ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ភ្ញាក់​ផ្អើល! ពេលដឹងថា​កូន​ៗជាកម្ម​ករ​១៧​នាក់ត្រូវ​ឃាត់​ខ្លួន ក្រោយ​ធ្វើ​តេស្ត

2 ឆ្នាំ មុន
  • កំពត

កម្មករ​រោងចក្រ​ពូ​ចិន​កណ្ដាល​ទួល ដែល​មា​នទី​តាំងនៅ​ភូមិ​កណ្ដាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើតេស្ត​ទឹកនោម​លើ​កម្មករ​ជា​បុរស​ចំនួន​៩៩​នាក់ កាលពី

ខេត្តកំពត ៖ កម្មករ​រោងចក្រ​ពូ​ចិន​កណ្ដាល​ទួល ដែល​មា​នទី​តាំងនៅ​ភូមិ​កណ្ដាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើតេស្ត​ទឹកនោម​លើ​កម្មករ​ជា​បុរស​ចំនួន​៩៩​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ និង​បាន​រក​ឃើញ​មាន​ចំនួន​១៧​នាក់ ជាប់​ពាក់ព័ន្ធ​មាន​សារធាតុ​គ្រឿង.ញៀន​នៅ​ក្នុង​ខ្លួន ។

ហើយ​នៅ​ក្នុង​ចំណោម​កម្មករ​ទាំង​១៧​នាក់​នេះ ក៏​ត្រូវ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វី​ដ​១៩​ទៀត ជា​លទ្ធផល គឺ​រក​ឃើញ​វិជ្ជមាន​ម្នាក់​មានឈ្មោះ សៅ សុ​ភ័​ណ្ឌ អាយុ​២៣​ឆ្នាំ ។

បើ​តាម​ការ​អះអាង​របស់​វរសេនីយ៍ទោ លាង ឈី​វ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កំពង់ត្រាច បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១​ថា ការ​ធ្វើតេស្ត​លើ​កម្មករ​រោងចក្រ​ពូ​ចិន​កណ្ដាល​ទួល​នេះ មាន​ក្រុម​គ្រូពេទ្យ និង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​៧​នាក់ រួម​ទាំង​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​កំពង់ត្រាច​ផង ដឹកនាំ​ដោយ​វរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​គ្រឿងញៀន និង​មានការ​សម្របសម្រួល​ពី​ឯកឧត្តម ឆេ​ង ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។
លោក លាង ឈី​វ បាន​បន្ត​ថា កម្មករ​ដែល​ធ្វើតេស្ត​មាន​សារធាតុ​គ្រឿងញៀន​នៅ​ក្នុង​ខ្លួន​ត្រូវ​បាន​ឃាត់ខ្លួន ហើយ​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ និង​យុវជន​ម្នាក់​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ក៏​ត្រូវ​បាន​បញ្ជូន​ម​កាន់​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ព្រះរាជ​សម្ភារ នៅ​ជើងភ្នំ​កកេះ ក្រុង​កំពត​ផង​ដែរ​។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ សាច់ញាតិ​ក្រុម​កម្មករ​រោងចក្រ​ពូ​ចិន​កណ្ដាល​ទួល ខាងលើ ក៏​បាន​នាំ​គ្នា​មក​ចាំ​ជួប​កូន​ៗ​នៅ​មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ។

ស្ត្រី​ម្នាក់​ឈ្មោះ​ចាន់ ណុំ អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ទ័ព​ស្ដេច ឃុំ​ត្រពាំង​សាលា​ខាងកើត ស្រុក​បន្ទាយមាស ជា​ម្តាយ​យុវជន​ម្នាក់​ដែល​ត្រូវ​នាំ​ខ្លួន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​និយាយ​ថា គាត់​មិន​បានដឹង​ថា គេ​ឃាត់ខ្លួន​កូនប្រុស​ឈ្មោះ ឡុ​ច តង អាយុ​២៦​ឆ្នាំ​នោះ​ទេ ព្រោះ​កូន​គាត់​ដឹង​តែ​មក​ធ្វើការ​នៅ​រោងចក្រ មិនដឹង​ថា​មាន​សារធាតុ​.​ញៀន​ក្នុង​ខ្លួន​ឡើយ ។

ចំណែក​បុរស​ឈ្មោះ យឿ​ន ជឿន អាយុ​៤២​ឆ្នាំ មក​ពី​ភូមិ​បាយ​ទា ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច បាន​និយាយ​នៅ​មុខ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១​ថា កូនប្រុស​គាត់​ឈ្មោះ សុខ ពិសិដ្ឋ អាយុ​២១​ឆ្នាំ ធ្វើ​កម្មករ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ដែរ ។ គាត់​ទើបតែ​ដឹង ដោយសារ​ដល់​ល្ងាច​ហើយ​មិនឃើញ​កូនប្រុស​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​ក្រោយមក​ទើប​ដឹង​ថា គេ​ឃាត់ខ្លួន​កូនប្រុស ដោយសារ​ធ្វើតេស្ត​រក​ឃើញ​មាន​សារធាតុ​.​ញៀន​នៅ​ក្នុង​ខ្លួន ។

ទោះបីជា​បែប​ណា បើ​តាម​មន្ត្រី​សមត្ថកិច្ច​មិន​ទាន់​ទម្លាយ​ឱ្យ​ដឹង​ថា កម្មករ​ទាំង​១៧​នាក់​នេះ ត្រូវ​ជាប់​ទោសទណ្ឌ​អ្វី​ទេ ឬ​គ្រាន់តែ​ធ្វើការ​អប់រំ​ក៏​មិនដឹង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