ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីប៊ី​គំរាម​វាយប្រហារ​​យន្តហោះ​​ ព្រមទាំង​​នាវា​ស៊ីវិល និងយោធា​ បើ​មាន​​ការវាយប្រហារ​របស់អន្តរជាតិ និង​គំរាម​​​វាយលុក​បេនហ្គា​ហ្ស៊ី

15 ឆ្នាំ មុន

លោកមូអាម៉ា កាដាហ្វី កាលពី​​ថ្ងៃទី​១៧ មីនា ​​បានថ្លែង​តាម​ទូរទស្សន៍​ថា ក្នុង​​ករណី​មាន​ប្រតិបត្តិការ​​យោធា​​របស់​បរទេស​លើ​​ដែន​ដី​លីប៊ី ​រដ្ឋអំណាច​លីប៊ីនឹង​វាយប្រហារ​​​​សង​សឹក​វិញលើ​​​បណ្តា​នាវា​ និង​​យន្តហោះ​​​ស៊ីវិល ក៏ដូចជា​យោ​ធា​ក្នុង​​តំបន់​​មេឌី​ទែរ៉ាណេ ។ ​កង​ទ័ព​ដែល​ស្មោះត្រង់​​​​រដ្ឋាភិបាល​​នឹង​ទៅ​ដល់​​ក្រុង​​បេន​ហ្គាហ្ស៊ីនា​យប់​នេះ ។​ ប៉ុន្មាន​ម៉ោង​​ក្រោយ​ការ​អនុម័ត​របស់​ អ.ស.ប សំដៅបញ្ឈប់​​ការបង្ក្រាប​​ការបះបោរ​​ប្រទេស​លីប៊ីបាន​ព្រមាន​​កាលពីថ្ងៃទី​​​១៧ មីនា ​​ប្រឆាំង​នឹង​​រាល់​ប្រតិ​បត្តិការ​​យោធា​​បរទេស​លើ​​​ដែន​ដី​ខ្លួន ។ ​ប្រទេស​នេះ​បាន​គំរាម​​កំហែង​វាយ​ប្រហារ​​លើ​​បណ្តា​​យន្តហោះ​ និងនាវា​​ស៊ីវិល​​ ព្រម​ទាំង​​​យោធា​​នៅមេឌីទែរ៉ាណេ ។​
អ្នកនាំពាក្យ​​​​ម្នាក់របស់​ក្រសួង​​ការពារ​ប្រទេស​​លីប៊ីដកស្រង់​សម្តី​​​​ដោយទីភ្នាក់ងារ​​​ព័ត៌​មាន​ផ្លូវការ​​ JANA បញ្ជាក់​ថា ​រាល់​សមាស​ភាព​​ចល័ត​​ស៊ីវិល ​ឬ​យោធា​​នឹង​ជា​គោលដៅ​​នៃការ​វាយបក​មួយរបស់លីប៊ី ។ ​​តំបន់​សមុទ្រ​​​មេឌីទែរ៉ា​ណេនឹង​ជួប​គ្រោះថ្នាក់​​​ធ្ងន់ធ្ងរ​​​ពុំ​ត្រឹមតែ​​រយៈ​ពេលខ្លី​​មួយនោះទេ ​ក៏ប៉ុន្តែ​ក្នុង​រយៈ​ពេល​យូរ​ផង​ដែរ ។​
កង​ទ័ព​​របស់​លោកកាដាហ្វី​ពេលនេះ​​ហាក់​ដូច​ជា​នៅ​ទទួល​​ជោគជ័យថ្មីៗ​​ទៀត​​លើ​ទីលាន​​ប្រយុទ្ធ ។ ​នា​ថ្ងៃទី​​១៧ មីនា ​កង​ទ័ព​នេះ​​​បានមក​​ដល់​ក្បែរ​ទីក្រុង​​បេនហ្គាហ្ស៊ី ជាទីក្រុង​​ធំ​ទី​២​របស់​​​ប្រទេស ស្ថិត​នៅ​​ភាគខាង​កើត​​នឹង​​ជា​ទីតាំង​​​បង្អែករបស់​ពួកបះបោរ​​​ចាប់តាំង​ពី​​​១ខែ​​មក​ហើយ ។ ព័ត៌មាន​​នេះ​ត្រូវបាន​​បដិសេធ​​ភ្លាមៗ​​ដោយ​ពួកបះបោរ ។​
