រាជធានីភ្នំពេញ ៖ ក្រោយបើកការស៊ើបសួរអស់រយៈពេល២ថ្ងៃ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ តុលាការបានសម្រេចប្រគល់មន្ត្រីនគរបាលផ្នែកអន្តរាគមន៍ឲ្យទៅអង្គភាពវិញដោយមិនមានការដាក់ទោសទណ្ឌ ឬឃុំខ្លួនដាក់ពន្ធគារនោះទេ ។
តែទោះជាយ៉ាងណា មន្ត្រីនគរបាលនោះ ត្រូវរងការដាក់ពិន័យពីកងកម្លាំងចំនួនមួយខែនៅក្នុងអង្គភាពដោយមិនអនុញ្ញាតិឲ្យចេញ ទៅណាមកណាដោយគ្មានបទបញ្ជា នេះបើតាមការបង្ហើបឲ្យពីមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា ។
មន្ត្រីនគរបាលដែលរងការផាកពិន័យខាងលើមានឈ្មោះ ម៉ាត់ ពិសី ភេទប្រុស អាយុ៣០ឆ្នាំ មានឋាននន្ទរស័ក្តអនុសេនីយ៍ទោ បម្រើការងារនៅផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧ មករា រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធថា បានយកវិទ្យុទាក់ទង (អាយឌី) វាយក្បាលនារីម្នាក់ ដែលជិះម៉ូតូមិនពាក់មួកសុវត្ថិភាព បើកបរបញ្ច្រាស់ទិសមិនគោរពច្បាប់ចរាចរណ៍ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងនាវេលាម៉ោងជិត៨យប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅប៉ុស្តិ៍ត្រួតពិនិត្យបទល្មើសនឹងច្បាប់ចរាចរណ៍ របស់សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចំណុចម្ដុំអាងទឹកពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្ដោយផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ក្រោយហេតុការណ៍នោះកើតឡើង លោក ម៉ាត់ ពិសី ត្រូវបានអង្គភាពឃាត់ខ្លួន ដើម្បីរង់ចាំការដោះស្រាយជាមួយភាគីរងរបួស ប៉ុន្តែដំណោះស្រាយនោះ ដោយមានការទាមទារប្រាក់សំណងដល់ទៅ ១០០០០ ដុល្លារអាមេរិកដែលភាគីលោក ម៉ាត់ ពិសី គ្មានលទ្ធភាពនឹងសង ព្រោះកម្រិតជីវភាពម្តាយជួលផ្ទះគេស្នាក់នៅមុខរបរលក់បាយកញ្ចប់ទើបត្រូវបានប្រគល់ឲ្យនគរបាលផ្នែកព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ស្វែងរកភាពស្អាតស្អំរវាងភាគីទាំងពីរជៀសវាងធ្វើឲ្យមានការប៉ះសតិអារម្មណ៍ដល់ភាគីដែលថា រងគ្រោះហើយ បែរជាត្រូវរងគ្រោះទៀត ដូច្នេះមានតែតុលាការទេ ដែលត្រូវកាត់សេចក្តីនោះ ៕
ចែករំលែកព័តមាននេះ