ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​លបើក​កម្មវិធី​បរិស្ថាន​ស្ដី​ពី «​ការ​កាត់​បន្ថយ ការ​ប្រើប្រាស់​ឡើង​វិញ និង​ការ​ច្នៃ​សំរាម​»

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​ណា​ហ្គា​វើ​ល​បាន​បើក​កម្មវិធី​បរិស្ថាន​ស្តី​ពី «​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឡើង​វិញ និង​ការ​កែ​ច្នៃ​សំរាម​ឡើង​វិញ​» នៅ​សាលា​បឋម​សិក្សា​ព្រៃ​ត្បះ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ គោលបំណង​ចម្បង​នៃ​ការ​បើក​កម្មវិធី​នេះ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​ណា​ហ្គា​វើ​ល​បាន​បើក​កម្មវិធី​បរិស្ថាន​ស្តី​ពី «​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឡើង​វិញ និង​ការ​កែ​ច្នៃ​សំរាម​ឡើង​វិញ​» នៅ​សាលា​បឋម​សិក្សា​ព្រៃ​ត្បះ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ គោលបំណង​ចម្បង​នៃ​ការ​បើក​កម្មវិធី​នេះ គឺ​ដើម្បី​បង្កើន​ការ​យល់​ដឹង​ក្នុង​ចំណោម​កុមារ​ស្តី​ពីសារ​សំខាន់​នៃ​បញ្ហា​បរិស្ថាន និង​ដើម្បី​ផ្សព្វផ្សាយ​ចំណេះដឹង​នៃ​ការ​បែងចែក​កាក​សំណល់​ដែល​អាច​ប្រើប្រាស់​បាន​ដោយ​សហគមន៍ ។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​បាន​មាន​ប្រសាសន៍​ថា​៖«​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​និង​កំពុង​យកចិត្តទុកដាក់​លើ​បញ្ហា​ការ​បម្រែបម្រួល​អាកាសធាតុ ។ ដោយ​យល់​ច្បាស់​ពី​បញ្ហា​នេះ យើង​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​បរិស្ថាន​ដើម្បី​អប់រំ និង​បង្កើត​ការ​យល់​ដឹង​ក្នុង​ចំណោម​ក្មេង​ជំនាន់​ក្រោយ​ស្តី​ពីសារ​សំខាន់​នៃ​ការ​ការពារ​បរិស្ថាន​របស់​យើង​មាន​ដូច​ជា កម្មវិធី​បរិស្ថាន​ស្តី​ពី «​ការ​កាត់​បន្ថយ ការ​ប្រើប្រាស់​ឡើង​វិញ និង​ការ​កែ​ច្នៃ​សំរាម​ឡើង​វិញ​» កម្មវិធី​ដាំ​ដើមឈើ និង​កម្មវិធី​ប្រមូល​សំរាម និង​កាក​សំណល់​ជាដើម ។ ក្នុង​កម្មវិធី​នេះ​យើង​បាន​ចែករំលែក​និង​អប់រំ​កុមារ​របស់​យើង​ស្តី​ពី​បញ្ហា​បរិស្ថាន ។ យើង​ក៏​បាន​ប្រគល់​ជូន​នូវ​ផ្ទាំង​រូបភាព​អប់រំ​ស្តី​ពី​របៀប​កែ​ច្នៃ ប្រើប្រាស់​ឡើង​វិញ និង​កាត់​បន្ថយ​សំរាម​កាក​សំណល់ និង​ថង់​ប្លា​ស្ទិ​ច​» ។ លោក​បន្ថែម​ថា​៖«​ណា​ហ្គាវើ​ល​បេះដូង​សប្បុរស និង​សិស្សានុសិស្ស​ទាំងអស់​បាន​សម្អាត​បរិវេណ​សាលា​ដោយ​ការ​រើស​សំរាម​កាក​សំណល់ និង​ថង់​ប្លា​ស្ទិ​ច ។ យើង​សង្ឃឹមថា អ្នក​ទាំងអស់​គ្នា​នឹង​ធ្វើ​អ្វីមួយ​ទោះបី​តិចតួច​ក្តី​ក្នុង​គោលបំណង​ដើម្បី​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​មួយ​ដើម្បី​សង្គ្រោះ​ភព​ផែនដី​របស់​យើង ។ ការ​សង្គ្រោះ​ភព​ផែនដី​មិន​ចាំបាច់​អ្នក​ត្រូវ​តែ​ចំណាយ​ថវិកា​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​ចំណាយ​ពេលវេលា​តិចតួច​របស់​យើង​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​បរិស្ថាន​ដូច​ជា​ការ​ដាំ​ដើមឈើ និង​ការ​សម្អាត​បរិស្ថាន​ជាដើម​»​។

