ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនពាល​មួយ​ក្រុម​អាច​ត្រូវ​គេ​បញ្ជា​ឲ្យ​ជិះ​ម៉ូតូ​តាម​វាយ​អ្នកកាសែត​​ទាំង​​ថ្ងៃ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជន​អន្ធពាល​មួយ​ក្រុមដែល​ជិះ​ម៉ូតូ​បណ្ដាក់​គ្នា​ពី​០២​ទៅ​០៣​គ្រឿងដែល​គេ​សង្ស័យ​ថា អាច​ត្រូវ​គេ​ជួល​ឬ​បញ្ជា​ពីក្រោយ​ខ្នង​ឲ្យ​តាម​បុក​និង​វាយ​ទៅ​លើ​អ្នក​សារ​ព័​ត៌មាន​អន​ឡាញ​ម្នាក់ បណ្ដាល​ឲ្យ​រង​របួស​លើ​រាង​កាយ កាលពី​វេលា​ម៉ោង​៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ កញ្ញា ស្ថិតលើ​ដងផ្លូវ​ត្រង់​ចំណុច​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក…

ខេត្តបាត់ដំបង ​៖ ជន​អន្ធពាល​មួយ​ក្រុមដែល​ជិះ​ម៉ូតូ​បណ្ដាក់​គ្នា​ពី​០២​ទៅ​០៣​គ្រឿងដែល​គេ​សង្ស័យ​ថា អាច​ត្រូវ​គេ​ជួល​ឬ​បញ្ជា​ពីក្រោយ​ខ្នង​ឲ្យ​តាម​បុក​និង​វាយ​ទៅ​លើ​អ្នក​សារ​ព័​ត៌មាន​អន​ឡាញ​ម្នាក់ បណ្ដាល​ឲ្យ​រង​របួស​លើ​រាង​កាយ កាលពី​វេលា​ម៉ោង​៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ កញ្ញា ស្ថិតលើ​ដងផ្លូវ​ត្រង់​ចំណុច​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង តែ​ត្រូវ​ជន​រង​គ្រោះ​និង​អ្នកដំណើរ​ក្របួច​បាន​ជន​ដៃដល់​ម្នាក់​ប្រគល់​ជូន​សមត្ថកិច្ច​ ។

ជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ដេញ​វាយ​ឈ្មោះ ផ្លោ​យ ប៊ុ​ន​សឺ​យ ហៅ វី​រៈ ប្រុស​អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​សង្កាត់​កើតហេតុ និង​ជា​អ្នក​សារ​ព័​ត៏​មាន អង្គភាព SBT Post News ប្រចាំ​ខេត្តបាត់ដំបង​។ រីឯ​ជន​ដៃដល់​ដែល​ក្របួច​បាន​ម្នាក់​ឈ្មោះ រឿ​ត រ៉ា​មី ប្រុស​អាយុ​២១​ឆ្នាំ នៅ​ភូមិ​កំពង់​ម្ដោ​ក ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​។ ជន​នេះ និងបក្សពួក​ប៉ុន្មាន​នាក់​ទៀត បាន​ជិះ​ម៉ូតូ​ដេញ​តាម​បុក​ និង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​នៅ​តាម​ផ្លូវ បន្ទាប់​ពី​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញ​បន្ទប់​ស្នាក់​នៅ តែ​ត្រូវ​ជន​រង​គ្រោះ និងអ្នកដំណើរ​ចាប់​បាន​ម្នាក់​នេះ រួច​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​ចាត់ការ​តាម​នីតិវិធី​។

អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន បាន​ប្រាប់​កោះសន្តិភាព​ថា បើ​តាម​ចម្លើយ​សារភាព គឺជនសង្ស័យ​បាន​អះអាង​ថា ខ្លួន​មាន​គ្នា​០២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង​។ ជន​នេះ​បាន​សារភាព​ទៀត​ថា ពួក​ខ្លួន​ពិតជា​បាន​ជិះ​ម៉ូតូ​តាម​វាយ​អ្នក​សារ​ព័​ត៌មាន​ខាងលើ​មែន ដោយសារ​ខឹង​អ្នក​សារ​ព័​ត៌មាន​រូប​នេះ បាន​ថត​វី​ដេ​អូ​ឡាយ ពេល​ពួក​ខ្លួន​កំពុង​ផឹកស៊ី​នៅ​ក្ន​ង​ហាង​មួយ​កន្លែង កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។ ប៉ុន្តែ​លោក​អធិការ​មិន​បាន​បញ្ជាក់​ប្រាប់​អំពី​ទីតាំង និង យីហោ​ហាង​នោះ​ទេ ដោយ​គ្រាន់តែ​ប្រាប់​ថា នៅ​ភូមិ​អូរ​តា​គាំ​។

