ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​គ​កំពូល​កម្ពុជា រក​ឃើញ​​៤​ក្រុម​ចុង​ក្រោយ​ឈាន​ទៅ​ដណ្ដើម​ពាន

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​បាល់ទាត់​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា (MCL) បាន​បញ្ចប់​ស​ប្ដា​ហ៍​ទី​១៧​ហើយ ខណៈ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​

​រាជធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​បាល់ទាត់​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា (MCL) បាន​បញ្ចប់​ស​ប្ដា​ហ៍​ទី​១៧​ហើយ ខណៈ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ នៅ​សល់​បេក្ខភាព​ក្រុម Top-8 (៨​ក្រុម​ឈរ​កំពូល​តារាង​ជើង​ទី​១) ចំនួន ៤​ក្រុម​ប៉ុណ្ណោះ ដែល​នៅ​សល់​ឱកាស​ដណ្ដើម​ពាន រួម​មាន​ ១-ក្រុម​ភ្នំពេញ​ក្រោ​ន ២-ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ៣-ក្រុមវិសាខា និង៤-ក្រុម​​បឹង​កេ​ត​។

សម្រាប់​លទ្ធផល​គូ​ជក់ចិត្ត ក្នុង​ស​ប្ដា​ហ៍​ទី​១៧ នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ ក្រុម​បឹង​កេ​ត បាន​ប្រកួត​ស្មើ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ១-១ នៅ​កីឡដ្ឋាន​ខេ​ម​បូ​អ៊ែ​រ​វ៉េ​។ ក្នុង​ជំនួប​ដ៏​ជក់ចិត្ត​នេះ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ ១​គ្រាប់​មុន ពី​ការ​ទាត់​បាល់​ពិន័យ ១១​ម៉ែត្រ​របស់​កីឡាករ Lopez Mendy នៅ​នាទី​៤៩ មុន​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា ស៊ុត​គ្រាប់​តាម​ស្មើ ១-១ ឲ្យ​បឹង​កេ​ត នៅ​នាទី​៧៩ ហើយ​លទ្ធផល​នេះ ក៏​បាន​រក្សា​ដល់​ចប់​ការ​ប្រកួត​។

ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​ក្រុម​ណា​ហ្គា​វើ​ល​ដ៏ ដោយ​លទ្ធផល ៣-២ នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់​។ ៣​គ្រាប់​របស់​អតីត​ក្រុម​ជើងឯក ៦​សម័យ​ភ្នំពេញ​ក្រោ​ន ធ្វើ​បាន​សម្រេច​ដោយ​ខ្សែប្រយុទ្ធ​កូ​ឡុំ​ប៊ី Adres Nieto ២​គ្រាប់​ម្នាក់ឯង នៅ​នាទី​២៣ និង​នាទី​៧៤ និង​ខ្សែបម្រើ ប្រាក់ ធី​វ៉ា នៅ​នាទី​៤៣​។ ចំណែក​គ្រាប់​បាល់​វាយបក​តាម​ពីក្រោយ​របស់​ក្រុម​ណា​ហ្គា​វើ​ល​ដ៏ រកបាន​ដោយ​កីឡាករ Marcio ទាំង ២​គ្រាប់ នៅ​នាទី​៦២ និង​នាទី​៨០​។

ដោយឡែក​លទ្ធផល​គូ Top-8 ចំនួន ២​ប្រកួត​ទៀត កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា​ម្សិលមិញ ក្រុម​វិសាខា បាន​យកឈ្នះ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ លើ​ទឹកដី​របស់​ខ្លួន ដោយ​លទ្ធផល ៥-០ ដែល​គ្រាប់​បាល់​ជ័យជម្នះ​នេះ ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ ស៊ិ​ន កក្កដា ១​គ្រាប់​, Marcus Haber ២​គ្រាប់ និង Ajayi Opeyemi Korede ២​គ្រាប់​។ រីឯ​ក្រុម​អង្គ​រថៃហ្គឺ​រ បាន​បន្ដ​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​សមាគម​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ ដោយ​លទ្ធផល ២-១​។

ឆ្លងកាត់​ការ​ប្រកួត​ស​ប្ដា​ហ៍​ទី​១៧​នេះ ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ឡើងឈរ​កំពូល​តារាង​បណ្ដោះអាសន្ន ដោយ​មាន ៣៧​ពិន្ទុ​ក្នុង​ដៃ តាម​ពីក្រោយ​ដោយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង មាន​៣៥​ពិន្ទុ ខណៈ​ក្រុម​វិសាខា និង​បឹង​កេ​ត ឈរ​លេខ​៣ និង​លេខ​៤ មាន​៣៤​ពិន្ទុ​ស្មើគ្នា​។ រីឯ​ណា​ហ្គា​វើ​ល​ដ៏ ឈរ​លេខ​៥ មាន​២៨​ពិន្ទុ​, អង្គ​រថា​យ​ហ្គឺ​រ ឈរ​លេខ​៦ មាន​២៤​ពិន្ទុ​, កង​យោធពលខេមរភូមិន្ទ ឈរ​លេខ​៧ មាន​២២​ពិន្ទុ និង​គិរីវង់ ឈរ​លេខ​៨ មាន​១៣​ពិន្ទុ​។

ផ្អែក​លើ​លទ្ធផល​បណ្ដោះអាសន្ន​ពេល​នេះ គេ​ឃើញ​ក្រុម​មានឱកាស​ដណ្ដើម​ពាន​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២១ នៅ​សល់ ៤​ក្រុម​ប៉ុណ្ណោះ គឺ​មាន​ភ្នំពេញ​ក្រោ​ន ព្រះ​ខ័ន​រាជ​ស្វាយ​រៀង វិសាខា និង​បឹង​កេ​ត ខណៈ​ក្រុម Top-8 ៤​ក្រុម​ទៀត បាន​របូត​ឱកាស​ទៅ​ហើយ បើ​ប្រៀបធៀប​ពិន្ទុ​រវាង​ក្រុម​កំពូល​តារាង និង​ក្រុម​ឈរ​លេខ​៥ ដល់​លេខ​៨ ដ្បិត​ក្រុម​នីមួយ​ៗ នៅ​សល់​៣​ប្រកួត​ក្នុង​ដៃ​ប៉ុណ្ណោះ លើកលែង​វិសាខា និង​អង្គ​រថា​យ​ហ្គឺ​រ ដែល​នៅ​សល់​៤​ប្រកួត​ទៀត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