រដ្ឋ​​មន្ត្រី​​​​ការបរទេស​បារាំង លោក ALAIN JUPPE គូសបញ្ជាក់​​កាលពីថ្ងៃទី​​​១៧ មីនា ថា ​នឹង​មាន​ការ​វាយប្រហារ​​​តាមអាកាស​​លើ​លីប៊ី ​​ភ្លាមៗ​​ក្រោយ​​ការ​អនុម័ត​​​ដំណោះស្រាយ​​​មួយ​ដោយ​​ក្រុម​ប្រឹក្សា​​​សន្តិសុខ អ.ស.ប ។ ​រដ្ឋ​មន្ត្រី​​ការ​បរទេស​​បារាំង​​អះអាង​ថា នេះជា​ប្រតិបត្តិ​ការ​​ចម្រុះ​​មួយ យើងធ្វើ​​​ជាមួយ​ប្រទេសដទៃៗ ​ទៀត ដោយ​​​យើង​ពុំមែន​​​​ធ្វើ​តែ​​​ម្នាក់​ឯង​ឡើយ ។ ​នេះពុំ​មែន​ជា​ប្រតិបត្តិការ​​មួយរបស់​​​បារាំង​​ទេ តែ​​ជា​ប្រតិបត្តិ​ការ​​​មួយរបស់អន្តរជាតិ ក្នុងនោះ​មាន​ការ​​ចូលរួម​​របស់​អាមេរិក​ផង ។​
មុននេះ កងទ័ព​លីប៊ីប្រកាស​ពីការ​បញ្ឈប់​​​ប្រតិបត្តិការ​​យោធា​​ប្រឆាំង​​ពួក​​បន​ភេរវករ​​ប្រដាប់អាវុធ ចាប់ពីថ្ងៃទី​​២០ មីនា ទៅ ដើម្បី​​ទុកពេល​​​​ឱ្យពួកបះបោរ​​ប្រគល់អាវុធ និង​ឱ្យពួក​គេ​​ទទួលបាន​​​ការ​សម្រេច​ចិត្ត​​លើកលែង​​ទោស​ជា​​ទូទៅមួយ ។​
កាលពីយប់ថ្ងៃទី​​​១៧ មក​ទី​​១៨ មីនា ​ក្រុម​ប្រឹក្សា​​​សន្តិសុខ អ.ស.ប ​បាន​អនុម័ត​​ដំណោះ​ស្រាយ​​​មួយ​ ដែលអនុញ្ញាត​​ឱ្យ​​​ប្រើ​កម្លាំង​​​នៅលីប៊ី​​ដើម្បី​ការពារ​ប្រជាជនស៊ីវិល​​ពីការ​វាយប្រហារ​​​របស់កង​ទ័ព​​លោក​កាដាហ្វី ។ ដំណោះស្រាយ​​នេះ​​​តម្រូវ​ឱ្យ​​បង្កើត​​តំបន់​​ហាម​ហោះ​ហើរ​​អាកាស​មួយដែល​​សំដៅ​​​រាំង​ខ្ទប់​កង​ទ័ព​លោកកាដាហ្វីកុំ​ឱ្យ​​​ទម្លាក់​​គ្រាប់បែកលើ​ពួកបះបោរ​​ ពិសេស​ក្នុង​ទីក្រុង​​បេនហ្គាហ្ស៊ី ។ ​ដំណោះស្រាយ​​នេះ​ក៏​​​រួម​មាន​​ការ​ដាក់ទណ្ឌ​កម្ម​​ហិរញ្ញ​វត្ថុ​​ថ្មីៗ​​ទៀត​ដែរ ។ ​ប្រទេស​​១០​​ជា​សមាជិក​ក្រុមប្រឹក្សា​​សន្តិសុខ អ.ស.