ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​កម្ពុជា​-​ថៃ​6​រូប​ណាត់ជួប​គ្នា​នៅ​លើ​សង្វៀន​ខេត្តសៀមរាប​ខានស្អែក​នេះ

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​យប់ខាន​​ស្អែក ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នឹង​ចាប់ផ្ដើម​ឡើង​ទៀត​ហើយ​នៅ​ចំ​កណ្ដាល​ទីរួមខេត្ត​សៀមរាប ដែល​ការ​ប្រកួត​នេះ គឺជា​ព្រឹត្តិការណ៍​ប្រដាល់​ទេសចរណ៍​ជើង​ទី​២​ របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍

ខេត្តសៀមរាប ៖ នៅ​យប់ខាន​​ស្អែក ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នឹង​ចាប់ផ្ដើម​ឡើង​ទៀត​ហើយ​នៅ​ចំ​កណ្ដាល​ទីរួមខេត្ត​សៀមរាប ដែល​ការ​ប្រកួត​នេះ គឺជា​ព្រឹត្តិការណ៍​ប្រដាល់​ទេសចរណ៍​ជើង​ទី​២​ របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ សម្រាប់​ឆ្នាំ​២០១៦ ។ កីឡាករ​កម្ពុជា​៣​រូប ​គឺ​ផា​ន់ គ្រាន់​, សែន រ៉ា​ឌី និង​រឿង សោ​ភ័​ណ្ឌ ដែល​សុទ្ធតែ​ជា​កីឡាករ​ល្អ​នឹង​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​បំផុត​ដោយសារ​តែ​វត្តមាន​កីឡាករ​កម្ពុជា​សុទ្ធតែ​ល្អ​ៗ ។

កីឡាករ ផា​ន់ គ្រាន់ មក​ពី​ក្លិប​គជសារ​កីឡា នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឃុំ ភិត ក្នុង​នាម​ជា​គូ​អន្តរជាតិ​ទី​១ ។ កីឡាករ​ទាំង​ពីរ​នឹង​ឡើង​ប៉ះ​គ្នា​នៅ​ក្នុងព្រឹត្តិ​ការណ៍​ប្រដាល់​ទេសចរណ៍​ឧបត្ថម្ភ​ដោយក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ដែល​នឹង​បើក​ឆាក​នៅ​ក្រុង​សៀមរាប​ចាប់ពី​ម៉ោង​៨​រហូត​ដល់​ម៉ោង​១០​យប់​ថ្ងៃ​សុក្រ​ ទី​២៦ កុម្ភៈ ខាន​ស្អែក។ ការ​ប្រកួត​របស់​គូ​នេះ ត្រូវ​គេ​កត់សម្គាល់​ពី​ស្នាដៃ​រួច​ទៅ​ហើយ ដោយសារ​តែ​កីឡាករ​កម្ពុជា ផា​ន់ គ្រាន់ មានឈ្មោះ​បោះ​សំឡេង​ស្រាប់ ហើយ​កីឡាករ​ថៃ​ក៏​មាន​ប្រវត្តិ​ប្រកួត​ល្អ​ក្នុង​ក្រសែភ្នែក​ពលរដ្ឋ​ខ្មែរ​រួច​ទៅ​ហើយ​ដែរ ។ កីឡាករ​ថៃ ឃុំ ភិត ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ប៉ុន្មាន​លើក​រួច​មក​ហើយ ដោយ​ការ​ប្រកួត​កន្លង​មក គឺ​មាន​ថ្វីដៃ​ល្អ​ប្រសើរ ។

