សិស្ស ២៣នាក់ ឆ្លងកូវីដ១៩ ទើបឈានដល់ការបិទថ្នាក់រៀន ចំនួន ១៥ថ្នាក់ នៅ ៥វិទ្យាល័យ ក្នុងរាជធានីភ្នំពេញ
- ភ្នំពេញ
ភ្នំពេញ៖ យ៉ាងហោចណាស់ មានសិស្សានុសិស្ស ២៣នាក់ នៅតាមវិទ្យាល័យ ចំនួន ៥កន្លែង បានឆ្លងកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ…
ភ្នំពេញ៖ យ៉ាងហោចណាស់ មានសិស្សានុសិស្ស ២៣នាក់ នៅតាមវិទ្យាល័យ ចំនួន ៥កន្លែង បានឆ្លងកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ…
ភ្នំពេញ៖ យ៉ាងហោចណាស់ មានសិស្សានុសិស្ស ២៣នាក់ នៅតាមវិទ្យាល័យ ចំនួន ៥កន្លែង បានឆ្លងកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ នៅវិទ្យាល័យវត្តភ្នំ ឆ្លងច្រើនជាងគេ ដល់ ១២នាក់។ នេះបើតាមប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត។
លោក ហែម ស៊ីណារ៉េត បានប្រាប់កោះសន្តិភាព នៅយប់ថ្ងៃទី១៧ ខែកញ្ញានេះថា ការរកឃើញសិស្សឆ្លងកូវីដ ១៩ ចំនួន ២៣នាក់នេះ គឺមិនមែនជាករណីឆ្លង ក្នុងសាលារៀនឡើយ ហើយក៏មិនមែនសាលារៀន តម្រូវឲ្យសិស្សទាំងនោះ ត្រូវធ្វើតេស្តយកសំណាក រកកូវីដ១៩ ឡើយ។ សិស្សានុសិស្សទាំងនោះ បានទៅធ្វើតេស្ត នៅជិតផ្ទះ និងនៅជិតសាលារៀន ដោយខ្លួនឯង ហើយក៏រកឃើញវិជ្ជមានកូវីដ១៩ តែម្តង។
លោក ហែម ស៊ីណារ៉េត បន្ថែមថា នៅថ្ងៃទី១៧ ខែកញ្ញានេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយមន្ទីរអប់រំ និងសាលារៀន គឺនៅវិទ្យាល័យវត្តភ្នំ ដែលមានសិស្សឆ្លងកូវីដ១៩ ច្រើនជាងគេ ដល់ ១២នាក់ គឺបានយកសិស្ស ៤៣នាក់ ដែលបានចូលរៀនជាមួយសិស្ស ដែលវិជ្ជមានកូវីដ១៩ យកទៅធ្វើតេស្ត យកសំណាក ហើយលទ្ធផល គឺអវិជ្ជមានទាំងអស់។
យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរ លើកឡើងថា សិស្ស ក្នុង ១៥បន្ទប់ នៅ ៥វិទ្យាល័យ ដែលក្រសួងអប់រំ ប្រកាសនៅថ្ងៃទី១៧កញ្ញានេះ តម្រូវឲ្យធ្វើចត្តាឡីស័ក តាមដានសុខភាព នៅផ្ទះរៀងៗខ្លួន។ រីឯសិស្ស ២៣នាក់ ដែលវិជ្ជមានកូវីដ១៩ សុទ្ធតែបានចាក់វ៉ាក់សាំង ២ដូសទាំងអស់គ្នា ហើយពួកគេ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលកូវីដ ដូចជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅមណ្ឌលទួលពង្រ រួមទាំងព្យាបាល នៅតាមផ្ទះ។
លោក ហែម ស៊ីណារ៉េត បន្ថែមថា នៅថ្ងៃបើកសាលារៀនឡើងវិញ នៅថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ នាថ្ងៃទី១៥ ខែកញ្ញា នៅភ្នំពេញ មានសាលារៀនចំនួន ១៤២ បានបើកដំណើរ ក្នុងនោះ រួមមាន៖ សាលារៀនរដ្ឋ ចំនួន ៦២សាលា ក្នុងចំណោម ៦៨។ រីឯសាលាឯកជន មានចំនួន ៨០ ក្នុងចំណោម ១៥៩សាលារៀន។ នៅថ្ងៃទី១៦ ខែកញ្ញា មានសាលារៀន ចំនួន ១៥សាលាទៀត ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ដោយក្នុងនោះ មានសាលារៀនរដ្ឋ ២ និងសាលារៀនឯកជន ចំនួន ១៣សាលា។ នៅថ្ងៃទី១៧ ខែកញ្ញានេះ មានសាលារៀនឯកជន ចំនួន ៦សាលា បានស្នើសុំបើកដំណើរការឡើងវិញ តាមរយៈសាលាខណ្ឌ ហើយមន្ទីរអប់រំ បានបញ្ជូនទៅកាន់អភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ សម្រេចរួចហើយ។
