ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបើកប្រទេសឡើងវិញ បាន ឬមិនបាន រង់ចាំមើលលទ្ធផល ក្រោយភ្ជុំចន្លោះពី ១០ថ្ងៃ ទៅ ១៥ថ្ងៃទៀត!

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្នុងពេលដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយផ្ទាល់ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ហើយបើកទូលាយឲ្យប្រព័ន្ធសារព័ត៌មាន ថតផ្សាយនូវប្រសាសន៍ទាំងស្រុងរបស់សម្តេច ថ្លែងបើកកិច្ចប្រជុំ នៅវិមានសន្តិភាព។…

រាជធានីភ្នំពេញ៖ ក្នុងពេលដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយផ្ទាល់ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ហើយបើកទូលាយឲ្យប្រព័ន្ធសារព័ត៌មាន ថតផ្សាយនូវប្រសាសន៍ទាំងស្រុងរបស់សម្តេច ថ្លែងបើកកិច្ចប្រជុំ នៅវិមានសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការបើកប្រទេសឡើងវិញ បាន ឬមិនបាន រង់ចាំមើលលទ្ធផលក្រោយភ្ជុំចន្លោះពី ១០ថ្ងៃ ទៅ ១៥ថ្ងៃទៀត តើប្រជាជនយើង មានឆ្លងកូវីដ ១៩ ដែរ ឬទេ?

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «បើយោងលើចំនួននៃការឆ្លងកូវីដ ក៏ដូចជាការស្លាប់ដោយការកូវីដ! បើថ្ងៃម្សិលមិញនេះ ចំនួនអ្នកស្លាប់ដោយសារកូវីដ មានតិចជាងចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទៅវិញ! ដែលជារឿងគួរឲ្យសោកស្តាយ។ ម្ខាងទៀត ក៏ប្រជាពលរដ្ឋរបស់យើង មានការដើរលេង ទៅទីកន្លែងនេះ ទៅទីកន្លែងនោះ ហើយដែលខ្ញុំបានចេញសារ ដើម្បីរម្លឹកថា នេះជាការសាកល្បងដ៏ធំរបស់យើង ដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញ លើគ្រប់វិស័យ។ ប្រសិនបើក្នុងរង្វង់ ១០ ទៅ ១៥ថ្ងៃ ស្ថានភាពរបស់យើង នៅនឹងន! អត្រាឆ្លងត្រឹមប៉ុណ្ណឹង! និងការស្លាប់ត្រឹមកម្រិតប៉ុណ្ណេះ! ខ្ញុំគិតថា ដល់ពេលវេលា ដែលយើងត្រូវបើកសេដ្ឋកិច្ច និងសង្គមឡើងវិញ លើគ្រប់វិស័យ តែទៅតាមគន្លងថ្មី ជាមួយនឹងវិធានការ ៣កុំ ៣ការពាររបស់យើង ដែលនឹងនាំទៅដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់យើង»។

សម្តេចតេជោ ហ៊ុន សែន បន្តថា «ឥឡូវទាំង IMF ទាំងធនាគារពិភពលោក និងទាំងស្ថាប័នហិរញ្ញវត្ថុដទៃទៀត បានព្យាករដំឡើងអត្រានៃកំណើនសេដ្ឋកិច្ចរបស់យើង ពី ១,៨ ទៅ ២,២% ដែលមុននោះ ឆ្នាំទៅ យើងប្រជុំគ្នានៅទីនេះ ដាក់ព្យាករកំណើនសេដ្ឋកិច្ច ៤,១%។ ក៏ប៉ុន្តែដោយសារតែការវាយលុកនៃជំងឺរាតត្បាត គឺមានការព្យាករសាជាថ្មីថា យើងធ្លាក់មកនៅ ១,៨% ហើយឥឡូវនេះ គេព្យាករថា យើងឡើងទៅ ២,២%។ ប៉ុន្តែប្រសិនបើ ២ខែចុងឆ្នាំនេះ យើងអាចបើកបាន ជាពិសេស គឺទេសចរផ្ទៃក្នុងមុន និងសេវាដទៃទៀត កំណើនសេដ្ឋកិច្ច គឺអាចនឹងមានការឡើងលើសហ្នឹងបន្តិច។ ចំណូលថវិកាជាតិ នឹងអាចវិលត្រឡប់ មកកាន់ស្ថានភាពល្អប្រសើរ»។

សូមរម្លឹកថា ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានប្រកាសថា នៅទូទាំងប្រទេស មានអ្នកទេសចរ ដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា សរុបចំនួន ៦៦៤ ៦៩៧ នាក់។ ក្នុងនោះ មានអ្នកទៅលេងច្រើនជាងគេ នៅខេត្តកំពត ១០២ ៥៩៣នាក់ ខេត្តកែប ៩៦ ៤៧១នាក់ ខេត្តព្រះសីហនុ ៨០ ៥១៩នាក់ ខេត្តពោធិ៍សាត់ ៥០ ១០៩នាក់ ខេត្តកំពង់ស្ពឺ ៣៩ ៦៤២នាក់ ខេត្តបាត់ដំបង ៣៧ ៧២៤នាក់ ខេត្តកំពង់ចាម ៣៦ ១៤០ នាក់ និងខេត្តសៀមរាប ៣៣ ២២២នាក់។

ក្នុងនោះ តាមរមណីយដ្ឋានទេសចរណ៍មួយចំនួន ក៏មានមនុស្សទៅលេងច្រើន រហូតដល់កកស្ទះ ហើយមិនបានពាក់ម៉ាស និងអនុវត្តវិធានសុខភាព ក្នុងការរក្សាគម្លាតសុវត្ថិភាពឲ្យបានត្រឹមត្រូវឡើយ។ ក្រៅពីនោះ ក៏មានអ្នកធ្វើដំណើរចល័តពីតំបន់មួយ ទៅតំបន់មួយ និងទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារ ព្រមទាំងទៅវត្ត ដែលមិនបានរក្សាគម្លាតសុវត្ថិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ។

យ៉ាងណាក៏ដោយ មកដល់ព្រឹកថ្ងៃទី៨ ខែតុលានេះ មិនទាន់មានការប្រកាសផ្លូវការណាមួយ ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ទ្រង់ទ្រាយធំ ឬក៏ការផ្សព្វផ្សាយពីលទ្ធផលនៃការធ្វើតេស្តរកកូវីដ១៩ នៅតាមរោងចក្រសហគ្រាស ក្រោយពិធីបុណ្យភ្ជុំបិណ្ឌនៅឡើយទេ។ ការធ្វើតេស្តលើកម្មករកាត់ដេរ រួមទាំងបុគ្គលិកនិយោជិតនេះ នឹងអាចធ្វើឡើងនៅថ្ងៃទី១១-១២ ខែតុលាដើមសប្តាហ៍ក្រោយនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