អ៊ីចឹង​ហើយ​ទើប​ការ​ប្រកួត​របស់​គេ​សម្រាប់​យប់​ខានស្អែក មានការ​ចាប់អារម្មណ៍​ច្រើន​ដោយសារ​តែ​គេ​ចង់​ដឹង​ថា តើ​កីឡាករ​ថៃ​រូប​នេះ​ទៅ​រួច​ឬ​យ៉ាងណា​នៅ​ពេល​ប៉ះ​ជាមួយ​ផា​ន់ គ្រាន់ ។ យ៉ាងណា​ក៏​ដោយ​មានការ​ប៉ាន់​ស្មានថា កីឡាករ​ថៃ​ទំនង​មិន​អាច​វាយ​ឈ្នះ​ជើង​ខ្លាំង​កម្ពុជា​បាន​ទេ ដោយសារ​ផា​ន់ គ្រាន់ គឺ​មិនមែន​ធម្មតា ។ កីឡាករ​ថៃ ឃុំ ភិត ធ្លាប់​ប្រកួត​បាន​១១០​លើក ឈ្នះ​៨៩​លើក ចាញ់​១៨​លើក និង​ស្មើ​៣​លើក ដោយ​ការ​ប្រកួត​របស់​គេ​កន្លង​មក​មានការ​អះអាង​ថា ធ្លាប់​ធ្វើ​ឲ្យ​កីឡាករ​ជើង​ខ្លាំង​ថៃ និង​បរទេស​បរាជ័យ​ច្រើន​លើក ។ អ្នកគាំទ្រ​នៅ​តែ​ទុកចិត្ត​លើ​កីឡាករ​កម្ពុជា​ដោយសារ​តែ​ជើង​ខ្លាំង​រូប​នេះ បើ​ទោះជា​ពេល​បច្ចុប្បន្ន​មើលទៅ​គេ​ដូច​ជា​រាង​ធ្លាក់ដៃ​បន្តិច ប៉ុន្តែ​កម្លាំង​ស៊ុ​ហ្វ​នៅ​តែ​ល្អ ហើយ​បច្ចេកទេស​ប្រកួត​ក៏​រស់​រវើក​ជាង​មុន​ទៅ​ទៀត ។ សំអាង​លើ​ប្រវត្តិ​ប្រកួត​បាន​៧៧​លើក ឈ្នះ​៦៥​លើក ចាញ់​១០​លើក និង​ស្មើ​២​លើក  អ្នកគាំទ្រ​នៅ​តែ​ជឿជាក់​ច្រើន​ថា​កីឡាករ ផា​ន់ គ្រាន់ នឹង​ស្ពាយ​ជ័យជម្នះ​ត្រឡប់​មក​ភ្នំពេញ​វិញ​។

កីឡាករ សែន រ៉ា​ឌី មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ នឹង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផុ​ន សាវ៉ា​ត់ ក្នុង​នាម​ជា​គូ​អន្តរជាតិ​ទី​២​នៅ​លើ​សង្វៀន​។ កីឡាករ​ថៃ​រូប​នេះ ធ្លាប់​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ច្រើន​លើក​មក​ហើយ ដោយ​ការ​ប្រកួត​របស់​គេ គឺ​ទោះជា​មាន​លទ្ធផល​អាក្រក់​ខ្លះ​នៅ​ក្រោយ​ពេល​ប្រកួត​ចប់​ក៏​ដោយ ក៏​លទ្ធផល​ល្អ​នៅ​តែ​ធ្វើ​ឲ្យ​មហាជន​ទទួលស្គាល់​រាល់ពេល​ប្រកួត​ឈ្នះ​ម្ដង​ៗ ។ កីឡាករ​ថៃ ផុ​ន សាវ៉ា​ត់ មាន​អ្នក​ស្នេហា​ការ​ប្រដាល់​នៅ​កម្ពុជា​ទទួលស្គាល់​សមត្ថភាព​សម្បើម​ណាស់​ដោយ​សារ​តែ​ការ​ប្រកួត​របស់​គេ គឺ​អាច​និយាយ​បាន​ថា​សឹង​មិន​មាន​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​រូប​ណា​ស៊ី​គេ​ដោយ​ស្រួល ប៉ុន្តែ​បើ​គេ​ឈ្នះ​វិញ គឺ​ឈ្នះ​ដាច់​តែ​ម្ដង ។ គូ​នេះ គេ​មិន​ហ៊ាន​ធានា​ថា​កីឡាករ សែន រ៉ា​ឌី ឬ​កីឡាករ​ថៃ​នោះ​ទេ ដោយសារ​តែ​កីឡាករ​កម្ពុជា​ក៏​ល្អ ហើយ​ភាគី​គូប្រកួត​ក៏​មិនមែន​ធម្មតា ។

