រាជធានីភ្នំពេញ៖ កីឡាករចាន់ រតនៈ មកពីក្លិបកងពលធំអន្ដរាគមន៍លេខ៨ភ្នំទ្រព្យ ត្រូវបានគេរៀបចំឱ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះបល្ល័ង្កងិន ស.ច សាយបួរ នៅលើសង្វៀនCTN នាថ្ងៃសៅរ៍ ទី១៣ កុម្ភៈ ខណៈមាជ សុខរ៉ា មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ជួបជាមួយកីឡាករថៃឈ្មោះបល្ល័ង្កថង ស.ច សាយបួរ ។
កីឡាករថៃបល្ល័ងងិន ស.ច សាយបួរ ដែលត្រូវប៉ះជាមួយ ចាន់ រតនៈ លើកនេះមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរទេ ។ កីឡាករថៃរូបនេះមានកម្ពស់១,៧២ម៉ែត្រ ធ្លាប់ប្រកួតបាន៧៣ដង ឈ្នះ៥០ដង ចាញ់២០ដង ស្មើ៣ដង ។ ចំណែកកីឡាករកម្ពុជាមានកម្ពស់១,៧០ម៉ែត្រ ធ្លាប់ប្រកួតបាន៩៣ដង ឈ្នះ៦០ដង ចាញ់៣១ដង ស្មើ២ដង និងធ្លាប់ផ្ដូលគួប្រកួតឱ្យសន្លប់នៅលើសង្វៀនបាន៥ដង ។ ទោះបីជាចាន់ រតនៈ មានប្រវតិ្តប្រកួតលើសបល្ល័ង្កងិន ស.ច សាយបួរ បន្តិចមែន ប៉ុន្ដែបើចង់យកឈ្នះប្រហែលជាមិនងាយឡើយ ។ ចាន់ រតនៈ បើតាមការសង្កេតការប្រកួតកន្លងមក អត់មានស្នៀតអីដែលធ្វើឱ្យគូប្រកួតបារម្ភឡើយ ម្យ៉ាងវិញទៀតកម្លាំងរបស់គេប្រកួតបានត្រឹមតែទឹកទី៣-ទី៤ គឺទៅលែងរួចតែម្ដង ។ ចាំមើលចាន់ រតនៈ អាចទៅរួចជាមួយកីឡាករថៃដែលមិនទាន់ដឹងពីសមត្ថភាពរូបនេះបានឬអត់ ។
មាជ សុខរ៉ា ដែលត្រូវមកប៉ះកីឡាករថៃបល្ល័ង្កថង ស.ច សាយបួរ លើកនេះក៏មិនទាន់ដឹងថា យ៉ាងណានោះដែរ ។ កីឡាករថៃរូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរម្ដងកាលពីជាងមួយខែមុន ដោយយកឈ្នះពិន្ទុកីឡាករភិន សុទី មកពីក្លិបខ្លារខិនមានរិទ្ធ ។
យោងតាមប្រវត្តិ មាជ សុខរ៉ា ធ្លាប់ប្រកួតបាន២៨ដង ឈ្នះ១៦ដង ចាញ់១២ដង និងធ្លាប់ផ្ដួលគួប្រកួតឱ្យសន្លប់នៅលើសង្វៀនបានម្ដងគត់ ។ ចំណែកបល្ល័ង្កថង ស.ច សាយបួរ ធ្លាប់ប្រកួតបាន៦៩ដង ឈ្នះ៥០ដង ចាញ់១៥ដង និងស្មើ៤ដង ។ ដូច្នេះការប្រកួតលើកនេះ មាជ សុខរ៉ា មិនអាចធ្វេសប្រហែសបានឡើយ ។
ដោយឡែកគូប្រកួតមិត្តភាពធម្មតាវិញមាន កីឡាករ ជ័យ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ជួបប្រកួតជាមួយកីឡាករទេស ឧត្ដម មកពីក្លិបកងពលតូចលេខ៧០ ។ កីឡាករ ធន់ ចាន់តាក់ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយកីឡាករឈាន រស្មី មកពីក្លិបរាជសីហ៍ខេត្តរតនគិរី និងកីឡាកររស់ វិបុល មកពីក្លិបសាលវ័ន្ដកីឡា ប្រកួតជាមួយកីឡាករ ស្រិល ទ្រី មកពីក្លិបគជសារកីឡា ៕
ចែករំលែកព័តមាននេះ