ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស ភារ​ម្យ និង យុគ យក្ស​ផ្លែ បង្ហាញ​មហិច្ឆតា​បំបាក់​ថៃ​ក្នុង​ព្រឹត្តិការណ៍ Black Cat

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​យប់​ថ្ងៃអាទិត្យ​ទី​២១ កុម្ភៈ ខានស្អែក​នេះ កីឡាករ​កម្ពុជា​២​រូប សុទ្ធតែ​បាន​ប្រកាស​ពី​ជំហរ​យកឈ្នះ​ថៃ​ឲ្យ​បាន​ដូច​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​«​កំពូល​អ្នក​ប្រដាល់​របស់​ស្រា​បៀរ​Black Cat» ដែល​បាន​បោះទុន​ឲ្យ​ពួក​គេ​ប៉ះ​គ្នា​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​យប់​ថ្ងៃអាទិត្យ​ទី​២១ កុម្ភៈ ខានស្អែក​នេះ កីឡាករ​កម្ពុជា​២​រូប សុទ្ធតែ​បាន​ប្រកាស​ពី​ជំហរ​យកឈ្នះ​ថៃ​ឲ្យ​បាន​ដូច​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​«​កំពូល​អ្នក​ប្រដាល់​របស់​ស្រា​បៀរ​Black Cat» ដែល​បាន​បោះទុន​ឲ្យ​ពួក​គេ​ប៉ះ​គ្នា​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ យ៉ាងណា​ក៏​ភាគី​កីឡាករ​ថៃ​ក៏​បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​ដូច​គ្នា​ផង​ដែរ គឺ​មិនមែន​មក​ប្រកួត​ក្នុង​នាម​ដំឡូង​មូល​ដោយ​មិន​បាន​ហ្វឹកហាត់​ត្រៀមប្រយុទ្ធ​ដូច​គ្នា​នឹង​អ្វី​ដែល​កីឡាករ​កម្ពុជា​បាន​បង្ហាញ​ការ​ទទួលខុសត្រូវ​នោះ​ឡើយ ។

កីឡាករ​មាស ភារ​ម្យ បើ​ទោះជា​ត្រូវ​គេ​មើលឃើញ​ថា​បាត់​មុខ​មួយ​រយៈ និង​មិនដឹង​ថា​តើ​គេ​ធ្លាក់ដៃ ឬ​ល្អ​ដូច​មុន​យ៉ាងណា​ក្ដី ក៏​អ្វី​ដែល​គេ​ស្ដែង​ឡើង​គឺ​បាន​ហ្វឹកហាត់​សម្បើម​ណាស់​មុន​នឹង​ឈាន​ប្រកាស​វាយ​ថៃ​នៅ​យប់​ថ្ងៃខានស្អែក ។ ទាំង​សាមីខ្លួន​ផ្ទាល់ និង​ក្រុម​គ្រូបង្វឹក​សុទ្ធតែ​អះអាង​ថា កីឡាករ​រូប​នេះ​ហ្វឹកហាត់​ម៉ត់ចត់​ដោយសារ​តែ​គេ​ចង់​ឈ្នះ និង​មិន​ចាញ់​បាក់មុខ​ក្នុង​ពេល​ឡើង​ប្រកួត​យូរ​ៗ​ម្ដង ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​បន្ថែម​ចំពោះ​ការ​អះអាង​នេះ​ថា កីឡាករ​មាស ភារ​ម្យ ប្រឹងប្រែង​ហ្វឹកហាត់​សម្បើម​ណាស់​ដោយសារ​ការ​ប្រដាល់​ដ្បិតថា មិន​ទាន់​មាន​តម្លៃ​ខ្លួន​ល្អ​ដូច​គ្នា​នឹង​កីឡាករ​បរទេស ប៉ុន្តែ​ក៏​ជួយ​ឲ្យ​អ្នក​ឡើង​ប្រដាល់​គូ​អន្តរជាតិ​ទទួល​បាន​ច្រើន​រយ​ដុល្លារ​សម្រាប់​ការ​ប្រកួត​មួយ​លើក​ៗ​ដូច​គ្នា ។ លោក​ញាណ សុធី បាន​អះអាង​ថា ការ​ប្រដាល់​របស់​ស្រា​បៀរ​Black Cat ឲ្យ​តែ​ដល់​ការ​ប្រដាល់​អន្តរជាតិ​មួយ​លើក​ៗ រមែង​ទទួល​បាន​អ្នក​ទស្សនា​កក​ក្ដាំង​ខ្លាំង​ណាស់​។

