ខេត្តសៀមរាប ៖ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានថ្លែងព្រមានមន្ត្រីយោធាមួយរូប ដែលយករថយន្តរបស់អង្គភាពទៅប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើគ្រញូងឱ្យចូលខ្លួនមកដោះស្រាយតាមការជូនដំណឹង បើពុំដូច្នោះទេ នឹងរៀបចំសំណុំរឿងប្តឹងទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់ស្តីពីព្រៃឈើ។
ការថ្លែងព្រមានឱ្យមន្ត្រីយោធារូបនេះចូលខ្លួនមកដោះស្រាយនោះធ្វើឡើងកាលពីរសៀលថ្ងៃទី៦ មីនា ឆ្នាំ២០១១ បន្ទាប់ពីសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើបានចាប់ឃាត់រថយន្តមួយគ្រឿងរបស់មន្ត្រីយោធាម្នាក់ កាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៥ មីនា ឆ្នាំ២០១១ នៅតាមបណ្តោយផ្លូវលេខ៦៧ ភូមិខ្នាររង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ខណៈធ្វើសកម្មភាពដឹកឈើគ្រញូងខ្នាតធំៗចំនួន៤ដុំស្មើនឹងកន្លះម៉ែត្រគូប (ប្រាំផ្លាន) ចេញពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចូលមកខេត្តសៀមរាប ក៏ប៉ុន្តែម្ចាស់បានរត់គេចខ្លួនបាត់ ។
លោកម៉ែន វុទ្ធី មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបដែលបានចុះទៅធ្វើកំណត់ហេតុ បង្ក្រាបរថយន្តនោះបាននិយាយថា រថយន្តដឹកឈើគ្រញូងនេះមានម៉ាកអ៊ីស៊ុយហ្ស៊ុយ ពាក់ស្លាកលេខ ខេមរភូមិន្ទ ០៧. ២-២១៧៥ ពណ៌ត្រេអុី ។ ក្រោយពីធ្វើការរឹបអូស បានរកឃើញអត្តសញ្ញាណប័ណ្ណប្រជាជនមួយសន្លឹក អត្តសញ្ញាប័ណ្ណកងយោធពលខេមរភូមិន្ទមួយសន្លឹក និងលិខិតអនុញ្ញាតប្រើប្រាស់អាវុធមួយសន្លឹក ។
លោកម៉ែន វុទ្ធី បានថ្លែងឱ្យដឹងថា ទាក់ទិនទៅនឹងករណីបង្ក្រាបរថយន្តយោធាដឹកឈើគ្រញូងនេះខណ្ឌរដ្ឋបាលព្រៃឈើកំពុងតែបន្តអនុវត្តទៅតាមនីតិវិធី ដោយយើងបានចេញសេចក្តីជូនដំណឹងទៅឱ្យមន្ត្រីយោធាម្នាក់ដែលរត់គេចខ្លួននោះចូលមកដោះស្រាយ បើពុំដូច្នេះទេ យើងនឹងរៀបចំសំណុំបែបបទប្តឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ស្តីពីព្រៃឈើ ។
សូមរំឮកថា កាលពីដើមឆ្នាំ២០១០កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើការព្រមានដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកងទ័ពឱ្យដកខ្លួនចេញពីការរកស៊ីឈើប្រណីតល្មើសច្បាប់។ សម្ដេចបានព្រមានថា នឹងមិនអត់ឱនឱ្យមន្ដ្រីយោធាណាក៏ដោយដែលមានការពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បើទាះជាអ្នកនោះមានឋានន្តរស័ក្តិត្រឹមណាក៏ដោយ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១១ កន្លងទៅ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ សៀមរាបក៏បានបង្ក្រាបរថយន្ដហ្សេអឹមសេ ពណ៌ត្រេអ៊ូ មួយគ្រឿង ដឹកឈើគ្រញូងចំនួនជាង៤ម៉ែត្រគូបពីស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យដែរ។ កាលនោះមន្ដ្រីយោធាមួយរូបដែលជាអ្នកបើកបររថយន្ដត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាកាដើម្បីធ្វើការចោទប្រកាន់ ហើយពេលនេះស្ថិតនៅក្នុងការឃុំខ្លួននៅឡើយ៕
ចែករំលែកព័តមាននេះ