ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវជនពុំស្គាល់មុខចំនួន៣នាក់កាប់៣កាំបិតបណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវជីដូនដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះទាំងយប់។ ហេតុការណ៍នោះកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៦ មីនា នៅក្នុងភូមិត្រពាំងព្រាល ឃុំតាជេស ស្រុកកំពង់ត្រឡាច ខណៈយុវជនរូបនោះទៅលេងរាំវង់ក្នុងពិធីមង្គលការ ។
បើតាមសំដីរបស់ជនរងគ្រោះនៅក្នុងមន្ទីរពេទ្យឱ្យដឹងថា រូបគេឈ្មោះចេន ម៉ាញ អាយុ១៩ឆ្នាំ រស់នៅភូមិចំបក់ផ្អែម ឃុំសែប ស្រុកកំពង់ត្រឡាច។ នៅយប់កើតហេតុរូបគេបានទៅលេងរាំវង់ក្នុងពិធីមង្គលការ។ នៅពេលកំពុងរាំនោះភ្លើងបានដាច់ រូបគេក៏ដើរចេញក្រៅវង់រាំជាមួយនារីម្នាក់។ ក្រោយមកភ្លើងភ្លឺឡើងវិញ រូបគេក៏បានចូលរាំជាថ្មី ប៉ុន្តែដោយភ្លើងដាច់ម្តងទៀត រូបគេដឹកដៃនារីនោះចេញមកវិញ។ ខណៈនោះស្រាប់តែជនពុំស្គាល់មុខ៣នាក់កាន់ដាវសាមូរ៉ៃម្នាក់មួយស្ទុះមកកាប់រូបគេពីក្រោយចំនួន៣កាំបិត រួចរត់គេចខ្លួនបាត់អស់ ។
ស្ត្រី ឈ្មោះជុំ យាន អាយុ៦៤ឆ្នាំ ត្រូវជាជីដូនយុវជនរងគ្រោះនិយាយថា គាត់ដឹកចៅទៅមន្ទីរពេទ្យទាំងយប់។ ចៅគាត់នេះជាកូនកំព្រារស់នៅជាមួយគាត់តាំងពីតូចមកម្ល៉េះ។ ជនរងគ្រោះត្រូវគេកាប់ត្រូវក្បាលខាងឆ្វេង១កាំបិត ដើមដៃខាងឆ្វេង១កាំបិត និងខ្នងខាងស្តាំ១កាំបិត។ បើតាមមន្ត្រី ប៉ូលិសមូលដ្ឋានឱ្យដឹងថា ជនរងគ្រោះរាំជាមួយនារីដែលភាគីជនដៃដល់ស្រឡាញ់ទើបពួកគេលបកាប់បែបនេះ ៕


ចែករំលែកព័តមាននេះ