ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្លាប់ និង​របួសដោយសារ​​គ្រោះថ្នាក់ចរាចរណ៍​កើតឡើង​​បន្តបន្ទាប់

15 ឆ្នាំ មុន

​ខេត្តកំពង់​ធំ​ ៖ ​គ្រាន់តែ​រយៈ​ពេល​​ជាង​​២​ម៉ោង ​មាន​មនុស្ស​​២នាក់​បានស្លាប់​​បាត់បង់ជីវិត និង​រង​របួស​ធ្ងន់​​​ម្នាក់ ដោយ​សារ​គ្រោះថ្នាក់​​ចរា​ចរណ៍​នៅ​លើ​កំណាត់ផ្លូវ​ជាតិលេខ​៦ ក្នុង​ទីរួម​ខេត្ត​​កំពង់ធំ ដែលបង្ក​ឡើង​ដោយ​​​រថយន្ត​​បុក​គ្នា​​​ជាមួយម៉ូតូ ។​ ផ្អែក​តាម​​របាយការណ៍​​របស់សមត្ថកិច្ច​​​នគរ​បាល​​ចរាច​រ​នៃ​ស្នងការ​​​ដ្ឋានខេត្ត បាន​ឱ្យ​​ដឹង​ថា នៅយប់ថ្ងៃទី​​២៧ មីនា ​លើកំណាត់​ផ្លូវ​​ជាតិលេខ​​៦ មាន​គ្រោះថ្នាក់​​ចរាច​រណ៍​កើត​ឡើង​ចំនួន​២លើកផ្ទួន​ៗគ្នា គឺ​​គ្រាន់តែ​​​ចន្លោះ​​ម៉ោង​៨​ទៅ​ដល់​ម៉ោង​១០​យប់ ​មានមនុស្ស​​២នាក់​​ស្លាប់ និង​ម្នាក់​ទៀត​​រង​របួសធ្ងន់ ​ព្រមទាំង​​​​ខូចខាត​រថយន្ត និង​ម៉ូតូយ៉ាង​ដំណំ ។

ប្រភព​បន្ត​​ថា ករណី​ទី​១ នៅ​វេលា​ម៉ោង​​១៩​និង​៥នាទី នៅ​ចំណុច​​ភូមិ​​អាចារ្យ​លាក់ សង្កាត់អាចារ្យ​លាក់ ​ក្រុងស្ទឹង​សែន ​មាន​គ្រោះថ្នាក់​ចរាចរណ៍​​​មួយ​កើត​ឡើង​​រវាង​រថយន្ត​ម៉ាក​តូយ៉ូតា ​​តាកូម៉ា ​​ពណ៌​ខ្មៅ ​បើក​បរ​ដោយ​​ឈ្មោះ​តយ សឿង​អ៊ី ​ភេទប្រុស អាយុ​​៥១​ឆ្នាំ ​ទីលំនៅ​​​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ​​ខេត្តកំពង់ធំ បានបុក​ម៉ូតូ​មួយ​គ្រឿង​ ​ម៉ាក C125 ស៊េរី​​២០១០ ​បណ្តាល​ឱ្យ​ម្ចាស់ម៉ូតូ​ឈ្មោះ​សុខ ​​ផាន់ណា ភេទ​ប្រុស ​អាយុ​​​២៥ឆ្នាំ រស់នៅ​ភូមិ​​មហ៍ ​ឃុំជ័យ ​ស្រុកកំពង់ស្វាយ ​បណ្តាល​​ឱ្យ​រង​​​របួសធ្ងន់ធ្ងន់​ ។ ​ចំណែក​វត្ថុ​​តាង​​ត្រូវ​បាន​​យកទៅ​រក្សា​​ទុក​នៅអធិការដ្ឋាន​​​នគរ​បាល​​ក្រុង ដើម្បី​​ដោះស្រាយ​​តាមនីតិវិធី​។​

ដោយឡែក​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​ទៀត​កើត​​ឡើង​នៅ​វេលាម៉ោង​​​២១និង​​​៥៤​នាទី​ថ្ងៃ​ដដែល​​នៅលើ​ផ្លូវ​​ជាតិលេខ​​​៦​ចំណុច​​​ភូមិពពេច ​ឃុំចុង​ដូង ស្រុកបារាយណ៍ ​រវាង​រថយន្ត​​មិន​ស្គាល់​​ម៉ាក​បានបុកម៉ូតូ​​មួយគ្រឿង បណ្តាល​ឱ្យ​​មនុស្ស​ពីរ​នាក់​​ជា​ម្ចាស់​ម៉ូតូ បានស្លាប់នៅនឹង​​កន្លែង គឺ១-​ឈ្មោះញឿន ឡេង ភេទប្រុស អាយុ២៣ឆ្នាំ រស់​នៅភូមិ​ទួល​ដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ និង២-​ឈ្មោះអ៊ុំ វិច្ឆិកា ភេទ​ប្រុស អាយុ១៩ឆ្នាំ ទីលំនៅ​ភូមិថ្មី ឃុំត្នោតជុំ ស្រុក​បារាយណ៍​ ភាគី​រថយន្ត​បាន​គេចខ្លួនបាត់​។ ​មន្ត្រី​ប៉ូលិស​បានបញ្ជាក់ថា ជន​រងគ្រោះ​ក្នុង​ឧប្បត្តិ​ហេតុគ្រោះថ្នាក់ចរាចរ​ណ៍​ខាងលើនេះ ពុំ​មាន​ពាក់មួក សុវត្ថិភាព ទេ ។ សូមបញ្ជាក់ថា ជាមួយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជារៀងរាល់ថ្ងៃនេះ បានធ្វើឱ្យ​ប្រជាពលរដ្ឋមានការខ្លាចរអាយ៉ាងខ្លាំង ពិសេស គ្រោះថ្នាក់ទាំងនោះសុទ្ធសឹង​តែធ្វើឱ្យ​មនុស្ស​ស្លាប់ជាក្រុមៗ​ ឬ​ទាំងគ្រួសារៗ៕