ខេត្តពោធិ៍សាត់ ៖ ក្របីចំនួន៨ក្បាល ក្នុងនោះមានឈ្មោលតែមួយក្បាលប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ពីមុខសញ្ញាជនសង្ស័យយកទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះដើម្បីស្រាវជ្រាវរកម្ចាស់ពិតប្រាកដប្រគល់ជូនវិញ បន្ទាប់ពីសួរនាំទៅគេឆ្លើយដាក់គ្នា ហើយក្រោយមកនាំគ្នារត់គេចខ្លួនអស់។
លោកយឹម សាម៉េត នាយប៉ុស្តិ៍ស្នាមព្រះស្តីទីឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៣ មីនា ប្រជាពលរដ្ឋភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកានរាយការណ៍មកថា មានក្របីចំនួន៨ក្បាលមិនដឹងមកពីណាទេបានមកលាយឡំជាមួយក្របីអ្នកស្រុក២ទៅ៣ថ្ងៃមកហើយ មិនឃើញម្ចាស់មករកសោះ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកបានដឹកនាំកំលាំងចុះទៅដល់ទីនោះភ្លាម ហើយឃើញក្របីទាំង៨ក្បាលកំពុងស៊ីស្មៅនៅខាងត្បូងប្រឡាយ។ ពេលសួរឈ្មោះជួន រុំ ដែលកំពុងឈរមើលហ្វូងក្របីត្រូវបានប្រាប់ថា ក្របីទាំងអស់នេះជារបស់ឈ្មោះនាង គឹមឡេង ហៅទូច ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិស្នាមព្រះ លុះពេលហៅឈ្មោះទូច មកសួរ ឈ្មោះទូចឆ្លើយថា ក្របីនេះគេទិញពីឈ្មោះហ៊ុន វុទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំនៅភូមិព្នៅ។ បន្ទាប់មកយើងបានទៅរកឈ្មោះវុទ្ធីដល់ផ្ទះ ប៉ុន្តែមិនជួប ហើយក្រុមគ្រួសារឆ្លើយថា ឈ្មោះវុទ្ធីអត់មានក្របីលក់ទេ។ លោកបន្តទៀតថា ដោយសួររកលិខិតទិញ-លក់អត់មានយើងក៏ឃាត់ខ្លួនឈ្មោះរុំជាបណ្តោះអាសន្ន ឯឈ្មោះទូចឃើញសភាពការណ៍មិនស្រួលក៏រត់គេចខ្លួនបាត់។
លោកនាយប៉ុស្តិ៍ស្តីទីឱ្យដឹងថាឈ្មោះរុំ ឈ្មោះទូច និងម្នាក់ទៀតឈ្មោះជា នៅឃុំស្នាមព្រះនេះ គឺជាមុខសញ្ញាចោរលួចគោ-ក្របីដែលសមត្ថកិច្ចកំពុងតាមរកភស្តុតាងដើម្បីដាក់បន្ទុកឈានទៅរកចាប់ខ្លួនជាយូរមកហើយ។ ជនសង្ស័យឈ្មោះរុំត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាននៅថ្ងៃទី៤ មីនា ដើម្បីសាកសួរបន្ត ឯក្របីទាំង៨ក្បាលបានរក្សាទុកទៅប៉ុស្តិ៍ស្នាមព្រះដើម្បីស្រាវជ្រាវរកម្ចាស់ប្រគល់ជូនវិញ។ ចំពោះឈ្មោះរុំ បើសាកសួរទៅជាប់ពាក់ព័ន្ធយើងនឹងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