ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​សង្កាត់ និង​ខណ្ឌពោធិ៍សែនជ័យ ឃុបឃិត​ឱ្យ​ឈ្មួញ​ចាក់​ដី​លុប​ប្រឡាយ​មេ​១ខ្សែ​

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រឡាយ​មេ​១​ខ្សែ ទំហំ​៥​ម៉ែត្រ​ គុណ​នឹង​ជាង​២០០០​ម៉ែត្រ ដែល​ជា​សម្បត្តិ​រួម​ក្រុមសាមគ្គី​របស់​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​ស្នួល​ខ្ពស់ ​ខណ្ឌ​ពោធិ៍​​សែន​ជ័យ ​ត្រូវ​បាន​ឈ្មួញ​ជីកដី​​​ឈ្មោះកែប សុខ​មាន ចាក់​លុប​អស់​១​កំណាត់​ ដើម្បី​ធ្វើ​​​ផ្លូវ​ សម្រាប់​រថ

​រាជធានីភ្នំពេញ ៖ ​ប្រឡាយ​មេ​១​ខ្សែ ទំហំ​៥​ម៉ែត្រ​ គុណ​នឹង​ជាង​២០០០​ម៉ែត្រ ដែល​ជា​សម្បត្តិ​រួម​ក្រុមសាមគ្គី​របស់​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​ស្នួល​ខ្ពស់ ​ខណ្ឌ​ពោធិ៍​​សែន​ជ័យ ​ត្រូវ​បាន​ឈ្មួញ​ជីកដី​​​ឈ្មោះកែប សុខ​មាន ចាក់​លុប​អស់​១​កំណាត់​ ដើម្បី​ធ្វើ​​​ផ្លូវ​ សម្រាប់​រថ​យន្ត​ដឹក​ដី​របស់​ខ្លួន បើកបរ​បាន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ ​អស់​ទំនុកចិត្ត​ទៅ​លើ​អាជ្ញាធរ​ខណ្ឌ ​និង​សង្កាត់ ដែល​បាន​បិទ​ភ្នែក​ធ្វើ មិន​ដឹង​មិន​ឮ បណ្ដោយ​ឱ្យ​ឈ្មួញ​ខាងលើ​ចាក់​ដី​លុប​ប្រឡាយ ដោយ​គ្មាន​ចំណាត់ការ​​បន្តិចបន្តួច​ទាល់តែ​សោះ​។

នៅ​ពេល​ពួក​គាត់​នាំ​គ្នា​រារាំង ត្រូវ​បាន​ឈ្មួញ​ខាងលើ​អះអាង​ថា​ ការ​ចាក់​លុប​ប្រឡាយ​នោះ​ គឺ​មានការ​ឯកភាព​ពី​អាជ្ញាធរ​ខណ្ឌ ​និង​សង្កាត់ ដើម្បី​ដឹក​ដី​ចេញពី​តំបន់​នោះ និង​បាន​បង់លុយ​ឱ្យ​​ទៅ​អាជ្ញាធរ​ខណ្ឌ​ក្នុង​គ្រឿងចក្រ​១​គ្រឿង​ ១​ខែ​១៥០០​ដុល្លារ ជា​រៀង​រាល់​ខែ​​ទៀត​ផង ទើប​អាច​ដាក់​គ្រឿងចក្រ ដល់​ទៅ​២​គ្រឿង និង​ចំណាយ​លុយ​បង់​ចូល​ខណ្ឌ​១​ខែ​ៗ​​សរុប​៣០០០​ដុល្លារ​ឯណោះ​ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ប្រឡាយ​មេ​១​ខ្សែ​នោះ មាន​សារ​សំខាន់​ខ្លាំង​ណាស់ សម្រាប់​ការ​បង្ហូរ​ទឹក​ចេញ​-​ចូល​ក្នុង​ស្រែ​របស់​ពួក​គាត់ នៅ​ពេល​ដែល​មាន​គ្រោះ​ធម្មជាតិ​ភ្លៀង​ខ្លាំង​ទឹក​ច្រើន​ បង្ក​ឱ្យ​លិចលង់​ស្រូវ​សន្ទូង ត្រូវ​បង្ហូរទឹក​ចេញពី​ក្នុង​ស្រែ​តាម​ប្រឡាយ​មេ​នេះ ដើម្បី​កុំ​ឲ្យ​រលួយ​ស្រូវ​ខូច និង​បើសិន​នៅ​ក្នុង​ស្រែ​មិនសូវ​មានទឹក គឺ​បង្ហូរទឹក​ពី​ប្រឡាយ​មួយ​នេះ​ បញ្ចូល​ទៅ​ក្នុង​ស្រែ មិន​ឲ្យ​ស្រូវ​ស្កក​​ជាដើម​ ។

