ទីក្រុងអ៊ីស៊ីណូម៉ាគី មានប្រជាជន១៦.០០០នាក់ស្ថិតនៅក្បែរឆ្នេរសមុទ្ររងការបំផ្លាញខ្ទេចដោយរលកយក្សស៊ូណាមី។ ទីក្រុងនោះជាទីក្រុងទី២ ដែលរាយការណ៍ពីមនុស្សបាត់ខ្លួន១០.០០០នាក់។
បន្ទាប់ពីទីក្រុងមីណាមី សាន់រីគូ ទីក្រុងអ៊ីស៊ីណូម៉ាគី ជាទីក្រុងទី២ស្ថិតនៅជាប់ឆ្នេរសមុទ្រជំរឿនឃើញអ្នកបាត់ខ្លួន១០.០០០នាក់ក្នុងចំណោមប្រជាជន១៦.០០០នាក់របស់ក្រុងនេះមុនពេលមានគ្រោះមហន្តរាយ។ ទីក្រុងមីណាមី សាន់រីគូ និងទីក្រុងអ៊ីស៊ីណូម៉ាគី ស្ថិតក្នុងតំបន់មីយ៉ាហ្ស៊ី ជាខេត្តមួយនៅភាគខាងកើតប្រទេសដែលមានមនុស្សស្លាប់ច្រើនបំផុត។
យោងតាមតុល្យការចុងក្រោយរបស់ប៉ូលិសជប៉ុនថា ការរញ្ជួយដី និងស៊ូណាមីបណ្តាលឱ្យចំនួនមនុស្សស្លាប់ដែលជំរឿនឃើញឡើងដល់៥.១៧៨នាក់ ហើយមនុស្ស២.២៨២នាក់រងរបួស។ អាជ្ញាធរគិតថា ចំនួនអ្នកស្លាប់នឹងមានលើសពី១០.០០០នាក់បើគិតពីចំនួនអ្នកបាត់ខ្លួន។
នៅទីក្រុងតូក្យូដោយសារខ្លាចវិទ្យុសកម្មហាងទំនិញ បារឬភោជនីយដ្ឋានទាំងឡាយដែលតាមធម្មតាមានមនុស្សច្រើនកុះករបែរជាស្ងាត់ជ្រងំ។ សាលារៀនជាច្រើនត្រូវបិទទ្វាររួចបណ្តាសហគ្រាសទុកឱ្យបណ្តានិយោជិតរបស់ខ្លួនស្ថិតនៅផ្ទះ។ ការគំរាមកំហែងដោយគ្រោះមហន្តរាយនុយក្លេអ៊ែរដែលប្រភពស្ថិតនៅចំងាយ២៥០គីឡូម៉ែត្រពីក្រុងតូក្យូធ្វើឱ្យសង្កាត់មួយចំនួននៃរដ្ឋធានីជប៉ុនដែលមានប្រជាជនជាង៣០លាននាក់ប្រែក្លាយទៅជាតំបន់ស្ងាត់។ អ្នកក្រុងតូក្យូមួយចំនួនបាននាំគ្នាចាកចេញពីរាជធានី។ គេសង្កេតឃើញមនុស្សបន្តកន្ទុយគ្នានៅព្រលានយន្តហោះចាំទិញសំបុត្រយន្តហោះ។ មនុស្សដទៃៗទៀតទិញរបស់របរស្តុកទុកក្នុងផ្ទះ ហើយសំងំមិនចេញទៅណា។
លោកកាហ្ស៊ុយស៊ី អារីសាវ៉ា អ្នករត់តាក់ស៊ីម្នាក់ដែលនៅរង់ចាំម៉ូយចាប់តាំងពីជាងមួយម៉ោងមកហើយក្បែរអគារខ្ពស់មួយនិយាយថា ចូរមើលចុះពុំមានរថយន្តរត់ចុះឡើងច្រើនដូចកាលពីមុនឡើយ។
ប្រទេសបារាំងបានសំរេចចិត្តធ្វើមាតុភូមិនិវត្តន៍និស្សិត និងសាស្រាចារ្យ ព្រមទាំងអ្នកស្រាវជ្រាវទាំងអស់របស់ខ្លួនដែលមានវត្តមាននៅប្រទេសជប៉ុនដែលមានសរុបប្រមាណជា៦០០នាក់។
សហគ្រាសអាមេរិកផលិតថ្នាំអ៊ីយ៉ូឌៀរដឺប៉ូតាសីុយ៉ូមគឺសហគ្រាស ANBEX កំពុងតែអស់ថ្នាំនេះពីឃ្លាំងស្តុកមកពីសេចក្តីត្រូវការខ្ពស់បណ្តាលមកពីគ្រោះថ្នាក់នុយក្លេអ៊ែរនៅជប៉ុន។ ការទិញថ្នាំនេះខ្លាំងបំផុត ពិសេសនៅតំបន់ឆ្នេរសមុទ្រភាគខាងលិចសហរដ្ឋអាមេរិក ហើយក៏មានសេចក្តីត្រូវការខ្ពស់ពីជប៉ុន កូរ៉េ និងជាទូទៅនៅអាសីុ ៕
ចែករំលែកព័តមាននេះ