ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ថៅកែ​មិន​សហការ? គ្រូពេទ្យ​រក​ឃើញ​កម្មករ​ជាង​១០០​នាក់​ឆ្លង​កូ​វី​ដ​ក្នុង​ចំការ​ម្រេច

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ផ្ទុះ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ លើ​កម្មករ​និ​យោ​ជិ​ក​ជាង​១០០​នាក់​ក្នុង​ក្រុមហ៊ុន​ចំការ​ម្រេច​របស់​ជនជាតិ​កូរ៉េ ខណៈ​អាជ្ញាធរ​ត្រូវ​បង្ខំចិត្ត​បិទ​ខ្ទប់​ក្រុមហ៊ុន​នេះ​មួយ​រយៈ​សិន

ខេត្តមណ្ឌលគិរី ៖ ផ្ទុះ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ លើ​កម្មករ​និ​យោ​ជិ​ក​ជាង​១០០​នាក់​ក្នុង​ក្រុមហ៊ុន​ចំការ​ម្រេច​របស់​ជនជាតិ​កូរ៉េ ខណៈ​អាជ្ញាធរ​ត្រូវ​បង្ខំចិត្ត​បិទ​ខ្ទប់​ក្រុមហ៊ុន​នេះ​មួយ​រយៈ​សិន ។

យោង​តាម​ព័ត៌មាន​ដែល​អ្នកកាសែត​ទទួល​បាន​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២១​នេះ ថា នៅ​ពេល​ទទួល​បាន​ដំណឹង​ថា នៅ​ក្រុមហ៊ុន​ដាំ​ម្រេច​ឈ្មោះ វែ​លបាយ​អូ ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​កូរ៉េ ស្ថិត​នៅ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា មាន​ជាប់​ពាក់ព័ន្ធ​ករណី​កូ​វី​ដ​១៩ អាជ្ញាធរ​សហការ​ជាមួយ​គ្រូពេទ្យ​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ចុះ​ទៅ​យក​សំណាក​លើ​កម្មករ​ចំនួន​៥៩​នាក់ ស្រាប់តែ​រក​ឃើញ​វិជ្ជមាន​ចំនួន​១០​នាក់​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ក្រុមហ៊ុន​កូរ៉េ​នេះ​ហាក់​មិន​សប្បាយចិត្ត​ក្នុង​ការ​សហការ​ជាមួយ​អាជ្ញាធរ និង​ក្រុម​គ្រូពេទ្យ​នៅ​ពេល​ចុះ​យក​សំណាក​ទេ ដ្បិត​នៅ​ពេល​ចុះ​យក​សំណាក​ថ្ងៃ​ដំបូង ម្ចាស់​ក្រុមហ៊ុន​ដែល​ជា​ជនជាតិ​កូរ៉េ បាន​ឲ្យ​កម្មករ​ត្រឹម​ចំនួន​៥៩​នាក់​ទៅ​យក​សំណាក ក្នុង​ចំណោម​កម្មករ​សរុប​៣៦៤​នាក់​។ តែបើ​តាម​ប្រភព​ព័ត៌មាន​ផ្សេង​ទៀត​បន្ត​ថា មាន​ចំនួន​រហូត​ដល់​ជាង​៥០០​នាក់​​ឯណោះ​។ ហើយ​ការ​អូស​បន្លាយ និង​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ បាន​បណ្តាល​ឲ្យ​មានការ​ឆ្លង​ជា​បន្តបន្ទាប់​ដល់​កម្ម​ករ​ផ្សេង​ៗ​ទៀត​លើស​ពី​១០០​នាក់​ទៅ​ហើយ​។

ប្រភព​ដដែល​បន្ត​ថា ការ​ស្នាក់​នៅ​របស់​កម្មករ​ចំការ​ម្រេច វែ​លបាយ​អូ នេះ​គឺ​មាន​សភាព​ណែនណាន់តាន់តាប់​ខ្លាំង ព្រោះ​ក្នុង​មួយ​បន្ទប់​ថៅកែ​ឲ្យ​ពួក​គេ​ស្នាក់​នៅ​ចំនួន​ដល់​ទៅ​១០​នាក់ ដែល​នេះ​ជា​ឱកាស​សម្រាប់​ជំងឺ​កូ​វី​ដ​១៩ វាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​កម្មករ​បម្រើ​ការ​នៅ​ទីនោះ រហូត​សូ​ម្បី​ម្ចាស់​ក្រុមហ៊ុន និង​មេការ​គឺ​សុទ្ធតែ​វិជ្ជមាន​កូ​វី​ដ​ទាំងអស់​។

ដោយសារ​តែ​ចំនួន​អ្នកជំងឺ​កាន់តែ​កើនឡើង ក្រុម​គ្រូពេទ្យ​បាន​ចុះ​យក​សំណាក​រហូត​ដល់​៤​លើក ដើម្បី​ស្វែងរក​អ្នកជំងឺ​ឲ្យ​បាន​ទាន់​ពេលវេលា​។ ហើយ​សកម្មភាព​ចុះ​យក​សំណាក​នេះ បាន​ផ្តើម​ពី​ថ្ងៃ​ទី​១៧ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី​២០ ខែកញ្ញា លើ​មនុស្ស​ជាង​៥០០​នាក់ គឺ​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​រហូត​ជាង​១០១​នាក់ (​ក្នុង​ង​នោះ​ការ​យក​សំណាក​ថ្ងៃ​ទី​១៧ គឺ​វិជ្ជមាន​១២​នាក់​, ថ្ងៃ​ទី​១៨ វិជ្ជមាន​២០​នាក់​, ថ្ងៃ​ទី​១៩ វិជ្ជមាន​៣៧​នាក់ និង​ថ្ងៃ​ទី​២០ គឺ​វិជ្ជមាន​៣២​នាក់​) ។

បើ​គិត​ត្រឹម​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​នេះ នា​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២១​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន វែ​លបាយ​អូ បាន​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