សូមរម្លឹកថា នៅថ្ងៃទី១៧ ខែកញ្ញានេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសាលារៀន ក្រសួង បានសម្រេចផ្អាកដំណើរការថ្នាក់រៀន ចំនួន ១៥ថ្នាក់ នៅវិទ្យាល័យចំនួន ៥ ក្នុងរាជធានីភ្នំពេញ ចំនួន ១៤ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩។ ការសម្រេចបិទថ្នាក់រៀននេះ ធ្វើឡើងតែ ២ថ្ងៃប៉ុណ្ណោះ ក្រោយពីសាលារៀន នៅភ្នំពេញ ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ បានបើកដំណើរការឡើងវិញ កាលពីថ្ងៃទី១៥ ខែកញ្ញា។
សេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ដោយចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងសម្រេចផ្អាកដំណើរការថ្នាក់រៀន នៅតាមគ្រឹះស្ថានសិក្សា ដូចមានរាយឈ្មោះខាងក្រោម ចំនួន ១៤ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់៖ ១.វិទ្យាល័យ ហ៊ុនសែន ពញាពន់ ថ្នាក់ទី៩B។ ២.វិទ្យាល័យ បឹងប្រិយ ថ្នាក់ទី១២A1 ថ្នាក់ទី៩C1 និងថ្នាក់ទី៩D1។ ៣.វិទ្យាល័យបឹងធំ ថ្នាក់ទី៧A2។ ៤.វិទ្យាល័យវត្តភ្នំ ថ្នាក់ទី៩H2, 9D2, 9B1, 9H2, 12C2, 12C1, 12B2 និងថ្នាក់ទី12H2។ ទី៥.វិទ្យាល័យវត្តកោះ ថ្នាក់ទី៧F។
ក្នុងលិខិតដដែល លើកឡើងថា ចំពោះថ្នាក់ដទៃទៀត ត្រូវបន្តដំណើរការជាធម្មតា។ ប៉ុន្តែត្រូវ៖ ១.រឹតត្បិតការចេញលេង និងបន្តពាក់ម៉ាស់ និងលាងដៃជាប្រចាំ ២.មិនអនុញ្ញាតឲ្យមានការទាក់ទង ពីសិស្សថ្នាក់១ ទៅថ្នាក់១ទៀត និង៣.មិនអនុញ្ញាតឲ្យមានការជួបជុំ ឬប្រជុំ ក្រៅពីការសិក្សាក្នុងសាលារៀន។
សូមរម្លឹកថា មុនបើកសាលារៀនឡើងវិញ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា រកឃើញគ្រូបង្រៀន និងបុគ្គលិកសិក្សា ២៤នាក់ ឆ្លងកូវីដ១៩ ក្នុងចំណោមលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំ សាលារៀនរដ្ឋ និងសាលារៀនឯកជន ជាង ១ម៉ឺន ៤០០នាក់ ដែលបានធ្វើតេស្តរហ័ស យកសំណាក រកមេរោគកូវីដ១៩។
រហូតដល់ថ្ងៃទី១៧ ខែកញ្ញានេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា សាលារៀនចំនួន ២៦៤១សាលា បានបើកដំណើរការបង្រៀនឡើងវិញ នៅទូទាំងប្រទេស។ ក្នុងនោះ ថ្នាក់មតេយ្យ ចំនួន ១៥៣ បឋមសិក្សាចំនួន ១៥០០ អនុវិទ្យាល័យចំនួន៧១៦ និងវិទ្យាល័យចំនួន ២៧២សាលា៕
ចែករំលែកព័តមាននេះ