ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល ជួយ​ពង្រឹង​ជំនាញ​បាល់ទាត់​សម្រាប់​កីឡាករ​វ័យក្មេង​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​១៨​ខែ​នៃ​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​បាល់ទាត់​សម្រាប់​កីឡាករ​វ័យក្មេង​កម្ពុជា ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ក្នុង​ចំណោម​កីឡាករ​វ័យក្មេង​។

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​១៨​ខែ​នៃ​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​បាល់ទាត់​សម្រាប់​កីឡាករ​វ័យក្មេង​កម្ពុជា ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ក្នុង​ចំណោម​កីឡាករ​វ័យក្មេង​។ ការ​ប្រកួត​បាល់ទាត់​មិត្តភាព​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ មក​រា ២០១៦ នៅ​សាលា​អនុ​វិទ្យាល័យ​ព្រៃវែង ស្ថិត​ក្នុង​ខណ្ឌដង្កោ មាន​ក្រុមកីឡា​ចំនួន​៤ ចូលរួម​ក្នុង​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​នេះ គឺ វិទ្យាល័យ​ពងទឹក  វិទ្យាល័យ​ព្រៃវែង វិទ្យាល័យ​ត្រពាំង​សាលា និង​ក្រុម​កីឡាករ​មក​ពី​សាលា​បណ្តុះបណ្តាល​បាល់ទាត់​ណា​ហ្គា​វើ​ល​។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា «​ការ​អភិវឌ្ឍ​វិស័យ​កីឡា គឺ​មាន​សារសំខាន់ ដើម្បី​សុខភាព​ល្អ និង​ធ្វើ​ឲ្យ​មាន​វិន័យ​ល្អ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​។ ដើម្បី​ឲ្យ​ការ​រួមចំណែក​របស់​យើង​កាន់តែ​ទូលំទូលាយ ណា​ហ្គា​វើ​ល​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី «​បណ្តុះបណ្តាល​បាល់ទាត់​» ដើម្បី​បណ្តុះបណ្តាល​ជំនាញ​បាល់ទាត់​ដល់​កុមារ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​នូវ​គ្រូបង្វឹក និង​សម្ភារ​កីឡា​។ បន្ថែម​ពីលើ​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​នេះ ណា​ហ្គា​វើ​ល បាន​ឧបត្ថម្ភ​បាល់ទាត់ និង​បាល់ទះ​ជាង​៦០០​បាល់​ដល់​សាលា​បឋម​សិក្សា វិទ្យាល័យ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៨៧ ដើម្បី​ជួយ​សម្រួល​ដល់​កម្មវិធី និង​សកម្មភាព​កីឡា​របស់​ពួក​គេ​។ បន្ទាប់​ពី​ប្រើ​ពេល​១៨​ខែ​នៃ​ការ​អនុវត្ត​ការ​បណ្តុះបណ្តាល​បាល់ទាត់​នេះ វា​ពិតជា​បាន​ផ្តល់​នូវ​លទ្ធផល​ល្អ​ប្រសើរ​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​នៅ​ពេល​យើង​ឃើញ​ថា កីឡាករ​វ័យក្មេង​កម្ពុជា​របស់​យើង​លេង​បាន​យ៉ាង​ល្អ​នៅ​លើ​ទីលាន​បាល់ទាត់ ដោយ​ប្រើ​ជំនាញ​ដែល​បាន​រៀន​ពី​ការ​បណ្តុះបណ្តាល​បាល់ទាត់​របស់​យើង​»​។

លោក​បន្ថែម​ទៀត​ថា «​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​របស់​យើង​បាន​ផ្តល់​ផលប្រយោជន៍​ដល់​កីឡាករ​វ័យក្មេង​កម្ពុជា​ប្រមាណ​ជា​៤០០​នាក់ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន និង​រាជធានី​ភ្នំពេញ​ផង​ដែរ​។ តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​នេះ វា​នឹង​ជួយ​អភិវឌ្ឍ​កីឡាបាល់ទាត់ ដែល​ជា​កីឡា​ដ៏​ល្បី​មួយ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​អភិវឌ្ឍ​កីឡា​ផ្សេង​ៗ​ទៀត ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​មួយ​កំរិត​ទៀត​។ យើង​សង្ឃឹមថា កីឡាករ​បាល់ទាត់​វ័យក្មេង​របស់​យើង​នឹង​ក្លាយជា​កីឡាករ​អាជីព​នៅ​ពេល​អនាគត​»​។

