទ្រ គ្មានផ្លាកលេខ (ម៉ូតូចាស់) សណ្តោងរ៉ឺម៉ក១គ្រឿង។
នគរបាលបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យម្នាក់នេះ គឺបានធ្វើសកម្មភាពគាស់របងស័ង្កសី រួចចូលទៅក្នុងភោជនីយដ្ឋានខាងលើ ហើយក៏ចូលទៅលួចយកសម្ភារៈទាំងនោះ បន្ទាប់មកក៏ដឹកចេញក្នុងបំណងយកទៅលក់។ ខណៈពេលនោះ កម្លាំងនគរបាលរដ្ឋបាលជើងឯក ក្រោមបញ្ជារបស់លោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានល្បាតទៅដល់កន្លែងកើតហេតុ ក៏ឃើញជនសង្ស័យ ហើយមានការសង្ស័យ ក៏ឃាត់ខ្លួនសួរនាំ ទើបដឹងថា «ជាចោរ» បន្ទាប់មកបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្តង៕
ចែករំលែកព័តមាននេះ