ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​ខ្មែរ​ល្បី​ៗ​មួយ​ចំនួន ចាប់អារម្មណ៍​ការ​រស់នៅ​ក្នុង​ខុន​ដូ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​វិស័យ​ខុន​ដូ នៅ​ប្រទេស​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​ហាក់​នៅ​មិន​ទាន់​យល់ និង​ផ្លាស់​ប្តូរ​ឥរិយាបថ​មក​រស់នៅ​ក្នុង​ខុន​ដូ​នៅឡើយ​ទេ តែ​ទោះជា​យ៉ាងណា

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​វិស័យ​ខុន​ដូ នៅ​ប្រទេស​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​ហាក់​នៅ​មិន​ទាន់​យល់ និង​ផ្លាស់​ប្តូរ​ឥរិយាបថ​មក​រស់នៅ​ក្នុង​ខុន​ដូ​នៅឡើយ​ទេ តែ​ទោះជា​យ៉ាងណា ក៏​មាន​សិល្បករ​ខ្មែរ​ល្បី​ៗ​មួយ​ចំនួន​បាន​ចាប់អារម្មណ៍ និង​ងាក​មក​រក​ការ​រស់នៅ​បែប​ទំនើប ស៊ី​វិ​ល័យ​តាម​បែប​ប្រទេស​ជឿនលឿន ខណៈ​កាលពី​ពេល​កន្លង​មក សិល្បករ​ខ្មែរ​ភាគច្រើន​ចូល​ចិត្ត​រស់នៅ​ផ្ទះល្វែង ឬ​វីឡា ។

ពិធី​ការិនី​ល្បីឈ្មោះ​មួយ​រូប និង​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍ MyTV អ្នក​នាង ខៀវ សាន​សា​ណា បាន​ចាប់អារម្មណ៍​លើ​គម្រោង​ខុន​ដូ​មួយ​នៅ​ប្រទេស​កម្ពុជា គឺ​គម្រោង​ខុន​ដូ D’seaview ហើយ​ក៏​បាន​ទិញ​គម្រោង​នេះ​សម្រាប់​ការ​ស្នាក់​នៅ​ផង​ដែរ ។

អ្នក​នាង ខៀវ សាន​សា​ណា ឱ្យ​ដឹង​ថា​៖ « ខ្ញុំ​បាន​ទិញ​គម្រោង​ខុន​ដូ D’seaview ដែល​ស្ថិត​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ខែ​មុន​នេះ (​ខែមករា​) ដោយសារ​តែ​គម្រោង​នេះ​ស្ថិត​នៅ​តំបន់​មាត់សមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា និង​ជា​កន្លែង​សម្រាក​លំហែកាយ​ដ៏​អស្ចារ្យ​បន្ទាប់​ពី​ការងារ ។ អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់អារម្មណ៍​លើ​គម្រោង​ខុន​ដូ D’seaview នេះ ដោយសារ​តែ​គម្រោង​នេះ​សាងសង់​ឡើង​នៅ​ក្បែរ​ឆ្នេរសមុទ្រ ដែល​នាង​ខ្ញុំ និង​ក្រុម​គ្រួសារ​អាច​ទៅ​សម្រាក​លំហែកាយ និង​គយគន់​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ឆ្នេរសមុទ្រ​កម្ពុជា​បាន​យ៉ាង​ងាយស្រួល ។ ម្យ៉ាងវិញទៀត នៅ​ដែល​ខ្ញុំ​មាន​ខុន​ដូ​ផ្ទាល់ខ្លួន​នៅ​តំបន់​ទេសចរណ៍​មួយ​នេះ ខ្ញុំ​មិន​ចាំបាច់​ខ្វល់ខ្វាយ​ពី​រឿង​រក​សណ្ឋាគារ​ស្នាក់​នៅ​រាល់ពេល​ដែល​ខ្ញុំ​មក​ទស្សនា ឬ​មានកម្ម​វិធី​នៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ​ទេ » ។

