ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​យុវ​ជន​ជក់ថ្នាំ​ញៀន​៧នាក់​និងតាមប្រមាញ់អ្នកលក់

15 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ​កម្លាំង​ការិយា​​ល័យ​​ប្រឆាំង​គ្រឿង​ញៀន​ នៃ​ស្នងការ​ដ្ឋាន​នគរបាលខេត្ត​ បាន​បង្ក្រាប​ក្មេង​ជក់​ថ្នាំញៀន១​ក្រុម​ ដែល​​មាន​គ្នា​ចំនួន​៧នាក់ ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​​មួយ​​ស្ថិត​នៅ​ភូមិ​ទី១ ​សង្កាត់វាលវង់ ​ក្រុងកំពង់​ចាម ​កាល​​ពី​វេលា​ម៉ោង៨ ​និង​៣០នាទី ​យប់ថ្ងៃ​ទី៧​ មីនា​ ២០១១ ។ ​ការ​​បង្ក្រាប​​​នេះ​​បាន​​រឹប​​អូស​​ថង់​ប្លា​សិ្ទក​ដាក់​ថ្នាំ​ញៀន​​ប្រភេទ​​ម្សៅ​ក្រាម ​ពណ៌​ស​ (មេតំហ្វេតាមីន)​ ចំនួន​២កញ្ចប់ ​ឧបករណ៍​​ជក់​ថ្នាំ​ញៀន​ចំនួន២ ​ព្រម​ទាំង​ទុយោ​មួយ​​ចំនួន​ទៀត ។

លោកវរសេនីយ៍ត្រីសោម រស់ ប្រធាន​ការិ​យាល័យប្រឆាំងគ្រឿងញៀនខេត្តបានប្រាប់ថា តាមកម្លាំងមូលដ្ឋានបានរាយការណ៍មកថាមានក្រុមក្មេងមួយចំនួនបាននាំគ្នាមកជក់​ថ្នាំ​ញៀននៅក្នុងបន្ទប់ផ្ទះជួលរបស់ឈ្មោះមាន គង់ ភេទប្រុសអាយុ៥៩ឆ្នាំ រស់នៅភូមិសង្កាត់​ខាងលើ បន្ទាប់មកបានចាត់ឱ្យកម្លាំង​ក្រោម​ឱវាទ​តាម​ឃ្លាំមើល ។ លោកវរសេនីយ៍ត្រីបាន​បន្តថា នៅ​វេលាល្ងាចថ្ងៃទី៧ មីនា បានឃើញ​ក្មេង១​ក្រុម​កំពុងតែនាំគ្នាផឹកស៊ីនៅក្នុង​បន្ទប់​មួយ​ដែល​មាន​គ្នាចំនួន៥នាក់រហូត​ដល់​វេលា​ម៉ោង៨ និង៣០​នាទីយប់ឃើញមនុស្សកើន​ដល់ទៅ៧នាក់ កំពុងតែធ្វើសកម្មភាពជក់​ថ្នាំ​ញៀន ។

សមត្ថ​កិច្ចនគរបាលបានចុះទៅ​ឡោម​ព័ទ្ធចាប់​បាន​ទាំង​អស់មិនមានអ្នកណាម្នាក់​រត់រួចនោះទេ រួម​មាន១-ឈ្មោះភី សុផុន ភេទ​ប្រុសអាយុ១៥ឆ្នាំ រស់នៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ២-ឈ្មោះ​វីវ៉ា ភេទប្រុស​ អាយុ២៧ឆ្នាំ រស់នៅភូមិ​ថ្នល់​បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ៣-ឈ្មោះហាន រ៉ា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅ​ភូមិស្ពាន ឃុំដា ស្រុកមេមត់ ៤-ឈ្មោះហួត គឹមហេន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ​ទួលវិហារ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ៥-ឈ្មោះ​ឈឿន បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិ​ទន្លេ​បិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ៦-ឈ្មោះស៊ុំ ណារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ រស់​នៅភូមិ​ទន្លេ​បិទដែរ ៧-ឈ្មោះឈិន ធារី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅភូមិទន្លេបិទ ឃុំ​ទន្លេ​បិទដូចគ្នា ។ ក្រោយ​​ការ​ចាប់​ខ្លួន​ ក៏បាន​នាំមក​កាន់ស្នង​ការ​ដ្ឋាននគរបាលខេត្តទាំង​យប់ ដើម្បី​ធ្វើការ​ស្រាវ​ជ្រាវរកប្រភព​ដែល​ក្រុម​យុវជន​ទាំងនេះបានទិញ តើទិញថ្នាំញៀនមកពី​ណា? ដើម្បីសុំគោល​ការណ៍ពី​លោកស្នងការ​នគរបាល​ខេត្តចេញ​ទៅ​បង្រ្កាបកន្លែងលក់នោះបន្តទៀត ។

លោកវរសេនីយ៍ត្រីសោម រស់ ប្រធាន​ការិ​យាល័យប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជាក់ថានៅក្នុងផែនការជាយុទ្ធសាស្រ្តឆ្នាំ២០១១នេះ​រូបលោកនឹងប្រមូលក្តាប់ឱ្យបាននូវបញ្ជីចំនួន​អ្នកជក់ថ្នាំញៀនទាំងអស់ ធ្វើយ៉ាងណាសំ​ដៅ ដើម្បី១-កាត់បន្ថយការផ្តត់ផ្គង់គ្រឿង​ញៀន ២-លុបបំបាត់ទីផ្សារគ្រឿងញៀន ។ កត្តា​ទាំង​នេះ​ធ្វើ​ឱ្យរួចផុតពីការប្រើប្រាស់​គ្រឿង​ញៀន​សម្រាប់​ទីផ្សារគ្រឿងញៀន និង​មិន​ដុតលុយ​ចោល ។ លោកវរសេនីយ៍ឯកជឹម សេងហុង ស្នងការ​រងនគរបាលខេត្តទទួលផែនកណ្តាលយុត្តិធម៌ ​មានប្រសាសន៍ឱ្យកោះសន្តិភាពដឹងដែរថា ក្រុម​យុវជនទាំង៧នាក់នេះមិនមែនជាអ្នកដែលមានទីលំនៅក្នុងក្រុងកំពង់ចាមនោះទេ សុទ្ធតែមក​ពីតាមបណ្តាស្រុកដូចជាមេមត់ ស្រុកចំការ​លើ​និងស្រុកត្បូងឃ្មុំ ។ មានអ្នកខ្លះបានមកជួលបន្ទប់​នៅភូមិទី១ សង្កាត់វាលវង់ស្នាក់នៅ ។ ក្រុម​យុវ​ជនទាំង៧នាក់នេះ ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