អ៊ីចឹង​ហើយ​ទើប​លោក​សម្រេចចិត្ត​សម្រិតសម្រាំង​ចំពោះ​កីឡាករ​បំផុត​ទាំង​ភាគី​ខាង​ខ្មែរ និង​បរទេស ដើម្បី​ឲ្យ​ការ​ប្រកួត​របស់​ពួក​គេ​ទទួល​បានការ​ចាប់អារម្មណ៍ ។ លោក​ថា​មាស ភារ​ម្យ នឹង​ធ្វើ​ឲ្យ​លោក​ទុកចិត្ត​សម្រាប់​ការ​ប្រកួត​នៅ​វេលា​យប់ខាន​ស្អែក ដើម្បី​ឲ្យ​អ្នក​ឧបត្ថម្ភ គឺ​ក្រុមហ៊ុនស្រា​បៀរ​Black Cat មាន​កម្លាំងចិត្ត​បន្ត​កុងត្រា​រយៈពេល​វែង​បន្ត​ទៀត ជាមួយនឹង​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។  លោក​រំពឹង​យ៉ាង​ខ្លាំង​ថា ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​តាំងពី​ម៉ោង​៨​យប់​នោះ នឹង​កន្ត្រាក់​បាន​អ្នក​ទស្សនា​កកកុញ​មិន​ចាញ់​ការ​ប្រដាល់​អន្តរជាតិ​ដែល​សង្វៀន​នេះ​ធ្លាប់​ធ្វើ​ឡើង​នោះ​ឡើយ ដោយសារ​តែ​សមាសភាព​របស់​មាស ភារ​ម្យ​គឺជា​កីឡាករ​ល្អ​ម្នាក់ ។ លោក​ថា កីឡាករ​កម្ពុជា​រូប​នេះ​នឹង​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phach Bopha ដែល​គេ​ក៏​ជា​កីឡាករ​ល្អ​ម្នាក់​ផង​ដែរ មក​ពី​ទីក្រុង​បាងកក ។ ឆ្លងកាត់​ការ​ប្រកួត​បាន​១០៩​លើក ឈ្នះ​៨៩​លើក ចាញ់​១៨​លើក និង​ស្មើ​២​លើក លោក​មាន​ជំនឿ​ថា កីឡាករ​ថៃ​នឹង​ធ្វើ​ឲ្យ​មាស ភារ​ម្យ  តានតឹង​សម្រាប់​ការ​ប្រកួត ដោយសារ​តែ​កីឡាករ​Phach Bopha ម្នាក់​នេះ ក៏​មាន​ថ្វីដៃ និង​កម្រិត​វាយ​ប្រយុទ្ធ​មុត​ស្រួច​ល្អ​ៗ​រួច​មក​ហើយ ។

គូ​នេះ​កីឡាករ​កម្ពុជា​មាន​ប្រៀប​តិច​ជាង​ប៉ុណ្ណោះ ដោយសារ​តែ​គេ​ទើបតែ​ប្រកួត​បាន​៦៥​លើក ឈ្នះ​៥០​លើក ចាញ់​១៣​លើក និង​ស្មើ​២​លើក ដោយ​មិន​ទាន់​រាប់​បញ្ចូល​ឆាកប្រយុទ្ធ​ក្រៅផ្លូវការ ។ យ៉ាងណា​ក៏​ដោយ​លោក​អះអាង​ថា កីឡាករ​កម្ពុជា​នឹង​មាន​សង្ឃឹម​ច្រើន​ជាង ដោយសារ​តែ​មុន​ពេល​ផ្គូផ្គង​គេ​ហ្វឹកហាត់​បាន​ច្រើន ហើយ​បើ​និយាយ​ពី​កម្រិត​ក្នុង​ការ​វាយលុក ក៏​ល្អ​ធ្វើ​ឲ្យ​លោក និង​មហាជន​ដែល​ស្នេហា​វិស័យ​ប្រដាល់​ជាប់ចិត្ត​ណាស់​ទៅ​ហើយ​។

