ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ខកចិត្ត​រួច​លើក​ឡើង​ថា អំពៅ​ឆ្នាំ​នេះ តម្លៃ​ធ្លាក់​ចុះថោក​ទ្វេ​ដង

2 ឆ្នាំ មុន
  • កណ្តាល

ក្រោយ​ពី​ប្រមូល​ផល​ស្រូវ ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​នៅ​ក្នុង​ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បាន​ងាក​មក​បន្ត​ដាំ​ដំណាំ​អំពៅ​លើ​ផ្ទៃដី​ម្នាក់​ៗ​ចាប់ពី​១​ហិ​កតារ​ហូត​ដល់​៦​ហិ​កតា ដើម្បី​រក​ប្រាក់​ចំណូល​ជួយ

ខេត្តព្រៃវែង ៖ ក្រោយ​ពី​ប្រមូល​ផល​ស្រូវ ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​នៅ​ក្នុង​ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បាន​ងាក​មក​បន្ត​ដាំ​ដំណាំ​អំពៅ​លើ​ផ្ទៃដី​ម្នាក់​ៗ​ចាប់ពី​១​ហិ​កតារ​ហូត​ដល់​៦​ហិ​កតា ដើម្បី​រក​ប្រាក់​ចំណូល​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បន្ថែម​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​កសិករ​ខកចិត្ត​នោះ គឺ​នៅ​ក្នុងឆ្នាំនេះ អំពៅ​បាន​ផល​ល្អ​បង្គួរ តែ​តម្លៃ​វិញ គឺ​ធ្លាក់​ថោក​ទ្វេ​ដង ដោយ​១​ហិ​កតា​ឈ្មួញ​ចុះ​មក​ម៉ៅ​ដល់​ចំការ​បាន​តម្លៃ​ត្រឹមតែ​ជាង​១០​លាន​រៀល​ទៅ​២០​លាន​រៀល​ប៉ុណ្ណោះ​។

ខណៈ​ដែល​តម្លៃ​អំពៅ​ឆ្នាំ​មុន​ៗ មាន​ឈ្មួញ​ចុះ​មក​ម៉ៅ​ដល់​ចំការ​ដូច​គ្នា ក្នុង​១​ហិ​កតា​តម្លៃ​ចាប់ពី​ជាង​២០​លាន​រៀល​ទៅ​ជាង​៣០​លាន​រៀល​ឯណោះ ទៅ​តាម​អំពៅ​ល្អ ឫ​មិនល្អ​។ នេះ​បើ​យោង​តាម​កសិករ​អ្នក​ដាំ​អំពៅ​នៅ​ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ បាន​លើក​ឡើង​ប្រាប់​អ្នក​សារព័ត៌មាន​ប្រហាក់ប្រហែល​គ្នា កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២១​។

កសិករ​បញ្ជាក់​បន្ថែម​ថា ដំណាំ​អំពៅក្តាម​នេះ ប្រើ​រយៈពេល​ប្រហែល​១​ឆ្នាំ​ទើបបាន​ប្រមូល​ផល រីឯ​បទ​ពិសោធ​ដាំ​អំពៅ​នេះ ម្នាក់​ៗ​មិន​ក្រោម​៦-៧​ឆ្នាំទៅ​ជាង​១០​ឆ្នាំ​នោះ​ទេ ដែល​ខ្លះ​ជួល​ដី​គេ​ធ្វើ និង​ខ្លះ​ទៀត​ដាំ​លើ​ដី​ខ្លួនឯង​។ ហើយ​ចំពោះ​ការ​ប្រកប​មុខរបរ​ដាំ​អំពៅ​កន្លង​មកនេះ ក៏​វា​អាច​កាត់​បន្ថយ​ការ​ទៅ​ធ្វើ​ការងារ​ចំណាក់ស្រុក​នាំ​អោយ​បែកបាក់​ឃ្លាតឆ្ងាយ​ពី​ប្រពន្ធ​កូនចៅ និង​ជួយ​ផ្តល់​ប្រាក់​ចំណូល​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​ជីវភាព​គ្រួ​សារបាន​ធូរធា​មួយ​កម្រិត​ផង​ដែរ​។

កសិករ​បញ្ជាក់​ទៀត​ថា ស្រាប់តែ​ជំងឺ​កូ​វី​ដ​១៩ រីក​រាលដាល​នេះ ធ្វើ​អោយ​ហាងឆេង​អំពៅ​ធ្លាក់​ថ្លៃ​ទ្វេ​ដង រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ធ្វើ​កសិករ​ជួប​ការ​លំបាក​ក្នុង​ការ​ខាតបង់​ទាំង​ពេលវេលា និង​ថវិកា ហើយ​បើ​អ្នកខ្លះ​មាន​ដី​ខ្លួនឯង​នោះ​វា​ខាត​មធ្យម​ទេ តែបើ​ងំ​អ្នកខ្លះ​ជួល​ដី​គេ​ធ្វើ​វិញ ហើយ​យក​លុយ​ធនាគារឯកជន​មក​ធ្វើ​ជាដើម​ទន់​ទៀត​នោះ ប្រាកដជា​វ័ន​ករ​ជាក់​ជា​មិន​ខាន​ឡើយ​។

ដូច្នេះ​កសិករ​សូម​សំណូមពរ​អោយ​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល មេត្តា​ជួយ​រក​ទីផ្សារ​អោយ​អំពៅ​ពួក​គាត់​បាន​ថ្លៃ​បន្តិច និង​សូម​ជួយ​អោយ ប្រេង សាំង ជី ចុះថ្លៃ​ផង ព្រោះ​បច្ចុប្បន្ន អំពៅ​ធ្លាក់​ថ្លៃ រីឯ​ប្រេង សាំ និង​ជី នៅ​តែ​ថ្លៃ​ដដែល​។

លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង បាន​ប្រាប់​អោយ​ដឹង​តាម​ទូរស័ព្ទ​ថា កាលពី​ពេល​ឆ្នាំ​កន្លង​ទៅ ក្រោយ​ពី​ប្រមូល​ផល​ស្រូវ​រួច កសិករ​មួយ​ចំនួន​នៅ​ឃុំ​ជា​ខ្លា​ង បាន​ងាក​មក​ដាំ​អំពៅ​ដែល​ជា​ដំណាំ​មួយ​ងាយស្រួល​ថែ ហើយ​ប្រើ​ទឹក​តិច នៅ​លើ​ផ្ទៃដី​សរុប​ប្រមាណ​ជាង​៦០០​ហិ​កតា​។ តែ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ វាយលុក​ខ្លាំង​ធ្វើ​អោយ​ទីផ្សារ​អំពៅ​មានការ​ធ្លាក់​ចុះ កសិករ​ដាំ​អំពៅ​ក៏​មានការ​ថយ​ចុះ​នៅ​សល់​ផ្ទៃដី​សរុប​ត្រឹមតែ​ប្រមាណ​៥៩១​ហិ​កតា​ប៉ុណ្ណោះ​។ សម្រាប់​តម្លៃ​ក៏​មានការ​ថយ​ចុះ​ដែរ ដោយ​ក្នុង​១​ហិ​កតា​ជាង​១០​លាន​រៀល ទៅ​ជាង​២០​លាន​រៀល​។ ខណៈ​កាលពី​មិន​មាន​កូ​វី​ដ​១៩ អំពៅ​មាន​ហាងឆេង​១​ហិ​កតា បាន​តម្លៃ​ចាប់ពី​ជាង​២០​លាន​រៀល​ទៅ​ជាង​៣០​លាន​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