ខេត្តព្រៃវែង ៖ កាលពីព្រឹកថ្ងៃទី១១ កុម្ភៈ ២០១៦ នេះ ប្រជាកសិករនៅក្នុងភូមិឧត្តម ឃុំព្រែកក្របៅ ក៏ដូចប្រជាកសិករស្រុកពាមជរ៍ សប្បាយរីករាយដោយទិន្នផលពោតក្រហមរបស់ពួកគាត់ឆ្នាំ២០១៦នេះ មានទិន្នផលខ្ពស់ និងមានទីផ្សារក្នុងស្រុក និងក្រៅប្រទេស ។
បើតាមលោក វឿន វ៉ាត អាយុ៣៨ឆ្នាំ ជាកសិករ និងជាអ្នកប្រមូលទិញពោតមានទីលំនៅក្នុងភូមិឧត្តម ឃុំព្រែកក្របៅ បាននិយាយថា ឆ្នាំ២០១៦នេះ ពោតក្រហមទទួលបានទិន្នផលខ្ពស់ ជាមធ្យមក្នុង១ហិកតា ទទួលបានទិន្នផល៦តោនទៅ៧តោន ហើយមានទីផ្សារនៅក្នុងស្រុក និងនៅក្រៅប្រទេស(វៀតណាម)ទៀតផង ។
ប្រភពដដែលបានបន្តថា ពោតក្រហមមានទីផ្សារនេះ ក៏ដោយសារប្រជាកសិករដាំពោតពាក់កណ្តាល ដាំសណ្តែកខ្លះ និងធ្វើស្រូវប្រាំងខ្លះ ទើបធ្វើឲ្យពោតមានទីផ្សារបែបនេះ បើទិញពីកសិករផ្ទាល់ពោតក្រហមប្រឡេះគ្រាប់រួច នៅសើម ក្នុង១គីឡូក្រាម តម្លៃ៦០០រៀល បើហាលសម្ងួតស្ងួតល្អ យកទៅលក់ឲ្យក្រុមហ៊ុនលោកឧកញ៉ា ម៉ុង ឫទ្ធី ដល់កសិដ្ឋានស្រុកកែវផុស ខេត្តព្រះសីហនុ ពោតក្រហម១គីឡូក្រាមតម្លៃ១.០០០រៀល ។
លោកបានបន្តថា ពោតក្រហមចាប់ប្រមូលផលពីដើមខែកុម្ភៈ ២០១៦ គាត់បានដើរប្រមូលទិញពីកសិករយកទៅលក់ឲ្យក្រុមហ៊ុនឧកញ៉ា ម៉ុង ឫទ្ធី ចំនួន២លើកមកហើយ នៅថ្ងៃទី១១ កុម្ភៈ នេះ ប្រមូលទិញបានចំនួន៦០តោន និងនៅតែប្រមូលទិញរហូតដល់ខែមេសា ។ ចំពោះឈ្មួញប្រមូលទិញពោតនេះនៅក្នុងភូមិឧត្តុង មានគ្នា៣នាក់ បើទូទាំងស្រុកពាមជរ៍មានឈ្មួញប្រមូលទិញពោតចំនួន២៨នាក់ ក្នុងឆ្នាំ២០១៦នេះ ។ ពោតក្រហមមានរាប់ពាន់តោន ហើយទីផ្សារនៅប្រទេសវៀតណាមក៏មានដែរវៀតណាមគេទិញពោតយកទៅធ្វើជាចំណីសត្វ ឯក្រុមហ៊ុនលោកឧកញ៉ា ម៉ុង ឫទ្ធី ក៏ទិញធ្វើចំណីសត្វដែរ ទើបតែឆ្នាំ២០១៦នេះពោតមានទីផ្សារ និងតម្លៃថ្លៃជាងឆ្នាំ២០១៥ ៕
ចែករំលែកព័តមាននេះ