ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ប្រាសាទព្រះវិហារ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង ជា​ប្រធាន​ក្រុមការងារ​រៀបចំ​ពាក្យបណ្តឹង

15 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ក្រុម​ការ​ងារ​រៀបចំ​​ពាក្យ​​បណ្តឹង​បញ្ហា​ប្រាសាទ​ព្រះ​វិហារ​ទៅ​តុលា​ការ​​យុត្តិ​ធម៌​អន្តរ​ជាតិ​​ទីក្រុង​ឡាអេ​ត្រូវ​បាន​បង្កើត​ឡើង​ ហើយ​ក្នុង​សេចក្តី​សម្រេច​ដែល​ចុះហត្ថ​លេខា​​​ដោយសម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​​នៃព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​នៅថ្ងៃទី៣ មីនា ​ដើម​ខែ​នេះ ដោយ​មាន​លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង ជា​ប្រធាន និង​មានសមាជិកចំនួន​៤រូប ។

​នៅក្នុង​ខ្លឹមសារ​សេចក្តី​សម្រេច​បាន​កំណត់​ភារកិច្ច​ក្រុម​ការ​ងារ​​រៀបចំ​ពាក្យ​​បណ្តឹង​ និងឯក​សារ​​យោង​ទៅ​តុលា​ការ​​យុតិ្ត​ធម៌​អន្តរជាតិទី​ក្រុង ឡា​អេ ដើម្បី​ធ្វើ​ការ​បកស្រាយ​សាលក្រម​ថ្ងៃ​ទី១៥ មិថុនា ១៩៦២ ។ ​ការជ្រើ​សរើស​ ឬ​ជួល​អ្នក​ច្បាប់​បរ​ទេស​ ព្រម​ទាំង​ចាត់វិធាន​ការ​ចាំ​បាច់​នានា​ដើម្បី​ធានា​ជោគជ័យ​ ។ ក្រុម​ការ​ងារនេះ​ក៏​អាច​បន្ត​ទំនាក់ទំនង​​ការ​ងារ​ជាមួយ​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ ស្រប​តាមនីតិ​វិធីរបស់តុលា​ការ​រហូត​ដល់​ទទួល​បានលទ្ធផលបញ្ចប់​នៃការ​​បក​ស្រាយ​សាលក្រម ។ សេចក្តីសម្រេចនេះ​ក៏​បាន​ផ្តល់​​ឱ្យ​ក្រុម​ការ​ងារ​អាច​ជ្រើសរើស​មន្ត្រី​មាន​សមត្ថ​ភាព​ផ្សេងៗទៀត​ដើម្បី​​ជួយ​ដល់ក្រុម​ការ​ងារ ។

សមាស​ភាព​សមា​ជិក​ទាំង​៤​រូប​នៃក្រុមការ​ងារ​នេះ​មាន​១-លោក​ទេ​សរដ្ឋ​មន្ត្រី​វ៉ា គឹមហុង ២-​លោក​រដ្ឋ​មន្ត្រី​ប្រតិភូ​អមនាយករដ្ឋ​មន្ត្រី​អូន ព័ន្ធមុន្នីរ័ត្ន ៣-​លោករដ្ឋ​លេខាធិការ​ឡុង វិសា​លោ ​និង​៤-​លោក​អ៊ុច គឹមអន ឯកអគ្គរាជទូត​វិសាមញ្ញ​ និងពេញ​សមត្ថភាព​ប្រចាំ​ប្រទេស​បារាំង ។ ការ​សំរេច​ដោយ​ភាគី​កម្ពុជា​ឱ្យ​​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ទី​ក្រុង​ឡា​អេ​បក​ស្រាយ​សាល​ក្រម​ស្តី​ពី​បញ្ហា​ប្រាសាទ​ព្រះ​វិហារ​កាល​ពី​ឆ្នាំ​១៩៦២​ គឺ​ជា​ការ​ចាំ​បាច់​ណាស់​ដោយ​សារ​តែ​ការ​ឈ្លាន​ពាន​របស់​សៀម​មក​លើ​តំបន់​ប្រាសាទ​ព្រះ​វិហារ​របស់​កម្ពុជា​ បន្ទាប់​ពី​ប្រាង្គ​ប្រាសាទ​ដ៏​អស្ចារ្យ​នេះ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​បេតិក​ភណ្ឌ​ពិភព​លោក​កាល​ពី​ឆ្នាំ​២០០៨​។

បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ​ដែល​កំពុង​​​តែ​កើត​មាន​ដោយ​​ការ​ប្រទាំង​​​ប្រទើស​​​គ្នា​​ដូចទឹក​និង​​ប្រេង​​​នោះ ដោយសារ​តែភាគី​​ថៃ​បាន​​ប្រកាន់​​យក​​​ផែនទី​​​​​ឯកតោ​ភាគី​​ដែល​ជា​​ផែនទី​សម្ងាត់​​​របស់​ខ្លួន​និង​ជាផែន​ទី​​​ដែល​មិន​មានការ​ទទួល​​ស្គាល់​ជា​អន្តរជាតិ​ ។ ផ្ទុយ​ទៅ​​វិញ​​ផែន​ទី​ឧប​សម្ព័ន្ធ​​​១ ​ត្រូវ​​​​បាន​​តុលាការ​​​យុត្តិធម៌​​អន្តរជាតិ​​ក្រុង​ឡាអេ​ ទទួល​​ស្គាល់​​ក្នុង​ការ​​ចេញ​សាល​ដីកា​​របស់​ខ្លួន​​កាលពី​ឆ្នាំ​​១៩៦២​ ប្រគល់​​ប្រាសាទ​ព្រះវិហារ​​ឱ្យ​មក​​កម្ពុជា​​​វិញ បន្ទាប់​​ពី​សៀម​ចូល​លុកលុយ​​និង​កាន់​កាន់​​តំបន់​ប្រាសាទ​ព្រះ​វិហារ​​ភ្លាមៗ​ បន្ទាប់ពី​​អាណា​និគម​​​និយម​បារាំង​​​បាន​ដក​នឹម​អាណា​និគម​​ និង​ប្រគល់​ឯករាជ្យ​​ដល់​ប្រទេស​កម្ពុជា ។ ​ផែនទី​ដែល​កម្ពុជា​​​ប្រកាន់​​យកនោះ​​មិនបាន​រំលោភ​​ទៅលើ​​ទឹកដី​​ប្រទេស​​ជិតខាង​​នោះទេ​ ​ហើយ​ផែនទី​ឧបសម្ព័ន្ធ​​១​នេះ​ ក៏​មិន​បាន​កើត​ចេញពី​​ខ្មែរ​ផ្ទាល់​ដែរ តែ​ជា​កិច្ច​ការ​របស់​បារាំង​ជាម្ចាស់​​អាណានិគម​ និង​រដ្ឋា​ភិបាល​​សៀម​ដែល​បាន​​​ធ្វើ​សន្ធិ​សញ្ញា​​បន្ត​បន្ទាប់​​តាំងពី​​ឆ្នាំ​១៩០៤​មក ។​

​ប្រសិន​បើ​​គេ​មើល​ឱ្យ​បាន​ឆ្ងាយ​​បន្តិច​ បញ្ហា​​​ប្រកាន់​យក​ផែនទី​​ឯកតោភាគី​របស់​សៀម​​នេះ​មិន​មែនរំលោភ​ឈ្លាន​ពាន​​​តែ​តំបន់​ប្រាសាទ​ព្រះវិហារប៉ុណ្ណោះ​ទេ​ តែ​តាម​ជួរ​ភ្នំដងរែក​ក៏​មាន​​​ការរំលោភ​​មក​លើ​អធិបតេយ្យ​ និង​​បូរណ​ភាព​ទឹក​ដី​កម្ពុជា​​ច្រើន​​កន្លែង​ទៀតដែរ​ ។ ជាក់​ស្តែង​​ការ​​បោះទីតាំង​នៅ​ច្រកព្រំដែន​ជាំ​-សាង៉ាំ​​ដែល​ចូល​ក្នុង​ទឹក​ដី​​កម្ពុជា​​រាប់​រយ​​ម៉ែត្រ​ក៏​ភាគី​​សៀម​​​នៅ​បាន​​អះអាង​ថា ចំណុច​​ប៉ុស្តិ៍​កម្ពុជា​​ឈរ​ជើង​ជា​ទឹកដី​របស់គេដែរ ។ បន្ថែម​លើនេះ ប្រាសាទ​​តាមាន់​​ធំ និង​ប្រាសាទ​តាក្របី​ក៏​សៀម​​​ប្រកាន់​ថាជា​របស់​ខ្លួន​ដែរ ។ បើ​និយាយ​ឱ្យ​ចំទៅ​​ ដីខ្មែរ​​​ដែល​សៀម​​កំណត់​នោះគឺ​ស្ថិត​នៅជើង​​ភ្នំដងរែក​។​ សួរថា​ តើ​កម្ពុជា​ដែល​ទទួល​​រង​ការរំលោភ​ឈ្លាន​ពាន​​​បែបនេះ​អាច​ទទួល​​យក​បាន​ទេ ?​

  • ភាពខុសគ្នារវាងផែនទីឧបសម្ព័ន្ធ១របស់​កម្ពុជា និងផែនទីឯកតោភាគី និងសម្ងាត់របស់​ថៃ គឺមានទំហំធំធេងខ្លាំងណាស់

