ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គរ​សង្ក្រាន្ត​ឆ្នាំ​2016​បន្ថែម​កម្មវិធី​កម្សាន្ត​ច្រើន​ជាង​ឆ្នាំ​មុន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា លោក​ហ៊ុន ម៉ា​នី បាន​អះអាង​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ ពី​ថ្ងៃ​ទី​១៤ ដល់​១៦ ខែមេសា ឆ្នាំ​២០១៦ ក្រោម​វត្តមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នឹង​រំលេច​ឡើង​នូវ​កេរដំណែល​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែល​ជា​ស្នាដៃ​បុព្វបុរស​ខ្មែរ ។

រាជធានី​ភ្នំពេញ ៖ ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា លោក​ហ៊ុន ម៉ា​នី បាន​អះអាង​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ ពី​ថ្ងៃ​ទី​១៤ ដល់​១៦ ខែមេសា ឆ្នាំ​២០១៦ ក្រោម​វត្តមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នឹង​រំលេច​ឡើង​នូវ​កេរដំណែល​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែល​ជា​ស្នាដៃ​បុព្វបុរស​ខ្មែរ ។

លោក​ហ៊ុន ម៉ា​នី បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ជាមួយ​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ទីស្តីការក្រសួង ។ លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បញ្ជាក់​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោងទុក ហើយ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ឆ្នាំ​កន្លង​ទៅ​ដោយ​បន្ថែម​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត ដើម្បី​បំពេញ​តម្រូវ​ចិត្ត​មហា​គ្រួសារ​ខ្មែរ ក៏​ដូច​ជា​ទាក់ទាញ​អ្នកទេសចរ​អន្តរជាតិ​ឲ្យ​ចង់​មក​ទស្សនា​កម្ពុជា ។

លោក​ហ៊ុន ម៉ា​នី អះអាង​ថា ក្រុមការងារ​រៀបចំ​ព្រឹត្តិការណ៍​បាន​រៀបចំ​រួច​ជា​ស្រេច នូវ​គម្រោង​ផែនការ និង​បាន​យក​គម្រោង​ទាំង​នោះ​ដាក់​ជូន​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​មន្ត្រី ជំនាញ​នៃ​ក្រសួងទេសចរណ៍​ពិនិត្យ និង​ផ្តល់​អនុសាសន៍​បន្ថែម​សំដៅ​ឱ្យ​ព្រឹត្តិការណ៍​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​អ្នកទេសចរ​អន្តរជាតិ ។

តាម​ការ​បញ្ជាក់​របស់​លោក​ហ៊ុន ម៉ា​នី ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​រៀបចំ​ដោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​ឆ្នាំ​នេះ ក្រោម​​ប្រធានបទ «​ការ​ចូលរួម​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​» ដែល​នឹង​លើកយក​កេរដំណែល​អរិយធម៌ វប្ប​ធម៌ ទំនៀមទម្លាប់ និង​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​រំលេច​ឡើងជា​ផ្ទាំងទស្សនីយភាព​វប្បធម៌​ជា​ច្រើន ដូច​ជា​ការ​លេងល្បែង​ប្រជា​ប្រិយ របាំ​បុរាណ ប្រពៃណី និង​ប្រជាប្រិយ ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ និង​ទស្សនីយភាព​បែប​សិល្បៈ​ដទៃ​ទៀត ដែល​សម្តែង​ដោយ​​យុវជន យុវនារី សិល្បករ និង​សិល្ប​ការិនី​ខ្មែរ នៅ​ខេត្តសៀមរាប ទឹកដី​អាណាចក្រ​វប្បធម៌​ខ្មែរ ។

លោក​ថោ​ង ខុន ថ្លែង​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ប្រារព្ធ​ធ្វើ​ឡើង​ចំនួន​៣​លើក​រួច​មក​ហើយ​ទទួល​បាន​ជោគជ័យ​ខ្លាំង​ណាស់ និង​ទទួល​បានការ​គាំទ្រ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ជាក់ស្តែង​ឆ្នាំ​២០១៥ ការ​នាំ​មក​នូវ​កេរ្តិ៍ឈ្មោះ​កម្ពុជា​ចូល​ទៅ​ក្នុង​កំណត់​ត្រា​ពិភពលោក បន្ថែម​ទៀត​នូវ​ស្នាដៃ​ចំនួន​២​ជា​ប្រវត្តិសាស្ត្រ នោះ​គឺ​នំអន្សម​យក្ស​របស់​កម្ពុជា ដែល​មាន​ទម្ងន់​ដល់​ទៅ​ជាង​៤​តោន និង​ការ​បំបែក​ឯតទគ្គ​កម្ម​នៃ​ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្ស៊​ន ដែល​ជា​ការ​រាំ​ជា​ក្រុម​របស់​យុវជន​កម្ពុជា​ចំនួន​២០១៥​នាក់ ។

ព្រឹត្តិការណ៍​នោះ​ទទួល​បាន​អ្នកទេសចរ​ជាតិប្រមាណ​១​លាន​នាក់​, រួម​ទាំង​អ្នកទេសចរ​អន្តរជាតិ​ប្រមាណ ២៧.០០០​នាក់ ខណៈ​ដែល​ការ​រំពឹង​ទុក​ប្រមាណ​តែ​៥០​ម៉ឺន​នាក់ និង​បាន​នាំ​មក​ប្រាក់​ចំណូល​សម្រាប់​ខេត្តសៀមរាប​ប្រមាណ​ជិត​៧០​លាន​ដុល្លារ​អា
​មេ​រិ​ក។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន មាន​សុទិដ្ឋិនិយម​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ នឹង​មាន​អ្នកចូលរួម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ កាន់តែ​ច្រើន​ឡើង​ទ្វេ​ដង ។ លោក​បង្ហាញ​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ និង​ចូលរួម​សហការ​យ៉ាង​សកម្ម និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ ។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ មាន​ល្បែង​ប្រជាប្រិយ​ប្រមាណ​ជិត​៣០​ល្បែង នឹង​លើកយក​ទៅ​លេង​នៅ​ទីតាំង​ចំនួន​១១ ។ ល្បែង​ទាំងនោះ​មាន​បោះអង្គញ់ ខ្លាស៊ីគោ ថាស​ភ្ជាប់​និស្ស័យ ប្រណាំង​កង់​យឺត ស្បែកជើង​រួម​មិត្ត ខាំ​ប៉ិកួៈ ចាប់កូនខ្លែង អុក ឬ​ចត្រង្គ ចោល​ឈូង លាក់កន្សែង រាវ​បង្កង ស្តេចចង់​ឬ​អៀវ សី ទាញព្រ័ត្រ វាយក្អម លោត​បាវ ដណ្តើម​ស្លឹកឈើ ធុង​រត់ប្រណាំង ចងជើង​រត់ប្រណាំង ស្វា​ដណ្តើម​ទី ទំពាំង​ឫស្សី ហោរា​ទស្សន៍​ទាយ ខួង មួយ​រកាំ​ពីរ​កាំ និង​ល្បែង​ពាំ​ពង​ទា​ជាដើម ។ ក្រៅពី​នោះ​នៅ​មានកម្ម​វិធី​សិល្បៈ វប្បធម៌ សាសនា និង​កម្មវិធី ផ្សេង​ៗ​ជា​ច្រើន​ទៀត ។