ខេត្តបាត់ដំបង ៖ ខ្មាន់កាំភ្លើងដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ មានគ្នាយ៉ាងតិច៣នាក់ត្រូវគេរាយការណ៍ថា បានលបចូលទៅបាញ់ប្រហារយ៉ាងសាហាវទៅលើប្តីប្រពន្ធនិងកូនដែលរស់នៅតំបន់ដាច់ស្រយាលមួយនៅចំណុចថ្លុកសង្កែ ស្ថិតក្នុងភូមិជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ មីនា បណ្តាលឱ្យសមាជិកគ្រួសារនេះចំនួន៣នាក់ស្លាប់និងកូនតូចម្នាក់ទៀតរងរបួស។ នៅក្នុងអំពើបាញ់ប្រហារគ្មានប្រណីនេះ ធ្វើឱ្យសង្ស័យថា កើតចេញពីរឿងពាលស៊ីពាល ព្រោះដោយសារតែបុរសដែលឃាតកបាញ់សម្លាប់នោះគឺជាមុខសញ្ញាដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ពីបទប្លន់អ្នកលក់មាសនៅផ្សារពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបក្សពួក៧នាក់ត្រូវបានចាប់ខ្លួនហើយ ។
លោកឈិត សេង មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌស្រុកសំពៅលូន បានឱ្យដឹងថា ជនរងគ្រោះដែលរងការបាញ់ប្រហារពីសំណាក់ក្រុមខ្មាន់កាំភ្លើងនោះជាសមាជិកគ្រួសារតែមួយ ។ មន្ត្រីរូបនេះបានប្រាប់ថា អ្នកស្លាប់មានចំនួន៣នាក់ រួមមាន១-ឈ្មោះគង់ គី អាយុ៥០ឆ្នាំ ជាប្តីត្រូវបាញ់ចំនួន៣គ្រាប់ ២-ឈ្មោះពុំ ច្រិប អាយុ៤៩ឆ្នាំ ជាប្រពន្ធ ត្រូវបាញ់ចំនួន២គ្រាប់ និង៣-ឈ្មោះគង់ ចាន់ធី អាយុ១៧ឆ្នាំ ជាកូនស្រី ត្រូវចំនួន១គ្រាប់ រីឯកូនស្រីអាយុ៩ឆ្នាំ ឈ្មោះគង់ ចាន់ណា របួសស្រាល ។ ដោយឡែកម៉ូតូមួយគ្រឿងរបស់គ្រួសារនេះត្រូវក្រុមជនដៃដល់បាញ់កម្ទេចម៉ាស៊ីនចោលចំនួន៣គ្រាប់ ។ មន្ត្រីរូបនេះបន្តថា ក្រុមជនសង្ស័យរូបនេះត្រូវបានសាក្សីប្រាប់ថា មានបក្សពួកចំនួន៣នាក់ ប្រដាប់ដោយកាំភ្លើងអាកា មួយដើម ។ តាមប្រភពដដែលបញ្ជាក់ថា ក្នុងគ្រួសារអ្នកត្រូវបាញ់សម្លាប់នេះ មានកូនតូចអាយុប្រហែល២ខែ និងក្មួយស្រីឈ្មោះគង់ សុភាព អាយុ២០ឆ្នាំ បានរួចផុតពីការបាញ់ប្រហារនេះ ។
តាមការបំភ្លឺពីក្មួយស្រីដែលរួចផុតពីសេចក្តីស្លាប់ នាងគង់ សុភាព បាននិយាយថា ក្រុមគ្រួសាររបស់នាងកំពុងដេកលង់លក់ក្នុងដំណេក។ នាងនិយាយថា ខ្មាន់កាំភ្លើងបានបាញ់បន្តទៅលើប្រពន្ធខណៈគាត់ងើបស្ទុះទៅជួយ លុះពេលកូនស្រីគាត់ស្ទុះទៅអោបម្តាយ ជនដៃដល់បានបាញ់ប្រហារកូនស្រីគាត់ទៀត ។ ចំណែករូបនាងបានពួនសំងំមិនហ៊ានឱ្យឮមាត់ទេហើយក៏មិនហ៊ានចេញមុខដែរ ។ នាងគង់ សុភាព បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ក្រោយពីបាញ់សម្លាប់មនុស្សជាបន្តបន្ទាប់ហើយ ជនទាំងនោះបានបាញ់កម្ទេចម៉ូតូចោលមួយគ្រឿងទៀត ហើយស្រែកគំរាមរកដុតផ្ទះបំផ្លាញចោលទៀត មុនពេលចាកចេញ ។ ពួកនោះហាក់មានចរិតកាចសាហាវបំផុត ។