ដោយឡែក​ ជន​រង​គ្រោះលោក ផ្លោ​យ ប៊ុ​ន​សឺ​យ ហៅវរៈ បាន​និយាយ​ថា ពេល​លោក​ជិះ​ម៉ូតូ​ចេញពី​បន្ទប់​ស្នាក់​នៅមាន​មនុស្ស​មួយ​ក្រុម​ជិះ​ម៉ូតូ​ពី​០២​ ទៅ​០៣​គ្រឿង​ដេញ​តាម​លោក​ពីក្រោយ តែ​លោក​មិន​បាន​ចាប់​អារ​ម្ម​ណ៍ទេ​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ក្រុម​នោះ​ជិះ​បំ​បុក​ម៉ូតូ​ខ្លួន​ឲ្យ​ដូ​ល​រួម​ចុះ​វាយ​លោក​តែ​ម្ដង ដោយ​ប្រើ​កំណាត់​អុស​ ។ ពាក់ព័ន្ធ​នឹង​ចម្លើយ​ជនសង្ស័យ​ដែល​ថា ពួក​ខ្លួន​តាម​វាយ​អ្នក​សារ​ព័​ត៌មាន ដោយសារ​តែ​ខឹង​នឹង​អ្នក​សារ​ព័​ត៌​មាន​រូប​នេះ​ ថត​វី​ដេ​អូ​ឡាយ​នៅ​កន្លែង​ហាង ពួក​ខ្លួន​ផឹកស៊ី​។ ប៉ុន្តែ​បើ​តាម​លោក វី​រៈ បាន​អះអាង​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ លោក​មិន​បាន​ចុះ​ថត​ឡាយ​វី​ដេ​អូ នៅ​តាម​ហាង​ផឹកស៊ី​ណាមួយ ក្រៅពី​ភោជនីយដ្ឋាន​« ឡាយ​អិន សោ​ន​» ដែល​មា​នទី​តាំងនៅ​ក្បែរផ្លូវ​រថភ្លើងខាងកើត​ផ្សារ​រោងល្ខោន សង្កាត់​ទូល​តា​ឯកនោះ​ទេ​។

លោក វី​រៈ បាន​បញ្ជាក់​ថា ការ​ថត​សកម្មភាព​ភ្ញៀវ​ផឹកស៊ី​នៅ​ហាង «​ឡាយ​អិន សោ​ន​»​នោះ លោក​មិន​បាន​ឈរ​ថត​ឡាយ​ផ្ទាល់​ទេ គឺលោក​ជិះ​ម៉ូតូ​ថត​ជា​វី​ដេ​អូ​រយៈពេល​ខ្លី រួច​ផុស​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​។ ហើយ​ការ​ថត​នេះ​ទៀត គឺ​ក្រោយ​ពី​អាជ្ញាធរ​ចេញ​សេចក្ដីណែនាំ​ឲ្យ​បិត​ជា​បណ្ដោះអាសន្ន ចំពោះ​ទីតាំង​ហាង​ផឹកស៊ី​នានា នៅ​ក្នុង​ក្រុង ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩ តែ​ហាង​«​ឡាយ​អិន សោ​ន​» មិន​ព្រម​ស្ដាប់ ហើយ​នៅ​តែ​បន្ត​បើក​ទ​ទួល​ភ្ញៀវ​ពេញ​ៗ​ហាង​ដដែល គឺ បាន​តាមដាន និង ថត​សកម្មភាព​ផឹកស៊ី​រយៈពេល​០២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ២៥ និង ២៦ កញ្ញា​។