នៅ​ក្នុង​ព្រឹត្តិការណ៍​«​កំពូល​អ្នក​ប្រដាល់​របស់​ស្រា​បៀរ​Black Cat» នោះ​ដែរ កីឡាករ​យុគ យក្ស​ផ្លែ ដែល​កំពុង​ឡើង​កូដ ក៏​បាន​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​វេលា​យប់​ខានស្អែក​ដូច​គ្នា​ផង​ដែរ ។ កីឡាករ​រូប​នេះ រឹតតែ​មាន​អ្នក​ទុកចិត្ត​ចំពោះ​ការ​ប្រកួត​ខ្លាំង​ជាងមាស ភារ​ម្យ ទៅ​ទៀត ដោយសារ​តែ​គេ​មិន​ដែល​ឃ្លាតឆ្ងាយ​ពី​ការ​ហ្វឹកហាត់​នោះ​ទេ ដោយ​ទោះ​មិន​បាន​ឡើង​ប្រកួត​នៅ​សង្វៀន​ភ្នំពេញ​ក៏​ត្រូវ​បង្វឹក​សិស្ស និង​ត្រូវ​ចេញ​ប្រកួត​នៅ​ឯ​ជាយ​ដែន​ប្រទេស​ថៃ​ញឹកញាប់​។ កីឡាករ​ដែល​មានមុខរ​បរជា​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ខេត្តបាត់ដំបង​រូប​នេះ មាន​ជំនឿ​ចិត្ត​ខ្ពស់​ណាស់​ក្នុង​ការ​វាយបំបាក់​កីឡាករ​ថៃ ។ កីឡាករ​ថៃ​ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​គឺ​កីឡាករ Kam Lai Youk ដែល​មាន​ប្រវត្តិ​ធ្លាប់​ប្រកួត​៦៩​លើក ឈ្នះ​៥៦​លើក និង​ចាញ់​១៣​លើក ថែម​ទាំង​ធ្លាប់​ស៊ី​កីឡាករ​កម្ពុជា​ល្អ​ៗ​រាប់​មិន​អស់​នា​ពេល​កន្លង​មក ។

លោក​ម៉ី ជី គ្រូបង្វឹក​របស់​យុគ យក្ស​ផ្លែ បាន​អះអាង​ថា ការ​ប្រកួត​យប់​ខានស្អែក​កូនសិស្ស​របស់​ខ្លួន​គឺ​ពិតជា​ឈ្នះ បើ​ទោះជា​ភាព​ជាក់ស្ដែង​នឹង​ត្រូវ​ប្រែប្រួល​ជាយថាហេតុ​ក្ដី ។ ហេតុផល​នៃ​ការ​ទុកចិត្ត​គឺ​ដោយសារ​តែ​កូនសិស្ស​របស់​ខ្លួន​ធ្លាប់​ប្រកួត​ដល់​ទៅ​១៣៩​លើក ឈ្នះ​១២២​លើក ចាញ់​១២​លើក និង​ស្មើ​៥​លើក ដែល​ធ្លាប់​វាយ​ឈ្នះ​កីឡាករ​ល្អ​ៗ​របស់​ថៃ​ច្រើន​មក​ហើយ និង​ដោយសារ​តែ​បាន​ហ្វឹកហាត់​ត្រៀម​ទុក​ពី​ចម្ងាយ​មុន​នឹង​ឡើង​រេញ​នោះ​ផ្ទាល់​តែ​ម្ដង​។ យ៉ាងណាមិញ​ភាគី​ខាង​អ្នកដឹកនាំ​កីឡាករ​ថៃ បាន​ទទូច​ឲ្យ​រង់ចាំ​កាត់ក្ដី នៅ​ពេល​សង្វៀន​របស់​ក្រុមហ៊ុន​Black Cat ចាប់ផ្ដើម ដោយសារ​តែ​កីឡាករ​របស់​ខ្លួន​ក៏​មិន​ណ​យ ហើយ​បាន​ត្រៀម​ទុក​ពី​ចម្ងាយ​មិន​ខុស​គ្នា ។

សម្រាប់​សង្វៀន​ប៉ុស្តិ៍​លេខ​៥​ជ្រោយចង្វានា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ក៏​មានការ​ប្រកួត​គូ​ល្អ​ៗ​ជូនទស្ស​និក​ទស្សនា​កម្សាន្ត​ផង​ដែរ ។ កីឡាករ​ជា​ច្រើន​គូ​ត្រូវ​បាន​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​សម្រាំង​ឲ្យ​មក​ប៉ះ​គ្នា​រំលេច​ព្រឹត្តិការណ៍​ថ្ងៃ​សៅរ៍​ក្នុង​ពេល​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​វគ្គ​ទី​៣​មិន​ទាន់​ចាប់ផ្ដើម ។ ការ​ប្រកួត​ទាំងមូល នឹង​ត្រូវ​គេ​រំពឹង​មានការ​គាំទ្រ​មិន​ខុស​ពី​ពេល​ការ​ប្រកួត​ដណ្ដើម​ជើងឯក​ចាប់ផ្ដើម​នោះ​ទេ ដោយសារ​សមាសភាព​កីឡាករ​ដែល​គេ​ប្រកាស​ឡើង​សម្រាប់​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ សុទ្ធសឹងតែ​ជា​កីឡាករ​ល្បី​ៗ និង​មាន​ថ្វីដៃ​នៅ​លើ​សង្វៀន ៕