អ្នក​នាង​បន្ត​ថា ៖ « ការ​មាន​ខុន​ដូ​ផ្ទាល់ខ្លួន ក៏​ជា​រឿង​មួយ​ល្អ​សម្រាប់​ការ​ធ្វើ​វិនិយោគ​ផង​ដែរ​។ ក្រៅពី​ការ​ស្នាក់​នៅ​ផ្ទាល់ខ្លួន ក៏​អាច​ជួល​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ស្នាក់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ថែម​ទៀត ។ ម្យ៉ាងទៀត ប្រទេស​ជា​សមាជិកសមាគម​សេដ្ឋកិច្ច ASEAN បាន​ធ្វើ​សមាហរណកម្ម​ជាមួយ​គ្នា​ហើយ ។ ដូចនេះ នឹង​មាន​ជនបរទេស​មក​ស្នាក់​នៅ និង​ធ្វើការ​នៅ​ទីនោះ​ច្រើន ដែល​ជា​ឱកាសល្អ​មួយ​សម្រាប់​វិនិយោគ​ទៅ​លើ​គម្រោង​ខុន​ដូ​នេះ » ។

ចំណែក​កញ្ញា មាស សុខ​សោភា ជា​តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ចាប់អារម្មណ៍ និង​ទិញ​គម្រោង​ខុន​ដូ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ គឺ​គម្រោង​ខុន​ដូ កា​សា​មេ​រី​ឌា​ន ដែល​ជា​គម្រោង​ខូ​ន​ដូ​ស្ថិត​នៅ ទីក្រុង​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ។

កញ្ញា​ឱ្យ​ដឹង​ថា ៖ « មូលហេតុ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ជ្រើសរើស​យក​ការ​ស្នាក់​នៅ​ក្នុង​ខុន​ដូ​នេះ ដោយសារ​តែ​វា​មាន​លក្ខណៈ​ងាយស្រួល​ស្ងប់ស្ងាត់ អាច​សម្រាក​បាន​ស្រួល​បន្ទាប់​ពី​ការងារ​ច្រៀង ឬ​សម្ដែង ។ ការ​ស្នាក់​នៅ​ក្នុង​ខុន​ដូ ធ្វើ​ឱ្យ​ខ្ញុំ​អាច​សម្រាក​បាន​ស្ងប់ ពីព្រោះ​នៅ​ខុន​ដូ​ស្ងប់ស្ងាត់ អាច​ហាត់​ច្រៀង និង​មាន​ទេសភាព​ល្អ ជា​ពិសេស សុវត្ថិភាព​ក្នុង​ការ​រស់នៅ ដោយ​មាន​សន្តិសុខ​២៤​ម៉ោង ។ ទោះបីជា​ខ្ញុំ​ចេញ​ទៅ​ថត​នៅ​ខេត្ត​ឆ្ងាយ​ៗ ក៏​ខ្ញុំ​នៅ​តែ​មាន​ទំនុកចិត្ត​ពី​សុវត្ថិភាព​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ដែរ ។ ម្យ៉ាងទៀត ពេល​ដែល​ខ្ញុំ​ចង់​ហាត់ប្រាណ គឺ​មាន​កន្លែង​ហាត់ប្រាណ​នៅ​ជិត​កន្លែង​ស្នាក់​នៅ​ស្រាប់ បើ​ចង់ទៅ​ផ្សារ​ដើរ​កម្សាន្ត ឬ​ទិញ​អីវ៉ាន់ ក៏​មាន​ស្រាប់ » ។

គួរ​បញ្ជាក់​ដែរ​ថា ក្រៅពី​សិល្បករ​ខ្មែរ​ល្បី​ៗ​ដែល​ចាប់អារម្មណ៍​ស្នាក់​នៅ​ក្នុង​ខុន​ដូ ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​ក៏​បាន​ផ្លាស់​ប្តូរ និង​ងាក​មក​ស្នាក់​នៅ​ក្នុង​ខុន​ដូ​ដែរ ដោយសារ​តែ​ខុន​ដូ​មួយ​ចំនួន​សាងសង់​ឡើង​នៅ​ជិត​កន្លែង​ការងារ ផ្សារ​ទំនើប កន្លែង​កម្សាន្ត និង​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​អ្នក​ស្នាក់​នៅ​ទីនោះ​។ ម្យ៉ាងទៀត ផ្ទះល្វែង និង​វីឡា​មួយ​ចំនួន​ដែល​សាងសង់​នៅ​តំបន់​ជាយក្រុង ដែល​ត្រូវ​ចំណាយ​ពេលវេលា និង​ថវិកា​ជា​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​មក​កាន់​កន្លែង​ការងារ ឬ​មក​កាន់​ទីក្រុង  ៕