ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​អារាម​រដូវ​កាន់បិណ្ឌ​ឆ្នាំ​នេះ​ខ្សត់​បច្ច័យ ទេយ្យទាន​ តែ​មិន​ដល់​ថ្នាក់​ដាច់​ចង្ហាន់​ទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​៧ ហើយ​សម្រាប់​ប្រទេស​កម្ពុជា នៅ​តាម​ទី​វត្ត​អារាម​គឺ​មាន​សភាព​ស្ងាត់ជ្រងំ ដោយសារ​រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាក នូវ​ការ​រៀបចំ​ពិធី​នៅ​ក្នុងឆ្នាំនេះ ដែល​ជា​វិធានការ​

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​៧ ហើយ​សម្រាប់​ប្រទេស​កម្ពុជា នៅ​តាម​ទី​វត្ត​អារាម​គឺ​មាន​សភាព​ស្ងាត់ជ្រងំ ដោយសារ​រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាក នូវ​ការ​រៀបចំ​ពិធី​នៅ​ក្នុងឆ្នាំនេះ ដែល​ជា​វិធានការ​ចាំបាច់ ដើម្បី​ទប់ស្កាត់ និង​ការ​ឆ្លង​រីក​រាល​នៃ​វីរុស​កូ​វី​ដ​-១៩ នា​រដូវ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ។

យ៉ាងណាមិញ គេ​សង្កេត​ឃើញ​ថា នៅ​វត្ត​អារាម​មួយ​ចំនួន​ធំ ក្នុង​រាជធានី​ភ្នំពេញ ក៏​មាន​ពុទ្ធ​បរិ​ស​ទ្ធ​នៅ​តែ​អាច​យក​ចង្ហាន់​ទៅ​ប្រគេន​​ព្រះសង្ឃ​បាន ដោយ​បងប្អូន​បាន​រៀបចំ​ចង្ហាន់ និង​ទេយ្យទាន​ផ្សេង​ៗ​នៅ​ខាង​មុខ​ខ្លោងទ្វារវត្ត​ប្រគេន​ដល់​ព្រះសង្ឃ តែ​មិន​មាន​ភាព​ហូរហៀរ​នោះ​ទេ ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ទេព គង្គា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ។

ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព នា​រសៀល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ នេះ លោក ទេព គង្គា បាន​ថ្លែង​ថា ស្ថានភាព​ឆ្នាំ​នេះ​មិន​បាន​ដូច​ឆ្នាំ​មុន​ៗ​ឡើយ ។ ដោយ​លោក​បាន​ពន្យល់​ថា «​ព្រោះ​ឆ្នាំ​នេះ​យើង​បាន​ចេញ​សេចក្តីជូនដំណឹង បិទ​ផ្អាក​ការ​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ ប៉ុន្តែ​ក៏​មាន​ពុទ្ធ​បរិ​ស​ទ្ធ​ដែល​លោក​ធ្វើ​ចង្ហាន់​ហើយ​យក​ទៅ​ប្រគេន​ដែរ តែ​វា​តិចតួចស្តួចស្តើង ។ បើ​បច្ច័យ ទេយ្យ​ទាន ទេយ្យវត្ថុ​ផ្សេង​ៗ គឺ​ខ្សត់ គ្រាន់តែ​មិន​ដល់​ថ្នាក់​អត់​ចង្ហាន់​ទេ ព្រោះ​អី​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ គឺ​គោរព​តាម​សេចក្តីសម្រេច​របស់​សម្តេច​តេ​ជោ ។

