ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គ​នាយក​​ដ្ឋាន​គយ​​​ប្រជុំ​​ពិនិត្យ​​មើល​ពី​វឌ្ឍន​ភាព​នៃ​ការ​អនុ​វត្ត​​ប្រព័ន្ធ​ ASYCUDA

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​៧ មីនា ​ឆ្នាំ​២០១១ នៅ​សាល​ប្រជុំ​​នៃ​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា​ មាន​ប្រារព្ធ​​កិច្ច​​ប្រជុំ​មួយ​ស្តី​​ពី​ការ​ត្រៀម​​អនុ​វត្ត​គម្រោង​​ពង្រីក​ប្រព័ន្ធ​​ស្វ័យ​​ប្រវត្តិ​​កម្ម​​ទិន្ន​ន័​យ​គយ ឬហៅ​កាត់​ថា អាស៊ី​គូដា (ASYCUDA) ក្រោម​អធិ​បតី​ភាព​​លោក​​បណ្ឌិត ​ប៉ែន ស៊ី​ម៉ន ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​ទទួល​ប​ន្ទុក​ជា​អគ្គ​នាយក​​គយ​ និង​រដ្ឋា​​ករ​កម្ពុជា ។ ​គោល​បំណង​​សំខាន់​នៃ​កិច្ច​ប្រជុំ​ គឺ ពិនិត្យ​​​មើល​ពី​វឌ្ឍន​ភាព​នៃ​ការ​អនុ​​វត្ត​ប្រព័ន្ធ​អាស៊ីគូ​ដា​ដែល​បាន​​ដាក់​ឱ្យ​ដំណើរ​ការ​​នៅ​ការិយា​ល័យ​ និង​​ទី​ស្នាក់​ការ​គយ និង​រដ្ឋា​ករ​ទាំង​៥​កន្លែង ​និង​វឌ្ឍន​ភាព​នៃ​ការ​ត្រៀម​អនុ​វត្ត​​គម្រោង​ពង្រីក​ប្រព័ន្ធ​​អាស៊ីគូ​ដា​នេះ​តាម​បណ្តា​មាត់​ច្រក​គយ​សំខាន់ៗ​​​ចំនួន​១៧​កន្លែង​ថែម​ទៀត ។ ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​​ ប្រធាន អនុ​ប្រធាន​​ និង​សមា​ជិក​ក្រុម​ការ​ងារ​​គម្រោង​ជាតិ ព្រម​ទាំង​អស់​លោក​ជា​ប្រធាន​​នាយក​ដ្ឋាន ​ការិយា​ល័យ​ សាខា​ និង​ទី​​ស្នាក់​​ការ​គយ​ និង​រដ្ឋា​ករ​ បាន​​​រាយ​ការណ៍​ពី​វឌ្ឍន​ភាព លទ្ធ​ផល​ការ​ងារ ​ការ​ប្រឈម​នានា ក្នុង​ការ​ត្រៀម​​អនុ​វត្ត​គម្រោង​​ពង្រីក​ប្រព័ន្ធ​អាស៊ី​គូ​ដា​នេះ។

