រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី២១ មីនា ថា ក្រុមការងាររបស់គម្រោងផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម តំណាងមកពីប្រទេសកម្ពុជា ឡាវ ថៃ សហរដ្ឋអាមេរិក និងវៀតណាម បានចូលរួមក្នុងកិច្ចប្រជុំក្រុមការងារសម្រាប់គម្រោងផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ និង១៨ មីនា កន្លងមក។
ស្ថានទូតអាមេរិកបន្តថា ប្រតិភូមកពីប្រទេសទាំង៥ បានធ្វើការរួមគ្នាដើម្បីជំរុញបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងវិស័យអប់រំ បរិស្ថាន សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរៀបចំពង្រាងផែនការសកម្មភាពរួមមួយ ក្នុងគម្រោងផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម ។ ប្រធានគណៈប្រតិភូ គឺលោកស្រីទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក Latsamy Keomany អគ្គនាយកនៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនៃក្រសួងការបរទេសឡាវ លោក Surasak Chuasukon-thip អគ្គនាយករងនៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចអន្តរជាតិថៃ លោក Joseph Yun ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និងលោក Ha Huy Tong អគ្គនាយកនៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចរបស់ក្រសួងការបរទេសវៀតណាម ។
ថ្លែងក្នុងសុន្ទរកថាបើកពិធីប្រជុំ លោកស្រីទួត បញ្ញា បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់មេគង្គក្រោម និងតាងនាមឱ្យប្រទេសកម្ពុជា លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមេរិក ចំពោះជំនួយដល់តំបន់មេគង្គក្រោម ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់សហរដ្ឋអាមេរិក ក្នុងការជំរុញដល់សន្តិភាព និងវិបុលភាពក្នុងអនុតំបន់ទន្លេមេគង្គ និងក្នុងតំបន់អាស៊ានទាំងមូលផងដែរ ។ សមាជិកចូលរួមបានធ្វើការសន្និដ្ឋានថា ពង្រាងផែនការសកម្មភាពមានលក្ខណៈពេញលេញ និងគ្របដណ្តប់លើទិដ្ឋភាព និងសកម្មភាពទាំងអស់សម្រាប់អនុវត្តវិស័យធំៗទាំង៤ ដែលត្រូវយកចិត្តទុកដាក់ទៅលើ ឬ «សសរទ្រូង» ដែលមានវិស័យសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងបរិស្ថាន ។ សហប្រធាននៃក្រុមការងារសសរទ្រូងនីមួយៗនៃក្រុមការងារសសរទ្រូងទាំង៤ បានជម្រាបអង្គប្រជុំពីលទ្ធផលនៃការពិភាក្សារបស់គេលើពង្រាងផែនការសកម្មភាព តាមសសរទ្រូងរបស់គេរៀងៗខ្លួន (សម្រាប់ប្រទេសកម្ពុជាគឺផ្នែកសុខាភិបាល សម្រាប់ប្រទេសឡាវ គឺហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ប្រទេសថៃ គឺការអប់រំ និងសម្រាប់ប្រទេសវៀតណាមគឺបរិស្ថាន)។
អ្នកចូលរួមក៏បានសង្កត់ធ្ងន់ផងដែរពីតួនាទីរបស់អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដទៃទៀត ក្នុងការអនុវត្តផែនការសកម្មភាពរបស់គម្រោងផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម ហើយក៏បានយល់ស្របថា នឹងបង្កើតឱ្យមានភាពជាដៃគូរវាងវិស័យឯកជន និងវិស័យសាធារណៈក្នុងសសរទ្រូងនីមួយៗ ដើម្បីលើកកម្ពស់និរន្តរភាពកម្មវិធី ។ សមាជិកអង្គប្រជុំបានយល់ស្របដាក់ពង្រាងផែនការសកម្មភាពរបស់គម្រោងផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម ជូនទៅរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសក្នុងគម្រោងផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម ដើម្បីសុំការអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីនៃប្រទេសក្នុងគម្រោងផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១១ ខាងមុខ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ៕
ចែករំលែកព័តមាននេះ