លោក យ៉ាង យ៉ុ​ន នាយក​សាលា​បឋម​សិក្សា​ព្រៃ​ត្បះ បាន​មាន​ប្រសាសន៍​ថា​៖«​ខ្ញុំ​ត្រូវ​តែ​អរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​សម្រាប់​ការ​រៀបចំ​យុទ្ធនាការ​បង្កើន​ការ​យល់​ដឹង​ស្តី​ពី​បរិស្ថាន​ដល់​សិស្សានុសិស្ស​របស់​យើង​។ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស គឺជា​ក្រុមហ៊ុន​ឯកជន​ដំបូង​ដែល​រៀបចំ​កម្មវិធី​បង្កើន​ការ​យល់​ដឹង​ស្តី​ពី​បរិស្ថាន​នៅ​សាលា​របស់​យើង ។ ពួក​គេ​បាន​បង្រៀន​សិស្សានុសិស្ស​របស់​យើង​ឲ្យ​ចេះ​ថែទាំ និង​ស្រឡាញ់​បរិស្ថាន ។ ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ថា ណា​ហ្គា​វើ​ល​តែងតែ​រៀបចំ​កម្មវិធី​ដាំ​ដើមឈើ និង​សកម្មភាព​សម្អាត​បរិស្ថាន​នៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ផង​ដែរ​។ កម្មវិធី​ទាំងនេះ​បាន​បង្រៀន​កុមារ​កម្ពុជា​របស់​យើង​ឲ្យ​ចេះ​យកចិត្តទុកដាក់​អំពី​បរិស្ថាន​ដែល​ពួក​គេ​កំពុង​រស់នៅ​ជាមួយ និង​ឲ្យ​ចេះ​ទទួលស្គាល់​នូវ​តម្លៃ​ដើមឈើ​» ។

កញ្ញា យ​ន ណា​វី បុគ្គលិក​ណា​ហ្គា​វើ​ល​ចូលរួម​ក្នុង​យុទ្ធនាការ​បង្កើន​ការ​យល់​ដឹង​ស្តី​ពី​បរិស្ថាន​បានឱ្យ​ដឹង​ថា ៖«​ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ចែករំលែក​ចំណេះដឹង​របស់​យើង​ជាមួយ​កុមារ ។ យើង​បាន​អប់រំ​កុមារ​និង​បាន​ប្រគល់​នូវ​ផ្ទាំង​រូបភាព​អប់រំ​ស្តី​ពី​របៀបការ​កាត់​បន្ថយ ការ​ប្រើប្រាស់​ឡើង​វិញ និង​ការ​កែ​ច្នៃ​សំរាម​កាក​សំណល់​និង​ថង់​ប្លា​ស្ទិ​ច ។ យើង​ត្រូវ​តែ​រួម​គ្នា​ដើម្បី​ការពារ​បរិស្ថាន​របស់​យើង ។ លើស​ពី​នេះ​ទៀត ការ​ប្រមូល​សំរាម​កាក​សំណល់​និង​ថង់​ប្លា​ស្ទិ​ច គឺ​មាន​សារសំខាន់​ផង​ដែរ​ដើម្បី​ចៀសវាង​ការ​រីក​រាលដាល​នៃ​ជំងឺគ្រុនឈាម​នៅ​ក្នុង​សហគមន៍​» ។

យុវ​សិស្ស​បញ្ញា​រៀន​ថ្នាក់​ទី​៦ នៃ​សាលា​បឋម​សិក្សា​ព្រៃ​ត្បះ​បាន​និយាយ​ថា​៖«​ខ្ញុំ​មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង​ដែល​ឃើញ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​មក​សាលា​របស់ខ្ញុំ​នៅ​ថ្ងៃនេះ​ដើម្បី​រៀបចំ​យុទ្ធនាការ​បង្កើន​ការ​យល់​ដឹង​ស្តី​ពី​បរិស្ថាន ។ ខ្ញុំ​មិន​ដែល​បានឮ​កម្មវិធី​នេះ​ពី​មុន​មក​ទេ ។ វា​មាន​ប្រយោជន៍​ណាស់​សម្រាប់​យើង ហើយ​កម្មវិធី​នេះ​ផ្តល់​នូវ​ព័ត៌មាន​ដ៏​មានប្រយោជន៍​សម្រាប់​ពួក​យើង​ដើម្បី​យកចិត្ត​ទុកដាក់​អំពី​បរិស្ថាន​របស់​យើង​»៕