​មិន​តែ​ប៉ុណ្ណោះ ប្រឡាយ​មួយ​នេះ​ ទើបតែ​ស្ដារ​ឲ្យ​ជ្រៅ​បាន​ក្នុង​ឆ្នាំ​២០១៥ កន្លង​មកនេះ​​ប៉ុណ្ណោះ ស្រាប់តែ​ឥឡូវ​​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​បណ្ដែតបណ្ដោយ​ឱ្យ​ឈ្មួញចាក់​ដី​លុប​បែប​នេះ​​ទៅ​វិញ ហើយ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​តូច​តាច​មិន​ហ៊ាន​ប្រឆាំង​ជាមួយ​ទេ ព្រោះ​​ឮ​ថា​បង់លុយ​ឲ្យ​អាជ្ញាធរ​រួច​អស់ហើយ​បែប​នេះ ។ ប៉ុន្តែ​ពួក​គាត់​ក៏​អស់​ទំនុកចិត្ត ជាមួយ​អាជ្ញាធរ​ខណ្ឌ​និង​សង្កាត់​ដែរ ។

ប្រភព​ដដែល​​​បន្ត​ថា ពួក​គាត់​បាន​ដឹង​ថា ឈ្មួញ​ខាងលើ​មាន​បំណង​ជីករណ្ដៅ​ដី​នៅ​តំបន់​នោះ ជា​ជំ​ហាន​​ដំបូង ទំហំ​ជា​១​ហិក​​តា ​គឺ​ដី​ដែល​ឈ្មួញ​ទិញ​ទុក​យូរ​ហើយ បន្ទាប់​ពី​ជីក​បាន​ជ្រៅ​ហើយ​បាក់​ដី​អ្នក ស្ថិត​នៅ​ជាប់​ៗ​នោះ​ហើយ ឈ្មួញ​និង​ទី​យក​ក្នុង​តម្លៃ​ថោក​ៗ​ជីក​ពង្រីក​បន្ថែម​ទៀត​ឲ្យ​កាន់តែ​ធំ ក្លាយទៅជា​កូន បឹង​មួយ ដែល​មាន​ជម្រៅ​ហួស​ក្បាល​ប្រេត​មិន​ខាន​ឡើយ​ ។

ពួក​គាត់​មានការ​មិន​សប្បាយចិត្ត​ឡើយ នៅ​ពេល​មានការ​ឃុបឃិត​គ្នា ​ចាក់​លុប​ប្រឡាយ និង​ជីករណ្ដៅ​ដី​នៅ​ជាប់​ដីស្រែ​ពួក​គាត់​បែប​នេះ ហើយ​ឥឡូវ​បើ​លោក​ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ និង​លោក​សេង គន្ធ ដែល​ជា​អភិបាលរង​ទទួល​បន្ទុក​រណ្ដៅ​ដី ព្រមទាំង​អាជ្ញាធរ​សង្កាត់ មិន​មាន​ចំណាត់ការ​ទៅ​លើ​ការ​ចាក់​ដី​លុប​ប្រឡាយ​មេនោះ​ហើយ​។ ពួក​គាត់​សំណូមពរ​ដល់​លោក​អភិ​បាល​រាជ​ធានី​ភ្នំពេញ ឬ​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​នានា កុំ​ឃុបឃិត​ជាមួយ​ឈ្មួញ​អី ហើយ​ជួយ​មាន​ចំណាត់​ការ​ចំពោះ​បញ្ហា​នេះ ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ពួក​គាត់​ផង​ ។ ​