ចំណុចដែលខ្ញុំចង់លើកឡើងត្រង់នេះ គឺជា​ការ​ខុសគ្នាជាចម្បងរវាងផែនទីកម្ពុជា ​និងផែនទី​របស់ថៃ ដែលអាប់ភីស៊ីត ​និងកាស៊ីតលើកឡើង​ក្នុង​ជំនួបជាមួយលោក ម៉ាត់ស៊ូរ៉ា ​បេសកជន​ពិសេសនៃអង្គការយូណេស្កូ ក្នុងបរិបទ​នៃហេតុ​ការណ៍​អន្ដរជាតិ ប្រវត្ដិសាស្ដ្រ ច្បាប់ និងការ​ពិត។ ​ដូច្នេះ វាមិនអាចមានការប្រៀបធៀបបាន​ឡើយ​រវាងផែនទីកម្ពុជា​ជាការពិត​ និងផែនទីថៃ​​ជា​ការ​​​ប្រឌិត ។ សកម្មភាពរបស់កងទ័ពថៃផ្អែកលើផែនទី​ឯកតោភាគី និងសម្ងាត់ បានបង្កើតឱ្យមាន​មនុស្ស​​ស្លាប់ ​និងរបួសច្រើនរយនាក់ ​ការបំផ្លាញ​ទ្រព្យ​​សម្បត្ដិ ការផ្លាស់ទីជម្រកដោយបង្ខំរបស់​​ប្រជា​​ជនរាប់ពាន់នាក់ ​និងការខូចខាតទ្រព្យ​​សម្បត្ដិ​​វប្ប​ធម៌កម្ពុជា និងជាបេតិកភណ្ឌពិភព​លោក។

ចាប់តាំងពីឆ្នាំ២០០៨មក​ កងទ័ពថៃ​បានបើកការ​វាយលុកបួនលើកចូលក្នុងទឹកដី​កម្ពុជា ​និងចូល​​បោះទីតាំងយោធាក្នុងទឹកដី​កម្ពុជា ​ជាដំបូងក្នុង​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០០៨ ទី២ ថ្ងៃទី១៥ ​តុលា ឆ្នាំ២០០៨ ទី៣ ​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០០៩ និងលើក​ទី៤ ​ពីថ្ងៃ​ទី៤​ដល់ថ្ងៃទី៧ ​ខែ​កុម្ភៈ ឆ្នាំ​២០១១។ ​ដូច្នេះ វា​ត្រឹមត្រូវនិងសម​រម្យ​ដែលត្រូវនិយាយថា ផែនទី​ថៃ ​ជាផែនទីប្រឌិត​សុទ្ធសាធរបស់ថៃ ​ដែលត្រូវ​បានប្រើប្រាស់​​ដើម្បី​ប្រព្រឹត្ដបទឧក្រិដ្ឋប្រឆាំង​នឹងកម្ពុជា និងមនុស្ស​​ជាតិទាំងមូល។

  • វិធានជាក់ស្ដែងត្រូវបានចូលជាធរមាន

ប្រទេសកម្ពុជា ​ក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ​សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ​ប្រាថ្នាចង់រស់ក្នុងសន្ដិភាព តស៊ូដើម្បីអភិវឌ្ឍន៍​កាត់​បន្ថយភាពក្រីក្រមួយជំហានម្ដងៗ ​ធានាឱ្យ​បាន​នូវស្ថិរភាព ​និងសុខដុមរមនាក្នុងប្រទេស ​​ការពារបូរណភាពដែនដី និងអធិបតេយ្យជាតិ ​​ទ្រទ្រង់គោលការណ៍យុត្ដិធម៌រវាងជាតិ ​និង​​ប្រទេស​ជិតខាង​ គោរពគ្នាទៅវិញទៅមក និង​សន្ដិ​សហ​វិជ្ជមាន ឈរលើសន្ធិសញ្ញាទ្វេភាគី ​និង​​​មធ្យោបាយតាមផ្លូវច្បាប់ដែលខ្លួនមាន ​ប៉ុន្ដែ​​ប្ដេជ្ញា​ការពារប្រទេស​និងប្រជាជន ប្រឆាំងនឹង​​រាល់ទម្រង់នៃការឈ្លានពានខាងយោធាដោយ​ប្រទេសថៃ និងអ្នកឈ្លានពាន​បរទេសទាំងអស់​​ដោយមិនរើសអើងឡើយ។ ​ដូច្នេះ វិធាន​ការ​ជាក់​ស្ដែង​ត្រូវ​បានដាក់ចេញ ។ កងទ័ពកម្ពុជា ​នឹងមិន​ប្រយុទ្ធនៅក្នុងទឹកដីថៃឡើយ ប៉ុន្ដែនឹងបាញ់​​សម្លាប់នៅពេលដែលកងទ័ពថៃបើកការវាយ​​ លុ​កមកលើ​ទីតាំងខ្សែត្រៀមជួរមុខរបស់កម្ពុជា ​ក្នុងការប៉ុនប៉ងរបស់ពួកគេចង់ចូលមក ​និងកាន់​កាប់ទឹកដីដែលស្ថិតនៅ ​ក្រោមអធិបតេយ្យ​របស់កម្ពុជា ៕