ក្រោយពេលបាញ់សម្លាប់មនុស្សយ៉ាងសាហាវនេះ សាក្សីដែលឃើញផ្ទាល់ភ្នែកបានបំភ្លឺប្រាប់សមត្ថកិច្ចថា គេបានឃើញមនុស្ស៣នាក់ ដើរចេញពីផ្ទះជនរងគ្រោះ ក្រោមពន្លឺព្រះចន្ទចែងចាំង ។ សាក្សីបានបញ្ជាក់ថា ក្នុងចំណោមក្រុមនេះ៣នាក់ មាន២នាក់ស្លៀកពាក់ខ្មៅប្រដាប់ដោយកាំភ្លើងអាកាមួយដើម ។ អ្នកភូមិនិយាយថា មុនពេលកើតហេតុ១ថ្ងៃ ពេលចូលរួមផឹកស៊ីគេឮជនរងគ្រោះឈ្មោះគង់ គី ពោលប្រាប់គេថា ខ្លួនធ្លាប់មានរឿងរ៉ាវកន្លងមក ហើយខ្លួនខ្លាចតែមានគេតាមសងសឹកវិញទេ លុះពេលយប់ឡើងស្រាប់តែមានរឿងនេះកើតឡើងតែម្តង។
ទាក់ទិននឹងរឿងរ៉ាវបាញ់ប្រហារដ៏កំរោលខាងលើនេះ លោកជេត វណ្ណនី ស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ ដែលបានចុះទៅដល់កន្លែងកើតហេតុ ទាំងយប់ងងឹតបានថ្លែងថា បើយោងលើការសាកសួរនិងធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនម៉ោងតាមការចង្អុលបង្ហាញពីលោកស្នងការខេត្តយើងបានសន្និដ្ឋានថា អំពើបាញ់សម្លាប់មនុស្សដ៏កំរោលនេះគឺជាអំពើឃាតកម្មដែលកើតចេញពីរឿងគំនុំ ។ លោកបានបន្ថែមទៀតថា បើយោងលើសំណុំរឿងនិងឯកសារផ្សេងទៀតដែលពាក់ព័ន្ធលើឈ្មោះគង់ គី នេះ គឺលោកអាចសន្និដ្ឋានបានទៀតថា ក្រៅពីរឿងគំនុំ គឺជារឿងពាលស៊ីពាល ព្រោះជនឈ្មោះគង់ គី នេះ មានឈ្មោះជាជនសង្ស័យក្នុងបញ្ជីខ្មៅរបស់សមត្ថកិច្ច ដែលយើងតាមប្រមាញ់នាប៉ុន្មានឆ្នាំកន្លងមក ហើយ ។ ក្នុងសកម្មភាពបាញ់ប្រហាររាត្រីនោះ គ្រួសារនេះមិនមានបាត់បង់ទ្រព្យសម្បត្តិទេ សូម្បីតែម៉ូតូ១គ្រឿងក៏ត្រូវខ្មាន់កាំភ្លើងបាញ់កម្ទេចម៉ាស៊ីនចោលដែរ ។
ប្រវត្តិល្មើសដែលពាក់ព័ន្ធឈ្មោះគង់ គី លោកជេត វណ្ណនី ស្នងការរងខេត្តបានមានប្រសាសន៍ថា គ្រួសាររបស់ឈ្មោះគង់ គី នេះ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ។ ជននេះ មានប្រវត្តិជាប់ពាក់ព័ន្ធបទល្មើសឧក្រិដ្ឋជាច្រើននៅខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង និងខេត្តដទៃទៀត ។ លោកបានមានប្រសាសន៍ទៀតថា ជនឈ្មោះគង់ គី នេះ ក៏កំពុងស្ថិតក្រោមការតាមប្រមាញ់របស់សមត្ថកិច្ចខេត្តពោធិ៍សាត់ដែរ តាមដីកាចាប់ខ្លួនលេខ០៧ ចុះថ្ងៃទី៣០ មករា ឆ្នាំ២០០៨ ដោយចៅក្រមស៊ើបសួរលោកគង់ សុខុម នៃតុលាការខេត្តពោធិ៍សាត់ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ដែលប្រព្រឹត្តកាលពីថ្ងៃទី៨ មករា ឆ្នាំ២០០៨ នៅភូមិស្រះម្កាក់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកាលណោះឈ្មោះគីនេះ បានប្រើប្រាស់កាំភ្លើងបាញ់ទៅលើអ្នកភូមិម្នាក់ឱ្យរងរបួសធ្ងន់ ហើយពិការរហូតមកដល់សព្វថ្ងៃនេះ ។
