ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​ជំនាញ​ថា ជ្រូក​កណ្តុរ​កំពុង​ត្រូវប៉ាន់ និង​លើកទឹកចិត្ត​ពលរដ្ឋ​ចិញ្ចឹម​ជា​លក្ខណៈ​អាជីវកម្ម

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ដោយសារ​តែ​ទីផ្សារ​ជ្រូក​កណ្ដុរ​ធម្មជាតិ និង​ប្រភេទ​ជ្រូក​កណ្ដុរ​កាត់​ជ្រូកព្រៃ កំពុង​តែ​ត្រូវប៉ាន់ និង​ទទួល​បានការ​ពេញ​និយម​ទទួលទាន​យ៉ាង​ផុសផុល​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស

ខេត្តមណ្ឌលគិរី ៖ ដោយសារ​តែ​ទីផ្សារ​ជ្រូក​កណ្ដុរ​ធម្មជាតិ និង​ប្រភេទ​ជ្រូក​កណ្ដុរ​កាត់​ជ្រូកព្រៃ កំពុង​តែ​ត្រូវប៉ាន់ និង​ទទួល​បានការ​ពេញ​និយម​ទទួលទាន​យ៉ាង​ផុសផុល​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នកទេសចរ ដែល​បាន​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី មន្ត្រី​ជំនាញ​បាន​លើកទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ចិញ្ចឹម​ជ្រូក​ប្រភេទ​នេះ ជា​លក្ខណៈ​ធំដុំ ខណៈ​តម្លៃ​កំពុង​មាន​ហាងឆេង​ខ្ពស់ អាច​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ទោះបីជា​ប្រភេទ​ជ្រូក​កណ្ដុរ ឬ​ក៏​កណ្ដុរ​កាត់​ព្រៃ​នេះ កំពុង​មានការ​ពេញ​និយម ប៉ុន្តែ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី មិន​ទាន់​មាន​កសិដ្ឋាន​ចិញ្ចឹម​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទេ ពោល​គឺ​មាន​ត្រឹមតែ​ការ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ នៅ​តាម​ភូមិ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច និង​បងប្អូន​ជនជាតិ​ខ្មែរ​មួយ​ចំនួន​ប៉ុណ្ណោះ​។

យ៉ាងណា​ក្នុង​នាម​លោក ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​កសិកម្ម តែង​លើកទឹកចិត្ត និង​ផ្ដល់​ជា ក្រុមការងារ​បច្ចេកទេស​ចុះ​ណែនាំ ដល់​បងប្អូន​ប្រជា​កសិករ ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ចិញ្ចឹម​ជ្រូក អាច​យក​បច្ចេកទេស​ល្អ​ៗ​ពី​មន្ត្រី​ជំនាញ​ដើម្បី​ទៅ​អនុវត្ត ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ផលិតផល​ឲ្យ​កាន់តែ​មានគុណ​ភាព​ទៅ​តាម​តម្រូវការ​ទីផ្សារ ។

ចំណែក​លោក ចាន់ ម៉ា​រី អាជីវករ​ខ្វៃ​ជ្រូក​លក់​នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា រៀងរាល់ថ្ងៃ ជ្រូក​កណ្ដុរ​គឺ​ពិតជា​ពេញ​និយម​ខ្លាំង​មែន ដោយ​លោក​អាច​លក់​ចាប់ពី​០២ ទៅ​០៥​ក្បាល ស្ទើរតែ​មិន​លស់​មួយ​ថ្ងៃ​ណា​សោះ​។ ប៉ុន្តែ​នៅ​អំឡុង​រយៈពេល​នៃ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​នេះ ហើយ​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន លោក​អាច​លក់​ជ្រូក​កណ្ដុរ​ក្នុង​មួយ​ថ្ងៃ​៣០​ក្បាល ទៅ ៦០ ក្បាល ហើយ​មិនតែប៉ុណ្ណោះ ព្រោះតែ​មានការ​បញ្ជា​ទិញ​ពី​សំណាក់​អតិថិជន​ច្រើន​ពេក លោក​ក៏​បាន​ផ្អាក​ការ​ទទួល​សេវា​អាំង​ជ្រូក ដោយសារ​តែ​ធ្វើ​មិន​ទាន់​។

លោក​ម៉ា​រី បាន​បន្ត​ថា ជ្រូក​ដែល​លោក​ទទួល​ខ្វៃ​នេះ មាន​ពីរ​ប្រភេទ មួយ​ជា​ប្រភេទ​ជា​ជ្រូក​កណ្ដុរ​សុទ្ធ​ធម្មជាតិ និង​មួយ​ប្រភេទ​ទៀត​ជា​ពូជ​ជ្រូក​កណ្ដុរ​កាត់​ជ្រូកព្រៃ ជ្រូក​ទាំង​ពីរ​នេះ​មាន​តម្លៃ​ខុស​គ្នា​បន្តិចបន្តួច​។ ជ្រូក​កណ្ដុរ នៅ​ពេល​ខ្វៃ​រួច​អាច​មាន​តម្លៃ​ប៉ុន្មាន ៥០ ទៅ ៦០ ម៉ឺន​រៀល ចំណែក​ជ្រូក​កណ្ដុរ​កាត់​ជ្រូកព្រៃ​នៅ​ពេល​ខ្វៃ​រួច មាន​តម្លៃ​ពី ៦០ ទៅ ៧០ ម៉ឺន​រៀល​។

អាជីវករ​ខ្វៃ​ជ្រូក​ក៏​បាន​បញ្ជាក់​ថា លោក​បាន​ដើរ​ប្រមូល​ទិញ​ជ្រូក​នៅ​តាម​ភូមិឋាន​របស់​អ្នកស្រុក​នៅ​តាម​ទីតាំង​នានា​ជុំវិញ​ខេត្តមណ្ឌលគិរី ហើយ​ខ្លះ​ទៀត​ក៏​ត្រូវ​បាន​ផ្ញើ​មក​ពី​ខាង​ខេត្តរតនគិរី ដើម្បី​បំពេញតម្រូវការ​ជាក់ស្ដែង​ផង​ដែរ​។ ដោយសារ​តែ​ការ​ពេញ​និយម​ទទួលទាន​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស ជ្រូក​កណ្ដុរ​ធម្មជាតិ​នេះ បាន​ជួយ​ឲ្យ​បងប្អូន​ប្រជា​កសិករ​មួយ​ផ្នែក ដែល​កំពុង​តែ​ចិញ្ចឹម និង​បង្កាត់​ពូជ​ជ្រូក​ប្រភេទ​នេះ ទទួល​បាន​នូវ​កម្រិតជីវភាព​ល្អ​ប្រសើរ ដោយសារ​កន្លង​មក​ជ្រូក​ប្រភេទ​នេះ បើ​គេ​ទិញ​មាន​តម្លៃ​មួយ​ក្បាល​តែ ១០ ទៅ ១៥ ម៉ឺន​រៀល​ប៉ុណ្ណោះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