អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងជាមេដឹកនាំប្រឆាំងលោកណាវ៉ាស់ សារីហ្វ បានគំរាមកាលពីថ្ងៃទី២៨ កុម្ភៈ ថា នឹងរៀបចំធ្វើក្បួនដង្ហែមួយប្រឆាំងនឹងរដ្ឋាភិបាល ដោយចោទប្រកាន់រដ្ឋាភិបាលថា ទទួលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្នុងការដោះស្រាយបញ្ហានានារបស់ប្រជាជន ។ ភាពតានតឹងរវាងគណបក្សសម្ព័ន្ធមុលស៊ុលម៉ង់ ប៉ាគីស្ថានរបស់លោកសារីហ្វ និងគណបក្សប្រជាជនប៉ាគីស្ថានរបស់ប្រធានាធិបតីលោកអាស៊ីហ្វអាលី ហ្សាដារី មានការកើនឡើងចាប់តាំងពីការបញ្ជូនកាលពីសប្តាហ៍មុននូវបណ្តារដ្ឋមន្ត្រីរបស់គណបក្សប្រជាជនប៉ាគីស្ថានទៅកាន់ខេត្តបញ្ចាប ដែលដឹកនាំ ដោយគណបក្សលោកសារីហ្វ ។
លោកសារីហ្វ ថ្លែងទៅកាន់បណ្តាមេដឹកនាំនិងពួកសកម្មជននៃគណបក្សលោកក្នុងទីក្រុងឡាហ័រ ទីប្រជុំជនខេត្តបញ្ចាបថា ប្រសិនបើចាំបាច់គណបក្សរបស់លោកនឹងធ្វើការហែក្បួនយ៉ាងវែងមួយ ជាមួយពួកយុវជនបដិវត្តន៍របស់ប្រទេស។ លោកសារីហ្វ ធ្លាប់បានដឹកនាំធ្វើបាតុកម្មធំមួយកាលពីខែមីនា ឆ្នាំ២០០៩ ដែលជម្រុញឱ្យមានការចូលកាន់តំណែងឡើងវិញ របស់បណ្តាចៅក្រមដែលត្រូវដកហូតតំណែងដោយអតីតប្រធានាធិបតីលោកព័រវេស មូសារ៉ាហ្វ៕
ចែករំលែកព័តមាននេះ