យ៉ាងណា​ក៏​ដោយ គេ​នៅ​តែ​ទុកចិត្ត​កីឡាករ​កម្ពុជា​ភាគច្រើន ដោយសារ​តែ​សែន រ៉ា​ឌី គឺជា​កីឡាករ​ល្អ​មិន​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត ។ ការ​ប្រកួត​គូ​នេះ មានការ​ប៉ាន់ស្មាន​ស្ទើរ​ទាំងអស់​ថា កីឡាករ​ទាំង​ពីរ​នឹង​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​ប្រដាល់​នៅខេត្តសៀមរាប​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ទេសចរណ៍ ដែល​រៀបចំ​ដោយ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​មិន​ខាន ។ កីឡាករ​ថៃ ផុ​ន សាវ៉ា​ត់ ធ្លាប់​ប្រកួត​បាន​៦៩​លើក ឈ្នះ​៦៥​លើក ចាញ់​៤​លើក មិន​ដែល​ស្មើ ខណៈ​ដែល​កីឡាករ​កម្ពុជា សែន រ៉ា​ឌី ធ្លាប់​ប្រកួត​បាន​៥៩​លើក ឈ្នះ​៤៦​លើក ចាញ់​១២​លើក និង​ស្មើ​១​លើក ។ ទោះបី​តួលេខ​ប្រកួត​ចាញ់​កីឡាករ​ថៃ​ក៏​ពិតមែន ប៉ុន្តែ​សមត្ថភាព​លើ​រេញ​ក្រោយ​ៗ​របស់​គេ​គឺ​ល្អ ។

គូ​អន្តរជាតិ​មួយទៀត គឺជា​ការ​ប៉ះ​គ្នា​រវាង​កីឡាករ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ជាមួយនឹង​កីឡាករ​ថៃ​ឈ្មោះ កាំ​ឡៃ​ភិត ដែល​គូ​នេះ​ក៏​មានការ​ចាប់អារម្មណ៍​មិន
ណ​យ​ដែរ ។ កីឡាករ​ថៃ​គូ​នេះ​ធ្លាប់​ប្រកួត​បាន​៩៨​លើក ឈ្នះ​៧៨​លើក ចាញ់​១៨​លើក និង​ស្មើ​២​លើក ខណៈ​ដែល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​១៤១​លើក ឈ្នះ​១២៨​លើក ចាញ់​១១​លើក និង​ស្មើ​៣​លើក គឺ​ច្រើន​ជាង​គូប្រកួត​។ យ៉ាងណា​ក៏​ដោយ​គេ​ចាត់​ទុក​ថា កីឡាករ​រឿង សោ​ភ័​ណ្ឌ ទំនង​ពិបាក​ឈ្នះ​កីឡាករ​ថៃ ដោយសារ​តែ​ការ​ប្រកួត​របស់​គេ​នា​ពេល​ចុង​ក្រោយ​ទទួល​បាន​លទ្ធផល​មិនសូវ​ល្អ​នៅ​លើ​សង្វៀន ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ការ​បើក​សង្វៀន​ប្រកួត​នៅ​ខេត្តសៀមរាប យប់​ស្អែក គឺជា​ការ​ចាប់ផ្ដើម​លើក​ទី​២ សម្រាប់​ព្រឹត្តិការណ៍​ប្រដាល់​ទេស​ចរណ៍​ក្នុង​ឆ្នាំ​២០១៦ ។ ក្រៅពី​ការ​ប្រកួត​របស់​គូ​អន្តរជាតិ​ទាំង​៣​គូ ក៏​មាន​កីឡាករ​កម្រិត​ជាតិ​ប្រកួត​គ្នា​ចំនួន​៤​គូ​ផង​ដែរ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​។ លោក​នៅ​តែ​រំពឹង​ខ្ពស់​ចំពោះ​​សន្ទុះ​គាំទ្រ​បន្ទាប់​ពី​ការ​ប្រកួត​បើក​ឆាក​នៅ​ខេត្តរតនគិរី​ទទួល​បានការ​គាំទ្រ​ពេញទំហឹង ។ ព្រឹត្តិការណ៍​នេះ នឹង​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ចាប់ពី​ម៉ោង​៨​ដល់​ម៉ោង​១០​យប់ នៅ​ថ្ងៃ​សុក្រ​ទី​២៦ កុម្ភៈ ខានស្អែក​នេះ ៕