លោក​ពន្យល់​បន្ត​ថា ពលរដ្ឋ​លោក​នៅ​ធ្វើបុណ្យ តែ​លក្ខណៈ​ចង្អៀត​បំផុត មាន​ន័យ​ថា គាត់​អត់​ចូល​វត្ត​ទេ គ្រាន់តែ​យក​ចង្ហាន់​ដាក់​នៅ​តំបន់​មាន​សុវត្ថិភាព ព្រោះ​ព្រះសង្ឃ​ក៏​មិន​បាន​បើកទ្វារ​ដែរ ហើយ​អ​ញ្ចឹ​ង ពលរដ្ឋ​លោក​ប្រគេន​តាម​មាត់​ទ្វាររបង​វត្ត ដោយ​មាន​​ចងខ្សែ និង​មានការ​វេរ​ប្រគេន​អ៊ីចឹង​ទៅ »​។

លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ បាន​បន្ត​ថា «​បើ​និយាយ​ពី​បច្ច័យ ខ្សត់​បំផុត គ្រាន់តែ​ចង្ហាន់​នៅ​មាន តែ​មិន​ដល់​ថ្នាក់​លោក​ដាច់​ចង្ហាន់​នោះ​ទេ​» ។

សូម​បញ្ជាក់​ថា ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ក្រោយ​ពេល​រក​ឃើញ​ព្រះសង្ឃ និង​អ្នក​ស្នាក់​នៅ​ក្នុង​វត្ត​ចំពុះក្អែក ជាង ៤០ អង្គ​/​នាក់ មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ។ បន្ទាប់​មក​ថ្នាក់​ដឹក​ប្រទេស និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​បើក​ការ​ធ្វើតេស្ត​វត្ត​នៅ​រាជធានី​ភ្នំពេញ​ជាង ១៥០ វត្ត និង​បាន​រក​ឃើញ​មាន​ព្រះសង្ឃ យាយជី​តាជី គណៈកម្មការ​វត្ត និង​និស្សិត​ស្នាក់​នៅ​វត្ត ចំនួន ១៤១​អង្គ​/​នាក់ វិជ្ជមាន​កូ​វី​ដ​-១៩ ។

យ៉ាងណាមិញ លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ នា​ឱកាស​ទៅ​ទទួល​វ៉ាក់សាំង​ចំនួន​៣​លាន​ដូ​ស​ដែល​រដ្ឋាភិបាល​បញ្ជា​ទិញ​ពី​ប្រទេស​ចិន បាន​ថ្លែង​ថា ការ​សម្រេច​បិទ​ផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ គឺ​រាជរដ្ឋាភិបាល​ធ្វើ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ពិសេស​នៅ​ក្រោយ​ភ្ជុំ​ហើយ​ប្រជាពលរដ្ឋ​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ។

លោក​ជំទាវ​បញ្ជាក់​ថា «​រាជរដ្ឋាភិបាល​ធ្វើ​បែប​នេះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ឱ្យ​បាន​ទាន់​ពេលវេលា ពីព្រោះ​មិន​ចង់​ឲ្យ​ថា ក្រោយ​ពី​ភ្ជុំ​ហើយ ប្រជាពលរដ្ឋ​យើង​ទទួលផល​វិបាក​នៃ​ការ​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ។ ដូច្នេះ​ហើយ​ការ​សម្រេច​របស់​សម្តេច​តេ​ជោ គឺជា​ការ​សម្រេច​ត្រឹមត្រូវ​បំផុត ដើម្បី​ជួយ​ឲ្យ​មានការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ មានការ​គ្រប់គ្រង​បាន​ល្អ​»​។

ទោះបីជា​មានការ​ផ្អាក​ធ្វើ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ក្តី ប៉ុន្តែ​ប្រជាពលរដ្ឋ បើ​ចង់​ដាក់​នៅ​វត្ត អាច​យក​ទេយ្យទាន ឬ​ចង្ហាន់​ទៅ​ប្រគេន​ចៅអធិការ​វត្ត ឬ​ក៏​គណៈកម្មការ​វត្ត​ផ្ទាល់​តែ​ម្តង ហើយ​ទុក​ឱ្យ​ព្រះសង្ឃ​ចាត់ចែង​ដោយ​ខ្លួន​ព្រះសង្ឃ​ផ្ទាល់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