នាយករដ្ឋមន្ត្រីជប៉ុន លោកណាអូតូ កាន កាលពីថ្ងៃទី១៣ មីនា រងការរិះគន់យ៉ាងខ្លាំង ចំពោះការបញ្ចេញប្រតិកម្មដែលគេយល់ថា យឺតយ៉ាវពេករបស់រដ្ឋាភិបាលលោក ចំពោះការផ្ទុះមជ្ឈមណ្ឌលនុយក្លេអ៊ែរមួយ ក្រោយការរញ្ជួយដីនៅភាគឦសានប្រទេស។
ក្នុងអត្ថាធិប្បាយមួយកាសែតជប៉ុនយ៉ូមីអ៊ូរី ជាកាសែតធំបំផុតវាយតម្លៃថា រដ្ឋាភិបាលផ្តល់ព័ត៌មានយឺតពីបញ្ហាទាំងឡាយនៃការផ្ទុះក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ាលេខ១ ដែលការផ្ទុះបានកម្ទេចដំបូល និងជញ្ជាំងអគារ ដែលមានរេអាក់ទ័រទីមួយ ក៏ប៉ុន្តែពុំបណ្តាលឱ្យបែករេអាក់ទ័រនេះឡើយ ។ ការធ្លាយវិទ្យុសកម្មកើតមានជុំវិញមជ្ឈមណ្ឌលនុយក្លេអ៊ែរនេះ ក៏ប៉ុន្តែរដ្ឋាភិបាលប៉ុនប៉ងសម្រាលការភ័យខ្លាចរបស់ប្រជាជនដោយអះអាងថា ពុំមានគ្រោះថ្នាក់នៃការបែកធ្លាយរេអាក់ទ័រឡើយ និងថា កម្រិតវិទ្យុសកម្មមានការថយចុះក្រោយការផ្ទុះ។
កាសែតយូមីអ៊ូរីគូសបញ្ជាក់ថា ៥ម៉ោងក្រោយការផ្ទុះទើបរដ្ឋាភិបាលផ្តល់រាល់ព័ត៌មានទាក់ទិនដល់ការផ្ទុះដែលបង្កឱ្យមានការព្រួយបារម្ភខ្លាំងក្នុងចំណោមប្រជាជនមូលដ្ឋាន ។ យោងតាមពួកអ្នកឯកទេសអាមេរិកខាងបរមាណូថា ការប្រើប្រាស់ទឹកសមុទ្រសម្រាប់បាញ់ឱ្យត្រជាក់ដល់រេអាក់ទ័រនុយក្លេអ៊ែរមួយដូចដែលជប៉ុនបានធ្វើក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលរងការខូចខាតឧបករណ៍បាញ់ទឹកឱ្យត្រជាក់ដោយសារការរញ្ជួយដីគឺជាសកម្មភាពដោយអស់សង្ឃឹមមួយដែលអាចបង្កគ្រោះមហន្តរាយនុយក្លេអ៊ែរដូចនៅ TCHERNOBYL ។
អ្នកជំនាញការជាច្រើនព្យាករណ៍ថា គ្រោះថ្នាក់នុយក្លេអ៊ែរដូចនៅជប៉ុនក្រោយការរញ្ជួយដីនេះ នឹងអាចធ្វើឱ្យប៉ះពាល់ដល់ការជម្រុញសាខាថាមពលនេះក្នុងប្រទេសជាច្រើន ។ លោក ROBERT ALVAREZ អ្នកឯកទេសខាងរំសាយគ្រឿងសព្វាវុធនុយក្លេអ៊ែរ និយាយថា សភាពការណ៍ក្លាយទៅជាគ្រោះថ្នាក់ដែលគេនឹកស្មានមិនដល់ ព្រោះពេលមានអាសន្នបែបនេះ គេពុំមានលទ្ធ ភាពបញ្ជូនទឹកសាបសម្រាប់បាញ់ឱ្យត្រជាក់ដល់រេអាក់ទ័រ ហើយពេលចង់ធ្វើឱ្យមានស្ថិរភាពគេងាកមកប្រើដោយអស់សង្ឃឹមនូវទឹកសមុទ្រជំនួសវិញ ។ បន្ទាប់ពីមនុស្ស៣នាក់រងការប៉ះពាល់ដោយវិទ្យុសកម្ម កាលពីថ្ងៃទី១២ មីនា មក មនុស្ស១៩នាក់ទៀតរងការប៉ះពាល់ដោយវិទ្យុសកម្មមកពីមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាដែរ៕
ចែករំលែកព័តមាននេះ