ដោយឡែក​ បើ​និយាយ​ពី​ពួក​ក្រុម​ជន​អន្ធពាល​ជិះ​ម៉ូតូ​ដេញ​វាយ​តាម​ផ្លូវ​វិញ លោក វី​រៈ បាន​និយាយ​ថា មុន​ពេល​កើតហេតុ អ្នក​ភូមិ​បានឃើញ​សកម្មភាព​ក្រុម​នេះ​ជិះ​ម៉ូតូ​ឆ្វែល​ទៅ​ឆ្វែល​មក​នៅ​លើ​ផ្លូវ​ខាង​មុខ​ផ្ទះ​ជួល​ដែល​លោក​ស្នាក់​នៅ​ ។ មិនតែប៉ុណ្ណោះ​ ក្រោយ​ពី​អាជ្ញាធរ​ចុះ​បិទ​ហាង​នេះ​ជា​ផ្លូវការ​ នៅ​យប់​ថ្ងៃ​ទី​២៧ កញ្ញា មាន​ចុងភៅ​ប្រុស​ម្នាក់​នៅ​ក្នុង​ហាង​ឡាយ​អិន​សោ​ន​នេះ ​ដែល​ស្គាល់​លោកបាន​ខ​ល​វី​ដេ​អូ​មក​សួរនាំ​លោក ដោយ​និយាយ​ផ្លែផ្កា​ឲ្យ​លោក ពី​រឿង​ថត​ហាង​របស់​គាត់​យក​ផ្សាយ ដែល​នាំ​ឲ្យ​គេ​ចុះ​បិទ លុះ​នៅ​​រសៀល​ថ្ងៃ​ទី ២៨ កញ្ញា ក៏​មាន​មនុស្ស​មួយ​ក្រោម​ជិះ​ម៉ូតូ​តាម​វាយ​លោក​តែ​ម្ដង​។ លោក មិន​បាន​ស្គាល់​ក្រុម​ជន​ដៃដល់​មក​ពីណា​ទេ ហើយ​ក៏​មិន​ធ្លាប់​មាន​គំនុំ​ជាមួយ​នរណា​ដែរ​។ ប៉ុន្តែ​មាន​ប្រភព​មួយ​ចំនួន​ដែល​គេ​ស្គាល់​ជន​ដៃដល់​ម្នាក់ ដែល​លោក​ចាប់​បាន​ប្រគល់​ជូន​សមត្ថកិច្ច បាន​បង្ហើប​ប្រាប់​លោក​ថា ជន​ដៃដល់​និង​បក្សពួក​មួយ​ចំនួន​ទៀត គឺ​ធ្វើការ​នៅ​ក្នុង​ភោជនីយដ្ឋាន «​ឡាយ​អិន សោ​ន​» នេះ​តែ​ម្ដង​។

កោះសន្តិភាពមិន​ទាន់​អាច​ទំនាក់ទំនង សុំ​ការ​បំភ្លឺ​ពី​ថៅកែ ហាង​ឡាយ​អិន​សោ​ន ឬ អ្នក​ទ​ទូល​ខុស​ត្រូវ​ហាង​នេះ​ណា​ម្នាក់​បាន​នៅឡើយ​ទេ ជុំវិញ​ការ​សង្ស័យ​ទៅ​លើ​អ្នកបំរើ​ការ​នៅ​ក្នុង​ហាង​ឡាយ​អិន​សោ​ន​ខាងលើ​នេះ គិត​ត្រិ​ម​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា​។ លោក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង​បាត់ដំបង បាន​បញ្ជាក់​ថា បើ​តាម​ចម្លើយ​ជនសង្ស័យ​ថា ខ្លួន​មាន​តែ​គ្នា​០២​នាក់​ទេ ដែល​ជិះ​ម៉ូតូ​តាម​វាយ​អ្នកកាសែត​។ ពេល​នេះ ​យើង​ឃាត់​បាន​ម្នាក់ តែ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន ដែល​កម្លាំង​ជំនាញ​កំពុង​តាម​ចាប់ខ្លួន​។

ទោះ​យ៉ាងណា ពាក់ព័ន្ធនឹង​សកម្មភាព ក្រុម​ជន​អន្ធពាល​ជិះ​ម៉ូតូ​តាម​វាយ​អ្នក​សារ​ព័​ត៌​មាន​ខាងលើ​នេះ បើ​តាម​មតិ​នានា បាន​យល់​ឃើញ​ថា ជនពាល​មួយ​ក្រុម​នេះ អាច​ត្រូវ​គេ​ជួល ឬ បញ្ជា​ឲ្យ​តាម​វាយ​អ្នក​សារ​ព័​ត៏​មាន​ខាងលើ​នេះ ដោយសារ​តែ​អ្នក​សារ​ព័​ត៌​មាន​រូប​នេះ ធ្វើ​ឲ្យ​បាត់បង់​ផល​ប្រ​យោ​ជ​ន៍ឬ មុខរប​របស់​ពួក​គេ​។ ព្រោះ​បើ​តាម​ចម្លើយ​សារភាព​របស់​ជន​ដៃដល់ គឺ អ្នកកាសែត អន​ឡាញរូប​នេះ​ បាន​ថត​សកម្មភាព​ផឹកស៊ី​ពួក​គេ​យក​ទៅ​ផ្សាយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កន្លែង​ផឹកស៊ី​របស់​ពួក​គេ ដូច្នេះ​ហើយ ​ទើប​ធ្វើ​ឲ្យ​ពួក​គេ​តាម​ចង​អ​ឃាត​តែ​ម្ដង​៕ ​

អត្ថបទសរសេរ ដោយ