លោក គឺ​ម ឃី គ្រូ​នាយក​វិទ្យាល័យ​ពងទឹក បាន​មាន​ប្រសាសន៍​ថា «​ជាមួយ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់​ដែល​ផ្តល់​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស សិស្ស​របស់​យើង​បាន​រៀន​ជំនាញ​មូលដ្ឋាន​ក្នុង​ការ​លេង​បាល់ទាត់ ដូច​ជា បច្ចេកទេស​ទទួល​បាល់ ការ​គ្រប់គ្រង​បាល់ ការ​ហុច​បាល់​ឲ្យ​គ្នា ការ​ស៊ុត​បាល់ប​ញ្ជូ​ល​ទី និង​ច្បាប់​នៃ​ការ​ប្រកួត​ជាដើម​។ ថ្ងៃនេះ កីឡាករ​អាច​អនុវត្ត​ចំណេះដឹង​របស់​ពួក​គេ​ដែល​បាន​រៀន​ពី​ការ​បណ្តុះបណ្តាល និង​យក​មក​អនុវត្ត​ជាមួយ​ក្រុម​ផ្សេង​ៗ​ទៀត​មក​ពី​សាលារៀន​ដទៃ​។ ការ​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​ដែល​រៀបចំ​ឡើង​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស គឺ​ពិតជា​កម្មវិធី​មួយ​ដ៏​ល្អ​ប្រសើរ ពីព្រោះ​វា​ជួយ​បង្កើត​ទំនាក់ទំនង​ដ៏​រឹង​មាំ​ក្នុង​ចំណោម​កីឡាករ​របស់​យើង​ជាមួយ​កីឡាករ​ក្រុម​ផ្សេង​ៗ​ទៀត​មក​ពីសា​លា​ផ្សេង​ៗ​គ្នា​។

ខ្ញុំ​បាន​សង្កេត​ឃើញ​ថា កីឡាករ​របស់​យើង​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​បណ្តុះបណ្តាល​បាល់ទាត់​ដែល​ផ្តល់​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។ ជា​ពិសេស​យើង​សង្ឃឹមថា ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស នឹង​នៅ​តែ​បន្ត​ផ្តល់​ការ​បណ្តុះបណ្តាល​បាល់ទាត់​សម្រាប់​កីឡាករ​របស់​យើង​ទៀត​។ យើង​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស សម្រាប់​ការ​រៀបចំ និង​ការ​ផ្តល់​ការ​បណ្តុះបណ្តាល និង​សម្ភារ​កីឡា​»​។

ប៉ែន ដេ​វីត កីឡាករ​មក​ពី​ក្រុម​សាលា​ត្រពាំង​សាលា បាន​និយាយ​ថា «​កាលពីមុន​ខ្ញុំ​បាន​លេង​បាល់ទាត់​ដោយ​មិនដឹង​ពី​របៀប​លេង​ឲ្យ​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ​បន្ទាប់​ពី​ខ្ញុំ​បាន​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​បាល់ទាត់​ដែល​ផ្ដល់​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ខ្ញុំ​ដឹង​ពី​របៀប​លេង និង​លេង​បាន​យ៉ាង​ល្អ​ទៀត​ផង​។ លើស​ពី​នេះ​ទៀត​ការ​ប្រកួត​បាល់ទាត់​មិត្តភាព គឺ​សំខាន់​ណាស់​ចំពោះ​ពួក​យើង​។ វា​ផ្ដល់​ឱកាស​សម្រាប់​ពួក​យើង ដើម្បី​អនុវត្ត​នូវ​អ្វី​ដែល​យើង​ត្រូវ​បាន​រៀន​។ តាំង​នាម​ឲ្យ​កីឡាករ​ទាំងអស់ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស សម្រាប់​ការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព និង​ការ​បណ្តុះបណ្តាល​បាល់ទាត់​ដល់​ពួក​យើង​»​។

ពីសី ណា​លី កីឡាករ​មក​ពី​ក្រុម​អនុ​វិទ្យាល័យ​ព្រៃវែង បាន​និយាយ​ថា «​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ជួបជុំ​គ្នា​នៅ​សាលា​អនុ​វិទ្យាល័យ​ព្រៃវែង ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​ដែល​រៀបចំ​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។ ថ្ងៃនេះ ខ្ញុំ​រំភើប​ខ្លាំង​ណាស់ ពីព្រោះ​ខ្ញុំ​បាន​ស្គាល់​កីឡាករ​ជា​ច្រើន​ពីសា​លា​ផ្សេង​គ្នា​។ យើង​បាន​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ការ​ប្រកួត​ទាំងនេះ​។ យើង​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ដែល​ធ្វើ​ឲ្យ​ជំនាញ​លេង​បាល់​របស់​យើង​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​។ ខ្ញុំ​សូម​អរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ម្តងទៀត ហើយ​សង្ឃឹមថា ពួក​គេ​នឹង​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​បន្ថែម​ទៀត​សម្រាប់​កីឡាករ​វ័យក្មេង​ដទៃ​ទៀត​នៅ​ពេល​អនាគត​»៕