រាជធានីភ្នំពេញ ៖ លំនៅឋានប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គីភ័យឆាបឆេះអស់ម៉ដ្ឋទាំងស្រុងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ នៅចំណុចភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ កាលពីវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃទី៨ មីនា
២០១១ ។ ម្ចាស់លំនៅឋានខាងលើនេះ ឈ្មោះហៃ រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាកសិករដាំបន្លែ ។ តាមប្រភពព័ត៌មានទាក់ទិននឹងគ្រោះមហន្តរាយខាងលើនេះ បានឱ្យដឹងថា អគ្គីភ័យបង្កឡើងបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ហើយទ្រព្យសម្បត្តិក្នុងផ្ទះទាំងប៉ុន្មានត្រូវក្លាយជាចំណីអគ្គីភ័យទាំងស្រុងតែម្តង ។
សូមបញ្ជាក់ថា លំនៅឋានខាងលើនេះធ្វើអំពីឈើប្រក់ក្បឿងមានទំហំទទឹង៥ម៉ែត្រ និងបណ្តោយ៨ម៉ែត្រ ។ ក្នុងហេតុការណ៍គ្រោះអាសន្នខាងលើនេះប្រជាពលរដ្ឋបាននាំគ្នាដួសទឹកតាមផ្ទះជួយជះពន្លត់អណ្តាតភ្លើងក្រាបទៅវិញខ្លះ ហើយបន្តិចក្រោយមកទើបរថយន្តពន្លត់អគ្គីភ័យ២គ្រឿងមកដល់បាញ់ពន្លត់បន្ថែមទៀត បណ្តាលឱ្យអណ្តាតភ្លើងរលត់សូន្យសុងពុំឆាបឆេះដល់លំនៅឋានផ្សេងៗទៀតឡើយ ៕
ចែករំលែកព័តមាននេះ