រាជធានីភ្នំពេញ ៖ វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣ មីនា ឆ្នាំ២០១១ ផ្ទះពីរល្វែងក្រោមថ្មលើឈើលេខ៧១-៧៣Eo និងE1 ផ្លូវលេខ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បានត្រូវភ្លើងឆេះម៉ដ្ឋ បើទោះបីជាមានកិច្ចអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងក៏ដោយ។ មូលហេតុដែលឈានដល់កើតមហន្តរាយនេះត្រូវបានសមត្ថកិច្ចអះអាងថា បណ្តាលមកពីជាងផ្សារដែកសំណង់ថ្មីក្បែរផ្ទះកើតហេតុធ្វើឱ្យធ្លាក់កំទេចភ្លើងមកលើក៏បង្កជាអគ្គីភ័យឡើង ហើយជាងផ្សារដែកបីនាក់ត្រូវបានឃាត់ខ្លួនសាកសួរ។
លោកសែស រិទ្ធ អាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៧១Eo ដែលរងគ្រោះដោយភ្លើងឆេះនោះបាននិយាយឱ្យដឹងថា មុនពេលកើតហេតុមានជាងផ្សារបីបួននាក់កំពុងផ្សារដែកនៅលើសំណង់ផ្ទះល្វែងជាន់ខ្ពស់ដែលទើបសាងសង់ និងមានកំទេចភ្លើងធ្លាក់ត្រូវចំដំបូលផ្ទះជាច្រើនលើក។ ពេលនោះរូបគាត់បានប្រាប់ទៅជាងទាំងនោះឱ្យប្រយ័ត្ន ប៉ុន្តែជាងផ្សារហាក់ដូចជាមិនយកចិត្តទុកដាក់ទេ ។ ក្រោយមកស្រាប់តែមានកំណាត់ឈើមួយកង់ធ្លាក់មក បណ្តាលឱ្យត្រូវចំមនុស្សបែកក្បាល។ ក្នុងខណៈពេលរវល់តែមើលអ្នករបួស ស្រាប់តែមានភ្លើងឆាបឆេះពេញក្នុងផ្ទះទាំងពីរល្វែងយ៉ាងទាន់ហន់ បំផ្លាញទ្រព្យសម្បត្តិខ្ទេចខ្ទីគ្មានសល់អ្វីឡើយ ព្រោះភ្លើងឆេះរហ័សពេក បើទោះបីជារថយន្តពន្លត់អគ្គីភ័យជួយបាញ់ទឹកយ៉ាងណាក៏ដោយ ។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ បានឱ្យដឹងថា ខណៈកើតមានអគ្គីភ័យនេះមានក្មេងស្រីគម្នាក់អាយុ៤ឆ្នាំ ត្រូវម្តាយចាក់សោទុកចោលនៅក្នុងផ្ទះលេខ៧៣ ហើយត្រូវបានអ្នកនៅផ្ទះលេខ៧១ ជួយរំដោះចេញ ហើយភ្លើងបានរាលដាលឆេះផ្ទះទាំងពីរគ្មានសល់ ។ ទោះបីជាយ៉ាងណា រថយន្តពន្លត់អគ្គីភ័យចំនួនដប់គ្រឿងបានជួយអន្តរាគមន៍បាញ់ទឹកពន្លត់មិនឱ្យរាលដាលបន្តទៅឆេះផ្ទះក្បែរនោះទេ ពិសេសគឺនាយកដ្ឋានជំរុញផលិតកម្មដែលនៅជាប់គ្នា ។ នៅក្នុងហេតុការណ៍នេះ គេឃើញលោកអភិបាលខណ្ឌដូនពេញ អភិបាលរង កម្លាំងនគរបាល ប៉េអឹម ក្រុមយុវជនកាកបាទក្រហម មកជួយអន្តរាគមន៍ធ្វើចរាចរណ៍ ដើម្បីបង្កលក្ខណៈងាយស្រួលដល់រថយន្តពន្លត់អគ្គីភ័យ ។ ចំណែកម្ចាស់ផ្ទះទាំងពីរល្វែងដែលជួបគ្រោះចង្រៃបានយំបោកខ្លួនដូចអកទាំងម្តាយទាំងកូន រហូតដល់សន្លប់ធ្វើអោយប្រជាពលរដ្ឋដែលទៅមើលទប់ទឹកភ្នែកមិនបាន។
លោកសុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថា នៅក្នុងហេតុការណ៍អគ្គីភ័យនេះកុមារីម្នាក់អាយុបួនឆ្នាំ របួសបែកក្បាលដោយសារឈើធ្លាក់ត្រូវ ហើយទ្រព្យសម្បត្តិខូចខាតទាំងស្រុង តែពុំទាន់វាយតម្លៃជាប្រាក់នៅឡើយទេ។ ជាមួយគ្នានេះដែរ មេការសំណង់ពីរនាក់ ជាងផ្សារពីរនាក់ និងអ្នកយាមការដ្ឋានសំណង់ម្នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ដើម្បីសាកសួរ។ យោងតាមបទបញ្ជាពីលោកអភិបាលរាជធានីភ្នំពេញ ឱ្យសាលាខណ្ឌដូនពេញ ចេញសេចក្តីជូនដំណឹងដល់ម្ចាស់សំណង់ជាប់នឹងផ្ទះល្វែងរងអគ្គីភ័យឱ្យផ្អាកការសាងសង់ជាបណ្តោះអាសន្ន រង់ចាំការស្រាវជ្រាវរកមូលហេតុដែលបង្កឱ្យមានគ្រោះមហន្តរាយទាំងព្រឹកចំកណ្តាលរាជធានីភ្នំពេញនេះ ៕






ចែករំលែកព័តមាននេះ