ប ​បានបោះឆ្នោត​​​គាំទ្រ​ដំណោះស្រាយ​នេះ ហើយ​សមាជិក​​​៥ទៀត​​របស់​ក្រុម​ប្រឹក្សា​​នេះ​​បាន​បោះឆ្នោត​​​អនុប្បវាទ​​ ។ ចិន និង​រុស្ស៊ី ​បាន​សម្តែង​​ការ​សោកស្តាយ​​ដែលដំណោះស្រាយ​​នេះ​​​ពុំផ្តល់​​​ការ​បញ្ជាក់​ថែមទៀត ​លើរឿង​​ភស្តុភារ ទី​បញ្ជា​ការ​ និង​​បែបបទ​​​នៃការ​អនុវត្តន៍​ ។ ​ប៉ុន្តែ​ទោះ​បី​យ៉ាង​នេះក្តី ​ប្រទេសទាំង​​២នេះ ​បាន​ជ្រើស​​​រើស​​មិន​ប្រើ​​វេតូ ។ ​ប្រទេសអង់គ្លេស​​ដែល​បោះ​​​​អនុ​ប្ប​វាទ​ដូច​រុស្ស៊ី និង​​ចិនដែរ​និយាយ​ថា ​នេះគឺ​ដើម្បី​​ចៀស​វាង​​កុំ​ឱ្យ​​ឈាមហូរ​​ច្រើនទៀត ​ហើយ​អះ​អាង​ថា ​បណ្តា​​ប្រទេស​អារ៉ាប់​​​​នឹង​ចូល​រួម​ជាមួយ​កង​កម្លាំង​​​អន្តរជាតិ​​ តែ​ពុំ​បានផ្តល់​​ភាព​​​លម្អិត​​ជាង​​នេះឡើយ ។ ក៏ប៉ុន្តែ​​ដំណោះ​ស្រាយ​​​នេះបញ្ជាក់​ថា ​នឹង​ពុំ​មាន​​កង​កម្លាំង​​​កាន់​កាប់​​ណាមួយត្រូវ​បាន​ដាក់​ពង្រាយ​​ឡើយ ។ ​គេផ្តោត​​ជា​ពិសេស​​លើ​ការ​​វាយប្រហារ​​​តាម​អាកាស​​ដែលអាច​ធ្វើ​​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​ម៉ោង​ខាង​​មុខនេះ ​ដូចការ​​អំពាវ​នាវ​​​របស់បារាំង ។
យោងតាម​ទូរទស្សន៍​​កាណាដា ​​CTV NEWS ​កាណាដានឹងបញ្ជូន​​យន្តហោះ​​​ប្រដេញ​​៦​គ្រឿង ។ ចំណែក​​ប្រទេស​​​អុីតាលីនឹងផ្តល់​​ឱ្យប្រើ​​ប្រាស់​មូលដ្ឋាន​យោធាទាំង​ឡាយ ។​
ប្រទេស​លីប៊ី​​មានមីស៊ីល​​​ដី​-អាកាស​​យ៉ា​ង​ច្រើន​​សម័យ​កាល​សូវៀត តែ​ពុំ​មាននរណា​​ដឹង​ពិត​​ប្រាកដ​ពីលក្ខខណ្ឌ​​​ទាំងឡាយ​​ឡើយ ។ កាល​ពី​​២៥​ឆ្នាំ​មុននេះ សហរដ្ឋអាេមរិក​​​ធ្លាប់​​វាយ​ប្រហារ​​តាមអាកាស​ប្រឆាំង​​ប្រទេសនេះ​ តែពុំ​មាន​​​បាត់បង់​យន្តហោះ​​ណាមួយ​ឡើយ ។​
នៅទីក្រុង​​បេនហ្គាហ្ស៊ី​មនុស្ស​ទាំង​ឡាយ​​បាន​លើ​ក​គ្នា​ស្រែក​​ហ៊ោ​នៅ​កណ្តាល​ក្រុង​​​អបអរ​សា​ទរ​​ចំពោះ​​​ការ​អនុម័ត​ដំណោះស្រាយ​​​នោះ​​​របស់​ អ.ស.ប ៕