លោកជេត វណ្ណនី បានបញ្ជាក់ថា ក្រោយពីប្រព្រឹត្តបទល្មើសមិនឈប់់ឈរនេះ ហើយដឹងថា សមត្ថកិច្ចស្ទើរគ្រប់ទីកន្លែងកំពុងតាមប្រមាញ់ ជននេះបានរត់មកសំងំលាក់ខ្លួននៅឯភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។ លុះក្រោយមកជននេះបានភៀសខ្លួនទាំងគ្រួសារមកសំងំសុខនៅតំបន់ឆ្ងាយដាច់ស្រយាលមួយកន្លែងទៀតក្នុងភូមិត្រាវជូ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ដែលជាកន្លែងត្រូវបញ្ចប់ជីវិតខាងលើកាលពីរាត្រីថ្ងៃទី១៩ មីនា នេះ ។
ពាក់ព័ន្ធនឹងការស្លាប់របស់ឈ្មោះគង់ គី នេះ នៅឯខេត្តកំពង់ឆ្នាំង សមត្ថកិច្ចនៃខេត្តនេះ បានឱ្យដឹងដែរថា ពួកគេក៏កំពុងតាមប្រមាញ់ឈ្មោះគង់ គីនេះពីមុនមកដែរ ដែលជននេះពាក់ព័ន្ធក្នុងអំពើប្លន់ប្រដាប់អាវុធកាលពីចុងខែកុម្ភៈ កន្លងទៅនៅផ្ទះលក់មាស ប្តូរប្រាក់ ក្នុងផ្សារពង្រ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ក្រោយមកសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានស្រាវជ្រាវចាប់ខ្លួនបក្សពួកចោរប្លន់បានចំនួន៧នាក់ ដែលគេសង្ស័យថា ឈ្មោះគង់ គី នេះ ក៏មានជាប់ពាក់ព័ន្ធក្នុងអំពើប្លន់នេះដែរ ។
លោកជេត វណ្ណនី ស្នងការរងខេត្តបាត់ដំបង បានបញ្ជាក់ដែរថា កន្លងមកសមត្ថកិច្ចរបស់លោកបានប្រឹងប្រែងបំផុតដើម្បីស្វែងរកមុខសញ្ញាដ៏កាចសាហាវឈ្មោះគង់ គី នេះ ព្រោះជននេះមានឈ្មោះក្នុងបញ្ជីខ្មៅរបស់លោកយូរឆ្នាំមកហើយ ។ ប៉ុន្តែជននេះតែងផ្លាស់ទីលំនៅគឺដូរដីរហូតទើបយើងជួបការលំបាកក្នុងការស្វែងរក ។ លោកបានថ្លែងថា ការស្លាប់របស់ឈ្មោះគង់ គី ក្រោមកាណុងកាំភ្លើង បែបពាល ស៊ីពាលខាងលើនេះ គឺវាស័ក្តិសមទៅនឹងកំហុសដែលជននេះបានប្រព្រឹត្តមិនឈប់ឈរកន្លងមក ហើយអាចចាត់ទុកថា ជាការលុបឈ្មោះជននេះចេញពីបញ្ជីខ្មៅជាស្ថាពរ។ ប៉ុន្តែទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ ទូទៅមានការសោកស្តាយនិងស្រណោះអាណិតដល់ប្រពន្ធកូនរបស់គ្រួសារដែលបាត់បង់ជីវិតក្រោមកាណុងកាំភ្លើងរបស់ជនពាល ដែលពួកគេមិនដឹងអ្វីសោះ គឺពួកគេទទួលរងគ្រោះថ្នាក់ដោយសារតែប្តីកំណាច ៕


ចែករំលែកព័តមាននេះ