ខេត្តមណ្ឌលគិរី ៖ ទោះបីបុណ្យចូលឆ្នាំចិន មិនមែនជាបុណ្យប្រពៃណិជាត និងពុំមានការអនុញ្ញាតឲ្យឈប់សម្រាកក្នុងប្រតិទិនប្រចាំឆ្នាំក៏ដោយ ក៏គេសង្កេតឃើញអ្នកទេសចរជាជនជាតិខ្មែរជាប់សែស្រឡាយចិន ដែលខ្លះជាមន្ត្រីរាជការ និងសិស្សានុសិស្សមួយចំនួនធំ នាំគ្នាឈប់សម្រាកពីការងារនិងផ្អាកការរៀនសូត្រ ដើម្បីដើរកម្សាន្តជាមួយក្រុមគ្រួសារនិងមិត្តភក្ដិ។
សម្រាប់ខេត្តមណ្ឌលគិរី ក៏ជាទីកម្សាន្តរបស់អ្នកទេសចរក្នុងស្រុកយ៉ាងច្រើនកុះករក្នុងឱកាសបុណ្យចូលឆ្នាំចិន មិនចាញ់តំបន់ទេសចរណ៍ដទៃទៀតឡើយ ទោះបីជាក្នុងរយៈពេលពីរបីថ្ងៃនេះនៅខេត្តមណ្ឌលគិរី បានទទួលរងនូវអាកាសធាតុត្រជាក់ប្លែក ដោយនៅតាមតំបន់ទឹកជ្រោះខ្លះ មានសីតុណភាពត្រឹម៨ទៅ១០អង្សាសេក៏ដោយ ។ ចំណែកនៅក្រុងសែនមនោរម្យ ដែលជាបេះដូងរបស់ខេត្ត ក៏ធាតុអាកាសត្រជាក់ដែរគឺសីតុណ្ហភាពនៅត្រឹម១០ទៅ១៣អង្សាសេ ។
នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ក្នុងខេត្ត ស្ទើរតែមិនមានកន្លែងសេសសល់សម្រាប់ភ្ញៀវមកសម្រាកនិងទទួលទានអាហារ ព្រោះមានភ្ញៀវពេញៗ។ ចំណែកនៅតាមរមណីយដ្ឋាននានាវិញ ក្រុមអ្នកទេសចរទាំងប្រុសទាំងស្រី មានក្មេងមានចាស់ បានចូលទស្សនានិងលេងកម្សាន្តពេញណែនស្ទើររកកន្លែងទុករថយន្ត ម៉ូតូ មិនបាន ដោយសារតែទស្សនីយភាពដ៏សែនប្លែកភ្នែកនៅតំបន់ភូមិភាគឦសាន និងអាកាសធាតុក៏អស្ចារ្យកម្រមានក្នុងព្រះរាជាណាចក្រកម្ពុជា ។ លើសពីនេះ គឺដោយសារមានផ្លូវជាតិដ៏រលោងស្រិលប្រៀបដូចពស់ដ៏ធំមួយក្បាល កំពុងលូនកាត់ព្រៃព្រឹក្សាដ៏សែនវែងអន្លាយ ។
ចំណែកសន្តិសុខសុវត្ថិភាពវិញ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចយកចិត្តទុកដាក់ទាំងយប់ទាំងថ្ងៃ ដោយមានកងកម្លាំងអន្តរាគមន៍យាមកាមគ្រប់គោលដៅសំខាន់ៗក្នុងក្រុង រង់ចាំបំពេញភារកិច្ចជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលមកលេងកម្សាន្ត មិនឲ្យមានអារម្មណ៍ភ័យខ្លាចអ្វីឡើយ ។
យ៉ាងណាក៏ដោយ អ្វីដែលអ្នកទេសចរភាគច្រើនមិនសូវពេញចិត្ត និងមានការរអ៊ូរទាំផងនោះ គឺផ្លូវចូលទៅកាន់រមណីយដ្ឋានមួយចំនួនធំមិនមានភាពល្អប្រសើរ និងកន្លែងខ្លះមិនមានផ្លាកបង្ហាញផ្លូវ ធ្វើឲ្យអ្នកទេសចរដែលមិនស្គាល់ផ្លូវធ្វើដំណើរ ។ រីឯកន្លែងខ្លះទៀតមិនមានរៀបចំប្រព័ន្ធអនាម័យ គ្មានធុងសំរាម ហើយកន្លែងមួយចំនួនសូម្បីតែបង់មួយសម្រាប់អង្គុយលេងក៏មិនមានដែរ ៕
ចែករំលែកព័តមាននេះ