ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ទេស​រដ្ឋ​មន្ត្រី​ ចម ប្រសិទ្ធ សង់​ប៉ុស្តិ៍​យាម​ដល់​ស​មត្ថ​កិច្ច​ការ​ពារ​សុវត្ថិ​ភាព

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប៉ុស្តិ៍​យាម​គោល​ដៅ​២៤​ម៉ោង​​១​កន្លែង​ត្រូវបាន​សម្ពោធ​ប្រគល់​ឱ្យ​​ប៉ូលិស​​នៃ អធិ​ការ​ដ្ឋាន​នគរ​បាល​​ខណ្ឌ​ដង្កោ ​ដើម្បី​ប្រើ​ប្រាស់​​សម្រាប់​ជា​កន្លែង​ការ​ពារ​សុវត្ថិ​ភាព​​ជូន​ប្រជា​ពល​រដ្ឋ​តាមដង​ផ្លូវ ។ ពិធី​សម្ពោធ​​កាត់​ខ្សែ​បូ​​ប្រគល់​ប៉ុស្តិ៍​យាម​ដល់​​​ប៉ូលិស​​នោះ​ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​​​ព្រឹក​ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០១១​ ដែល​​​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​អូរ​ដឹម​កប់​ស្រូវ ភូមិ​ចែង​ម៉ែង ​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ។

ប៉ុស្តិ៍​​យាម​នោះ ​គឺ​ជា​អំណោយ​របស់​លោក​ទេស​រដ្ឋ​មន្ត្រី​ ចម ប្រសិទ្ធ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម ហើយ​នៅ​ក្នុង​​ពិធី​​​នោះ​លោក​រដ្ឋ​មន្ត្រី​​ និង​ភរិយា​​បាន​អញ្ជើញ​ទៅ​កាត់​ខ្សែ​បូ​​សម្ពោធ​​ដោយ​ផ្ទាល់ ។ ក្នុង​នោះ​ដែរ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​​លោក ​សេង គន្ធ ​អភិ​បាល​រង​ខណ្ឌ​ដ​ង្កោ ​លោក​ភួង ម៉ាឡៃ ​ស្នង​ការរង​​ប៉ូលិស​​រាជ​ធានី​ភ្នំពេញ ​លោក​ប៊ន សំអាត អធិការ​ប៉ូលិស​ខណ្ឌ ​ព្រម​ទាំង​លោក​​នាយ​ នាយ​រង​ប៉ូលិស​ប៉ុស្តិ៍​ជា​ច្រើន​​រូប​ទៀត ។ ​

លោក​ទេស​រដ្ឋ​មន្ត្រី​​ ចម ប្រសិទ្ធ ​រដ្ឋ​មន្ត្រី​​ក្រសួង​ពាណិជ្ជ​កម្ម​បាន​​​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​ការ​ចូល​រួម​ចំណែក​ការ​ងារ​ការ​ពារ​សុវត្ថិ​ភាព​ជា​មួយ​នគរ​បាល​ជាតិ ព្រោះ​​ពេល​នេះ​​ទោះ​បី ជា​ប្រទេស​​ជាតិ​យើង​មាន​សុខ​សន្តិ​ភាព​ពេញ​លេញ​​ ហើយ​ក្តី ប៉ុន្តែ​​នៅ​មាន​សកម្ម​ភាព​ក្រុម​ក្មេង​ទំនើង​​ និង​ក្រុម​ចោរ​ប្លន់​​តែង​តែ​ធ្វើ​​សកម្ម​ភាព​នៅ​ឡើយ ​ដូច្នេះ​​​​ទើប​លោក​​កសាង​ប៉ុស្តិ៍​នោះ​ឡើង ដើម្បី​​ឱ្យ​កម្លាំង​នគរ​បាល​ឈរ​ជើង​​ការ​ពារ​ល្បាត​ពួន​ស្ទាក់​​រក្សា​សន្តិ​សុខ​​សុវត្ថិ​ភាព​​ជូន​ប្រជា​ពល​រដ្ឋ ។

លោក​អធិ​ការ​ ប៊ន ​សំអាត ​​បាន​ថ្លែង​​អំណរ​គុណ​​យ៉ាង​​ជ្រាល​ជ្រៅ​​ចំពោះ​​​លោក​រដ្ឋ​មន្ត្រី​​ ចម ប្រសិទ្ធ និង​ភរិយា​ដែល​បាន​គិត​គូ​រ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ទី​ជំរក​សម្រាប់​កង​កម្លាំង​​ប៉ូលិស​​ ជា​គោល​ដៅ​ការ​ពារ​សុវត្ថិ​​ភាព​ ហើយ​លោក​ក៏​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ដាក់​​កម្លាំង​ឈរ​ជើង​ជាប់ជា​ប្រចាំ​រង់​ចាំ​ចេញ​អន្តរា​គមន៍​​ពេល​មាន​ហេតុ​ការណ៍​កើត​ឡើង ៕