​នៅ​ក្នុង​ឱកាស​នោះ​ លោក​ប​ណ្ឌិត ប៉ែន ​ស៊ីម៉ន ​បាន​គូស​បញ្ជាក់​ថា គម្រោង​​ប្រព័ន្ធ​ស្វ័យ​​ប្រវត្តិ​​កម្ម​ទិន្ន​ន័យ​​គយ​នេះ ជា​ផ្នែក​មួយ​​នៃ​ផែន​ការ​១២​ចំណុច​របស់រាជ​រដ្ឋា​ភិបាល​កម្ពុជា ​សម្រាប់​​ការ​ធ្វើ​​ឱ្យ​ប្រសើរ​ឡើង​នូវ​​បរិយា​​កាស​​វិនិ​យោគ និង​កិច្ច​​សម្រួល​​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា និង​ក៏​ជាការ​ងារ​​គន្លឹះ​មួយ​នៃ​កម្ម​វិធី​កំណែ​ទំរង់​ និង​ទំនើប​​កម្ម​រដ្ឋ​បាល​​គយ និង​រដ្ឋា​ករ​កម្ពុជា​ឆ្នាំ​២០០៩-២០១៣ ។ ជា​មួយ​គ្នា​នេះ​ លោក​ក៏​បាន​ណែ​នាំ​​មន្ត្រី​គយ​ទាំង​អស់​ឱ្យ​ចូ​លរួម​អនុ​វ​ត្ត​គម្រោង​នេះ​ឱ្យ​បាន​​សកម្ម និង​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​ធានា​​សម្រេច​​ជោគ​ជ័យ​​នៃ​គម្រោង​​ដែល​​គាំទ្រ​ដោយ​ធនា​គារ​ពិភព​លោក​​នេះ ព្រោះ​​ថា ប្រព័ន្ធ​​ស្វ័យ​ប្រវត្តិ​កម្ម​ទិន្ន​ន័យ​​​គយ នឹង​ប្រើ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​​កសាង និង​អនុ​វត្ត​គម្រោង​ថ្មី​នោះ គឺ​បញ្ជរ​តែ​មួយ​ជាតិ (National Single Window) ដែល​ជា​ផ្នែក​មួយ​ទៀត​នៃ​​ផែន​ការ​១២​ចំណុច​​របស់​រាជ​រដ្ឋា​ភិបាល​ និង​ក៏​ជា​កាតព្វ​កិច្ច​របស់​កម្ពុជា​ក្នុង​នាម​ជា​សមា​ជិក​អាស៊ាន​ផង​ដែរ ។
​លោក​ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​​បាន​ណែ​នាំ​ និង​លើក​ទិស​ដៅ​ការ​ងារ​ចំពោះ​មុខ​មួយ​ចំនួន​ដូច​ខាង​ក្រោម ៖

  1. -នាយក​ដ្ឋាន​​ ការិយា​ល័យ និង​ទី​ស្នាក់​ការ​គយ និង​រដ្ឋា​ករ ដែ​លស្ថិត​នៅ​ក្រោម​គម្រោង​​នេះ ត្រូវ​ជំរុញ​ឱ្យ​បាន​ឆាប់​​បំផុត​​នូវ​ការ​កែ​លំអ ឬ​កសាង​ការិយា​ល័យ​ សម្រាប់​បំពាក់​​និង​អនុ​វត្ត​​ប្រព័ន្ធ​អាស៊ីគូ​ដា ឱ្យ​ស្រ​ប​តាម​គំនូស​ប្លង់​ដែល​គណៈ​កម្ម​ការ​ដឹក​នាំ​គម្រោង​បាន​ឯក​ភាព ។
  2. -​លោក​​ប្រធាន​ និង​សមាជិក​ក្រុម​​​ការ​ងារ​គម្រោង​ជាតិ​ ត្រូវ​​ចុះ​តាម​ដាន និង​ជំរុញ​ការ​ងារ​នេះ​រួម​ទាំង​ការ​ងារ​ទទួល និង​ដំឡើង​​សំភារ​បរិក្ខារ​​នានា​របស់​គម្រោង​​ផង ។
  3. -​ទាំង​អស់​​គ្នា​ត្រូវ​ត្រៀម​ធ្វើ​ការ​ជា​មួយ​អ្នក​ជំនាញ​​ការ​ជាតិ និង​អន្តរ​ជាតិ ដែល​នឹង​ចាប់​ផ្តើម​​ការ​ងារ​ចាប់​ពី​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​២០១១ នេះ ។
  4. -លោក​ប្រធាន​​ក្រុម​ការ​ងារ​គម្រោង​ជាតិ ត្រូវរិះ​​រកវិធី​​ ឬ​យន្ត​ការ​ធ្វើ​យ៉ាងណា​ស្រូប​ទាញ​​យក​បទ​​ពិសោធន៍​​ការងារ (ចំណេះ​ដឹង និង​ចំណេះ​ធ្វើ) ​​ពី​ជំនាញ​​ការ​ទាំង​នោះ ​ទាំង​ផ្នែក​មុខ​ងារ និង​បច្ចេក​ទេស​របស់​ប្រព័ន្ធ គឺ​ថា​ត្រូវ​ចាប់​​យក​ភាព​ជា​ម្ចាស់​ការ​​ក្រោយ​ពេល​បញ្ចប់​គម្រោង​នេះ​ដែល​មាន​រយៈ​ពេល​១៦​ខែ ។
  5. -ត្រូវ​ត្រៀម​​រៀប​ចំ​ប្រជុំ​គណៈ​កម្មា​ធិការ​ដឹក​នាំ​គម្រោង​​លើក​ទី ១១ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ដើម​​ខែ​ឧសភា ឆ្នាំ​២០១១ នេះ ៕