ជើងឯកប្រដាល់ទម្ងន់ធ្ងន់ពិភពលោកវ្ល៉ាឌីមៀ ឃ្លីតស្កូ បានដកខ្លួនចេញពីការប្រកួតការពារខ្សែក្រវាត់ស្ថាប័នIBF/WBOរបស់ខ្លួនប្រឆាំងនឹងកីឡាករអង់គ្លេសឌីរ៉េក ស៊ីសូរ៉ាក្រោយពីរបួសចាស់បានរើឡើងវិញ។ កីឡាករវ័យ៣៤ឆ្នាំរបស់អ៊ុយក្រែនរូបនេះបានរងការឈឺចាប់ជាថ្មី ខណៈពេលកំពុងហ្វឹកហាត់ត្រៀមប្រកួត។ នេះជាលើកទី២ហើយដែលវ្ល៉ាឌីមៀប្រកាសលុបចោលការប្រកួតជាមួយកីឡាករស៊ីសូរ៉ា។ គម្រោងជួបគ្នារវាងរូបគេនិងស៊ីសូរ៉ាលើកទី១គឺនៅថ្ងៃទី១១ខែធ្នូឆ្នាំ២០១០។ ឯគម្រោងជួបលើកនេះគឺនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០១១ ខាងមុខនៅប្រទេសអាល្លឺម៉ង់។
វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់វ្ល៉ាឌីមៀបាននិយាយកាលពីថ្ងៃសៅរ៍ទី៥ មីនាថា ការប្រកួតដែលគ្រោងនឹងធ្វើនៅថ្ងៃទី៣០ខែមេសានោះមិនអាចទៅរួចទេ។ លោកវេជ្ជបណ្ឌិតHans-Wilhelm Mueller-Wohlfahrtបាននិយាយថា៖«នៅពេលនេះ ពេលវេលាពិតប្រាកដនៃការធូរស្បើយពិបាកនឹងទស្សន៍ទាយខ្លាំងណាស់។ ការប្រកួតនៅថ្ងៃទី៣០ខែមេសា អាចជាការប្រថុយប្រថានខ្លាំងណាស់»។
ការលុបចោលការប្រកួតនេះ វ្ល៉ាឌីមៀក៏បានសម្តែងការសោកស្តាយព្រមទាំងសុំទោសចំពោះបណ្តាអ្នកគាំទ្ររបស់ខ្លួនផងដែរ។ កីឡាកររូបនេះបាននិយាយថា៖«ខ្ញុំពិតជាមានការសោកស្តាយដែលការប្រកួតនេះត្រូវបានលុបចោលនៅទីបញ្ចប់។ ខ្ញុំជឿជាក់ថា ពួកយើងនឹងរៀបចំការប្រកួតមួយជាថ្មីទៀតនៅទីក្រុងMannheim»។ សូមបញ្ជាក់ថា វ្ល៉ាឌីមៀ ឃ្លីតស្កូមានឯតទគ្គកម្មប្រកួតឈ្នះ៥៥លើកចាញ់៣លើក និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់ចំនួន៤៩លើក។ ចំណែកស៊ីសូរ៉ាវិញ ប្រកួត១៤លើកមិនធ្លាប់ចាញ់ទាល់តែសោះ៕
ចែករំលែកព័តមាននេះ